នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន គណៈកម្មការ ទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធផ្លូវចំនួន៥ ខ្សែ ដាក់ឱ្យប្រើប្រាស់ នៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណ ៧៦៥ នាក់ផងដែរ។

លោកជំទាវ ឡុង បូណារ៉េត អភិបាលរងខេត្តនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានធ្វើ របាយការណ៍ស្វាគមន៍ និងបង្ហាញពីសមិទ្ធផលដែលសម្រេចបានក្នុងឃុំត្រពាំងគង ក៏ដូចជា ថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងស្ថាបនាផ្លូវតភ្ជាប់ផ្លូវក្នុងភូមិ ដែលបានផ្ដល់ ភាពងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បាន ថ្លែងអំណរគុណចំពោះ អាជ្ញាធរមូលដ្ឋាន ដែលតែងតែយកចិត្តទុកដាក់ចំពោះបញ្ហា និងសិក្សាស្វែងរកដំណោះ ស្រាយក្នុងមូលដ្ឋាន ដើម្បីធានាឱ្យបាននូវសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋក្នុងឃុំត្រពាំងគង ដែលទទួលបាន សមិទ្ធផលនាពេលនេះ។ ផ្សាភ្ជាប់ ជាមួយពិធីសម្ពោធនាព្រឹកនេះ ឯកឧត្តមបានរំលេច ពីការចូលរួមគាំទ្រក្នុងព្រឹត្តិការណ៍ អាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ ដោយបានលើកឡើង ថា «ពេលគាត់ឈ្នះយើងនៅជាមួយគាត់ តែពេលគាត់ចាញ់យើងចាំបាច់ត្រូវតែនៅ ជាមួយគាត់»។

ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការដែលនៅជាមួយពួកគាត់ ជាមួយនឹង ការគាំទ្រគឺជាកម្លាំងចិត្តដ៏ធំធេងបំផុតរបស់អត្តពលិកពិការ ដែលចូលរួមប្រកួត បើទោះបីពួក គាត់ពិការប៉ុន្តែស្មារតី និងឆន្ទៈក្នុងវិស័យកីឡាពួកគាត់មានខ្ពស់បំផុតចំពោះការប្រកួត តំណាងជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់រាជរដ្ឋាភិបាល ដែលបានស្ថាបនាសមិទ្ធផលថ្មីៗជាច្រើន សំដៅលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ។ ឯកឧត្តម សូមអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមជួយគាំទ្រ និងយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងជួយថែរក្សាការពារសមិទ្ធផល ដែលបានកសាងឡើងនាពេលនេះ ជាគុណប្រយោជន៍ ដល់សាធារណៈ ពីព្រោះផ្លូវគឺជាសសៃឈាម សម្រាប់ធ្វើចរាចរណ៍ទៅមក ដូចដែលពាក្យ ចាស់លោកពោលថា «មានផ្លូវ គឺមានសង្ឃឹម»។

សូមបញ្ជាក់ថា ផ្លូវទាំង៥ខ្សែ ដែលបានដាក់សម្ពោធ គឺបានបម្រើដល់ការធ្វើចរាចរណ៍ និងផ្សាភ្ជាប់ភូមិចំនួន១២គឺ ភូមិរំដួល ភូមិស្រែអំបិល ភូមិបាក់ចិញ្ចៀន ភូមិត្រគៀត ភូមិថ្មបាំង ភូមិបាញ់កង្កែប ភូមិព្រៃផ្ដៅ ភូមិត្រពាំងខ្យង ភូមិព្រៃសូភា ភូមិលំពែងព្រះរាម ភូមិថ្កូវ និងភូមិសុបិន្ត នៃឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕

ប្រភព​៖ ក្រសួងព័ត៌មាន

Share.

Comments are closed.