គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គ រហៅកាត់ថា (អាយ ស៊ី ស៊ី-អង្គរ) កំពុងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៧របស់ខ្លួន នៅព្រឹកថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ដើម្បីពិនិត្យមើល និងផ្ដល់អនុសាសន៍ ទៅលើកិច្ចការទាំងឡាយ ពាក់ព័ន្ធទៅលើការអភិរក្ស ថែរក្សាបេតិកភណ្ឌ និងរមណីយដ្ឋានជាច្រើនកន្លែង នៅក្នុងតំបន់អង្គរ។

កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណៈកម្មាធិការ អាយ ស៊ី ស៊ី-អង្គរនេះ បានដំណើរការក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា ដែលកិច្ចប្រជុំនេះនឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ ខែមិថុនា ដោយមានលោក Pierre VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជា និង លោក Ichitomo TANINAI អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ជាសហប្រធាន។

កិច្ចប្រជុំនេះ នឹងពិនិត្យមើលលើចំណុចជាច្រើន ដូចជា តាមដានឡើងវិញ លើអនុសាសន៍ ដែលបានអនុម័ត នៅក្នុងសម័យប្រជុំបច្ចេកទេសទី៣៦ និងកិច្ចប្រជុំពេញអង្គទី២៩ កាលពីខែធ្នូ ឆ្នាំ ២០២២កន្លងទៅ និង របាយការណ៍សកម្មភាព ក្រុមបច្ចេកទេសជាច្រើន ដូចជាការជួសជុល និងការអភិរក្ស ក្រុមការងារពាក់ព័ន្ធត្រូវបានស្នើសុំ ដើម្បីធ្វើរបាយការណ៍ ស្តីពីការអនុវត្តអនុសាសន៍ (ដែលភ្ជាប់ជាមួយរបៀបវារៈនេះ សម្រាប់ជាឯសារយោង) និងដើម្បីសង្ខេបផែនការ ការងារសម្រាប់រយៈពេលប្រាំមួយខែបន្ទាប់ ។

ជាមួយគ្នានេះដែរក៏មានការតាមដាន លើអនុសាសន៍ នៃការជួសជុលប្រាសាទបុរាណជាច្រើន ដូចជា ប្រាសាទទ្រម៉ូង, ការជួសជុលពិដានរបស់ប្រាសាទអង្គរវត្ត នៅថែវកូរសមុទ្រទឹកដោះ, ការជួសជុលប៉មភាគនិរតី នៃរោងទងទី៣, ការជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត, ការជួសជុលរោងទងទី៣ នៅភាគនិរតី, ការជួសជុលពិដាននៅស្លាបរោងទងភាគអាគ្នេយ៍, ការជួសជុលបណ្ណាល័យខាងត្បូង និងផ្លូវចូលរោងទងទី២, និងការជួសជុលបង្កាន់ដៃនៅរោងទងទី២។

បន្ថែមលើនេះដែរគណៈកម្មាធិការ អាយ ស៊ី ស៊ីអង្គរ ក៏បានតាមដានអនុសាសន៍ ព្រមទាំងពិនិត្យមើលបរិក្ខារធារាសាស្ត្រ និងការបំពេញទឹកបារាយណ៍លលៃ, និងបារាយណ៍ខាងកើត, ការជួសជុលប្រាសាទបន្ទាយធំ, ការជួសជុលខ្លោងទ្វារតាកាវរបស់ក្រុងអង្គរធំ, ការជួសជុលប្រាសាទព្រះគោ, ការជួសជុលប្រាសាទបាយ័ន, ការជួសជុលប្រាសាទចៅសាយទេវតា, ការតាមដានលើអនុសាសន៍ជួសជុលប្រាសាទបន្ទាយសំរ៉ែ និងការបណ្តុះបណ្តាល, ការងារជួសជុលអតីតព្រះបរមរាជវាំងអង្គរធំ ប្រាសាទបន្ទាយប្រី, ព្រមទាំងតាមដានលើអនុសាសន៍ នៃការអនុវត្តន៍លើសំណង់ខុសច្បាប់នៅរមណីយដ្ឋានអង្គរជាដើម ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.