រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក ហ្ស៊ុលគីហ្លី ហាស់សាន់ (Zulkifli Hasan) និងរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិម៉ាឡេស៊ី លោក តេងគូ ហ្សាហ្រ្វ៊ុល អាហ្ស៊ីហ្ស (Tengku Zafrul Aziz) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងឥណ្ឌូណេស៊ី-ម៉ាឡេស៊ី (BTA) នៅទីក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៨ ខែមិថុនា។

រដ្ឋាភិបាលនៃប្រទេសទាំងពីរបានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ដែលត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់ពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែនរបស់ប្រទេសទាំងពីរនៅតំបន់អាស៊ីអាគ្នេយ៍នេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ លោករដ្ឋមន្ត្រី ហាស់សាន់ បានសង្កត់ធ្ងន់ថា ពលរដ្ឋឥណ្ឌូណេស៊ីដែលរស់នៅតាមព្រំដែនរវាងឥណ្ឌូណេស៊ី-ម៉ាឡេស៊ី គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីប្រទេសបាន។ លោកបានកត់សម្គាល់ថា ការធ្វើបច្ចុប្បន្នភាពនៃ BTA ដែលត្រូវបានគេសង្ឃឹមថានឹងជួយបំពេញតម្រូវការរបស់ពលរដ្ឋឥណ្ឌូណេស៊ីដែលរស់នៅតាមព្រំដែន។

ចាប់តាំងពីត្រូវបានអនុវត្តចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៧០ មក នេះជាលើកដំបូងហើយដែលកិច្ចព្រមព្រៀង BTA ត្រូវបានធ្វើបច្ចុប្បន្នភាពបន្ទាប់ពីបានគិតគូរពីកាលៈទេសៈ និងលក្ខខណ្ឌចុងក្រោយ រួមទាំងការបំពេញតម្រូវការរបស់ប្រជាជន បទបញ្ជាយន្តការ និងការកែលម្អការត្រួតពិនិត្យ។

បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា ប្រទេសទាំងពីរនឹងបន្តដំណើរការផ្តល់សច្ចាប័នស្របតាមបទប្បញ្ញត្តិដែលបានអនុវត្តនៅក្នុងប្រទេសនីមួយៗ មុនពេលកិច្ចព្រមព្រៀង BTA ត្រូវបានអនុវត្ត និងអាចជួយសម្រួលដល់ប្រជាជននៅតាមតំបន់ព្រំដែន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.