កម្ពុជា រក្សាជំហរលើការចូលរួមរបស់ភាគីពាក់ព័ន្ធដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងជំរុញដល់ការអភិវឌ្ឍសង្គមជាតិ។ ក្នុងឱកាសដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអនុញ្ញាត្ដិឱ្យចូលជួបពិភាក្សាការងារ ជាមួយឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង និងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាពកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ដោយឯកឧត្តមអគ្គរដ្ឋទូតបារាំង និងឯកឧត្តមឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ ក៏បានលើកឡើងនូវកិច្ចការសំខាន់ៗចំនួន៣ ដើម្បីជជែកពិភាក្សាជាមួយសម្ដេចក្រឡាហោម ផងដែរ ដែលកិច្ចការទីមួយ ពាក់ព័ន្ធទៅនឹងដំណើរការក៏ដូចជាការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជាតិនាពេលឆាប់ៗខាងមុខនេះ កិច្ចការទីពីរ គឺពាក់ព័ន្ធទៅនឹងការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល ក្នុងនោះក៏មានអង្គការសង្គមស៊ីវិលរបស់បារាំង និងអាល្លឺម៉ង់ ក្នុងដំណើរការអភិវឌ្ឍសង្គមកម្ពុជា និងទីបី ពាក់ព័ន្ធទៅនឹងដំណើរការកសាងក្របខ័ណ្ឌគតិយុត្ត ស្ដីពី កិច្ចសហប្រតិបត្តិការ លើវិស័យអនុវត្តច្បាប់។ ពាក់ព័ន្ធទៅនឹងកិច្ចការទីមួយ គឺអំពីដំណើរការនៃការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត សម្ដេចក្រឡាហោម ស ខេង ថ្លែងថា មកដល់ពេលនេះមានគណបក្សនយោបាយចំនួន១៨ បានត្រៀមចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ សម្ដេចក្រឡាហោម មានប្រសាសន៍ថា ឆ្លងតាមបទពិសោធការបោះឆ្នោតបន្តបន្ទាប់ដែលកម្ពុជាបានអនុវត្ត ឃើញថាការងារថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ទាំងការថែរក្សាបាននូវបរិយាកាស សន្តិសុខ និងគ្មានអំពើហិង្សា។ សម្តេច ក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះ បរិយាកាសសន្តិសុខ បម្រើដល់ការបោះឆ្នោតនាពេលខាងមុខក៏ដូចជាការបោះឆ្នោតបន្តបន្ទាប់នាពេលអនាគតផងដែរ។ ចំពោះកិច្ចការទីពីរ ពាក់ព័ន្ធទៅនឹងការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា រាប់ទាំងអង្គការសង្គមស៊ីវិល គាំទ្រដោយសាធារណរដ្ឋបារាំង ក៏ដូចជាអាល្លឺម៉ង់នោះ សម្ដេចបានបញ្ជាក់ថា ច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាលនៅជាធរមានរបស់កម្ពុជា ជាច្បាប់មួយដែលត្រូវបានរៀបចំតាក់តែងឡើងដោយផ្អែកទៅលើច្បាប់ស្ដីពីអង្គការសង្គមស៊ីវិលដែលត្រូវបានសិក្សាស្រាវជ្រាវពីតាមបណ្តាប្រទេសប្រជាធិបតេយ្យមួយចំនួននៅលើសកលលោក ក្នុងនោះរួមទាំងប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុបផងដែរ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ទោះបីជាច្បាប់នេះទទួលការអនុម័ត និងនៅជាធរមាន ប៉ុន្តែរាជរដ្ឋាភិបាលបើកចំហទៅលើការចូលរួមរបស់អង្គការសង្គមស៊ីវិលនៅក្នុងការពិនិត្យធ្វើវិសោធនកម្ម ដោយមកដល់ពេលនេះភាគីរាជរដ្ឋាភិបាលក៏ដូចជាភាគីអង្គការសង្គមស៊ីវិលបានជួបពិភាក្សាគ្នាជាបន្តបន្ទាប់ទៅលើកិច្ចការនេះ។ សម្ដេចក្រឡាហោម ក៏បានលើកទឹកចិត្ត និងជំរុញឲ្យភាគីទាំងពីរបន្ដជជែកពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយ ដូចជាខ្លឹមសារសមស្របដែលបម្រើដល់ផលប្រយោជន៍ទៅវិញទៅមកក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ។ ដោយឡែកសម្រាប់ប្រធានបទ ពាក់ព័ន្ធនឹងការកសាងក្របខ័ណ្ឌគតិយុត្ត ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាងកម្ពុជា និងបារាំង សម្ដេចក្រឡាហោម បានបន្ថែមថា រហូតមកដល់ពេលនេះ ក្រុមការងារនៃភាគីទាំងពីរកម្ពុជា-បារាំងក៏បានពិភាក្សាគ្នាយ៉ាងសកម្ម និងយកចិត្តទុកដាក់អំពីខ្លឹមសារនៃក្របខ័ណ្ឌគតិយុត្តនេះ។ សម្ដេចក្រឡាហោម ក៏បានបង្ហាញសេចក្ដីសង្ឃឹម និងជឿជាក់ថាក្របខ័ណ្ឌគតិយុត្តនេះនឹងឈានដល់ការពិភាក្សាបញ្ចប់នាពេលឆាប់ៗ ផ្តល់លទ្ធភាពឲ្យមានការចុះហត្ថលេខាជាផ្លូវការ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជានិងបារាំងក៏ដូចជាបម្រើដល់ការការពារផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.