នាថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅក្នុងបរិវេណសាលាបឋមសិក្សាត្រពាំងអង្គ។

មានវត្តមាននាឱកាសនោះ រួមមាន ឯកឧត្តម លោកជំទាវជាសមាជិករដ្ឋសភា, ទេសរដ្ឋមន្ត្រី, រដ្ឋលេខាធិការ, ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា, ក្រុមការងារចុះជួយស្រុក និងឃុំ, វេជ្ជបណ្ឌិត លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ, និងក្រុមការងារសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) រួមទាំងប្រជាពលរដ្ឋប្រមាណ ២ ០០០នាក់។

នាឱកាសនោះឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញនូវសេចក្តីសប្បាយរីករាយ ដែលបានមកចូលរួមជាមួយលោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្រុមសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) ទាំងអស់ ក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅឃុំភារីមានជ័យ ស្រុកបសេដ្ឋ នាពេលនេះ។

ឯកឧត្តមបានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមការងារ សម្ព័ន្ធគ្រូពេទ្យសហភាព សហព័ន្ធយុវជនកម្ពុជាទាំងអស់ ដែលបានលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត ស្មារតី និងថវិកា ដើម្បីចុះមកធ្វើការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនីទាំងអស់ក្នុងថ្ងៃនេះ។ ឯកឧត្តមក៏បានអំពាវដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ឱ្យបន្តយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន ជាពិសេសជំងឺកូវីដ-១៩ ដែលបន្តមានវត្តមាន ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយឯកឧត្តមបានផ្សាភ្ជាប់អំពីសារៈសំខាន់ នៃកាចាក់វ៉ាក់សាំងផងដែរ។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការទុកចិត្ត តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានធ្វើជាតំណាងរាស្ត្រ ដើម្បីបម្រើបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ។ឯកឧត្តម បានលើកឡើងថា ចាប់តាំងពីបានទទួលការទុកចិត្តពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតឱ្យបានធ្វើជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ជិត១០ឆ្នាំ (២អាណត្តិ) កន្លងមក ឯកឧត្តម និងក្រុមការងារបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ធ្វើការអភិវឌ្ឍ ជួសជុល និងកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗដែលចូលរួមជាប្រយោជន៍ ដល់អ្នកខេត្តកំពង់ស្ពឺផងដែរ។

ជាមួយគ្នានេះឯកឧត្តម ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត សូមត្រៀមខ្លួនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងបោះជូនគណបក្សដែលខ្លួនស្រឡាញ់ ពេញចិត្ត ជាពិសេសគណបក្សដែលដឹងពីសុខទុក្ខ និងតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋយើងគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ទោះក្នុងដំណាក់កាលលំបាកយ៉ាងណាក៏ដោយ។

ឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានរំលេចថា ជាធម្មតារាល់ការខិតខំប្រឹងប្រែងនាពេលកន្លងមក និងនាពេលបច្ចុប្បន្នរបស់គណបក្សប្រជាជនកម្ពុជា តែងតែនៅមានចំណុចខ្វះខាត ប៉ុន្តែគណបក្សប្រជាជនកម្ពុជា តែងតែនៅជិតនិងដឹងពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេល និងនៅបន្តខិតខំដើម្បីប្រជាជនខ្មែរ និងអនាគតកូនចៅខ្មែរ ទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត ៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.