នៅថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នា២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិហារឥស្លាម និងសមិទ្ធផលនានា ស្ថិតនៅក្នុងភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនខ្មែរ-ឥស្លាមជាច្រើននាក់ផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានលើកឡើងអំពីសមិទ្ធផលនានា ដែលនេះឱ្យឃើញពីការរីកចម្រើនក្នុងវិស័យឥស្លាមសាសនា ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៏សំខាន់នោះគឺប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ មានភាពសុខុដុម នៃសាសនា។សាសនាឥស្លាមបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងនូវសន្តិភាពផ្លូវចិត្តរបស់បុគ្គល និងសន្តិសុខសង្គម ព្រមទាំងគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រដ្ឋបាលខេត្តបានពង្រឹងជាប្រចាំ នូវការទប់ស្កាត់បទល្មើសនានាក្នុងមូលដ្ឋាន។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្ដែងការកោតសរសើរចំពោះក្រសួងធម្មការ និងសាសនា អាជ្ញាធរខេត្ត ស្រុក ដែលបានសហការរៀបចំពិធីនេះ រួមជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ព្រមទាំងសប្បុរសជនសាសនិកឥស្លាម ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ចំពោះបងប្អូនសាសនិកឥស្លាម។

ឯកឧត្តមមានប្រសាសន៍ថា​ រាជរដ្ឋាភិបាលកម្ពុជាតែងតែបង្កលក្ខណៈ និងផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងដល់បងប្អូនសាសនិកខ្មែរ-ឥស្លាម ក្នុងការប្រតិបត្តិជំនឿសាសនា និងប្រារព្ធពិធីផ្សេងៗដែលជាការបង្ហាញអំពី ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសាសនិកខ្មែរ-ឥស្លាម ស្របតាមគោលនយោបាយសុខដុមនីយកម្មសាសនា ។

ការរក្សាបាននូវប្រពៃណីសាសនានេះ គឺជាការបង្ហាញនូវភាពសម្បូរបែប នៃប្រពៃណីគ្រប់ជាតិសាសន៍របស់ប្រទេសកម្ពុជា និងជាភស្តុតាងបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រទេសមានសេរីភាពយ៉ាងពេញលេញ ខាងជំនឿសាសនា និងមានសុខដុមនីយកម្មនៃជនជាតិ។

ឯកឧត្តមបន្តទៀតថា ចំពោះទស្សនាទានរក្សាសន្តិភាព ជូនប្រទេសជាតិ ដែលត្រូវបានបំផុសក្នុងចំណោមឥស្លាមសាសនិកនៅកម្ពុជា ដូចជា សាសនាឥស្លាមនិងសុវត្ថភាពភូមិឃុំ សង្កាត់, យុវជននិងសង្គមនាំគ្នាកសាងអំពើល្អទប់ស្កាត់អំពើអាក្រក់, ឥស្លាមជាសាសនាសន្តិភាពនិងភាពសុខដុម, ឥស្លាមនិងការអប់រំ, ឥស្លាមនិងនារី, ឥស្លាមនិងសីលធម៌, និងឥស្លាមនិងសេដ្ឋកិច្ច ជាដើម។

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកត់សម្គាល់ថា​ ប្រធានបទសន្តិភាពទាំងនេះ សមស្របនឹងបច្ចុប្បន្នភាពនៃប្រទេសកម្ពុជា និងជាសារនយោបាយមួយ ដែលត្រូវបានអនុវត្តយ៉ាងសស្រាក់សស្រាំ និងផុលផុសតាមមជ្ឈដ្ឋានគ្រប់ទិសទី ដើម្បីជាការចូលរួមរក្សាគុណតម្លៃជាតិ ពង្រឹងនិងពង្រីកសីលធម៌ និងកសាងមោទកភាពជាតិ។ លើកម្ពស់កិត្យានុភាពសាសនា និងរក្សាបាននូវសុខសន្តិភាព ធ្វើឱ្យសហគមន៍ជឿនលឿន ដែលជាផ្នែកមួយនៃអំណោយផល ដល់ការប្រែក្លាយប្រទេសជាតិ ទៅកាន់វឌ្ឍនភាព ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.