ប្រមុខរាជរដ្ឋាភិបាលភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចបានទទួលការឆ្លើយតបពីភាគីថៃហើយ គឺមិនមាននយោបាយបណ្តេញពលករខ្មែរចេញពីប្រទេសនោះទេ ហើយនឹងបន្តយកចិត្តទុកដាក់ថែមទៀតផង។

ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងបញ្ជាក់ដូច្នេះថា៖ «ខ្ញុំក៏សូមអបអរសាទរជាមួយនឹងព័ត៌មាន ដែលទទួលបានពីព្រះរាជាណាចក្រថៃ ដែលមុននេះខ្ញុំបានបង្ហាញពីកង្វល់ ស្ដីអំពីបក្សឆ្ពោះទៅមុខនេះ ដែលមានបំណង ដែលឮចេញជាពាក្យមកថា នឹងបណ្ដេញកម្មករឡាវ និងកម្មករកម្ពុជា ចេញពីប្រទេសថៃ។ ប៉ុន្តែម្សិលម្ង៉ៃគឺមានការនិយាយ តែម្សិលមិញមានការបញ្ជាក់យ៉ាងជាក់លាក់ថា គឺអត់មានទេ គេនឹងសម្រួលឱ្យថែមទៀតផង។ បើដូច្នេះគឺយើងលែងកង្វល់ជាមួយនឹងការចាកចេញរបស់កម្មករ កម្មការិនីរបស់យើង ដែលកំពុងធ្វើការក្នុងប្រទេសថៃៗ»។ ការលើកឡើងបញ្ជាក់បែនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីគណបក្សចលនាឆ្ពោះទៅមុខរបស់ថៃ ដែលទទួលបានសំឡេងច្រើនក្នុងដំណើរការបោះឆ្នោតថ្មីៗនេះ បានបដិសេធទាំងស្រុង ចំពោះសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសដែលថា ខ្លួនមានគោលនយោបាយបណ្តេញពលករចំណាកស្រុកចេញពីប្រទេសថៃ ហើយបក្សក៏មិនដែលពិភាក្សាអំពីការធ្វើបែបនេះដែរ។

ជុំវិញករណីនេះ សម្ដេចតេជោបានមានប្រសាសន៍លើកឡើងដែរថា សម្ដេចត្រូវតែឈឺឆ្អាលចំពោះព័ត៌មានទាក់ទងនឹងការបណ្ដេញចេញ ឬបញ្ឈប់ការងារ ឬក៏បាត់បង់អត្ថប្រយោជន៍ពលកររបស់កម្ពុជា ដែលធ្វើការងារនៅក្រៅប្រទេស។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការបញ្ជាក់របស់ភាគីថៃថា ពុំមានបំណងបណ្ដេញពលករកម្ពុជា ចេញពីប្រទេសរបស់ខ្លួន ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការលើវិស័យទាក់ទិននឹងកម្មករអន្តោប្រវេសន៍ ដែលវាជាកិច្ចព្រមព្រៀងក្របខណ្ឌសម្រុះសម្រួល នៅក្នុងក្របខណ្ឌអាស៊ាន គឺត្រូវបានទទួលការការពារ និងដោះស្រាយ។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោធ្លាប់បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី នៅស្រុកសាមគ្គីមាន ជ័យ ខេត្តកំពង់ឆ្នាំងនេះចំនួន ២ដង រួចមក ហើយកាលពីឆ្នាំ២០១៨។ សម្រាប់ជំនួបនៅថ្ងៃនេះ គឺជាជំនួបលើកទី៣ ហើយដែលមានកម្មករ កម្មការិនីចូលរួមសរុបចំនួន ១៨ ០៩៥ នាក់ មកពីរោងចក្រ សហគ្រាសចំនួន៥ ដែលកំពុងដំណើរការអាជីវកម្មក្នុង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ឯកឧត្ដមបានបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាស តាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។

នៅឆ្នាំ២០២៣ ខេត្តកំពង់ឆ្នាំង មានរោងចក្រ សហគ្រាសចំនួន១៧៣ មានកម្មករ និយោជិតជាង ៥ម៉ឺន នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន ២០ មានកម្មករ និយោជិត សរុបជាង ៤ម៉ឺន ៧ពាន់នាក់ និងជាខេត្តទី៨ ដែលមានការអភិវឌ្ឍ រោងចក្រ សហគ្រាសច្រើន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.