ប្រទេសឥណ្ឌូណេស៊ី និងកូរ៉េខាងត្បូង បានសហការគ្នាបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការលើបច្ចេកវិទ្យាសមុទ្រដើម្បីស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាគ្រប់គ្រងកាកសំណល់ដែលមិនប៉ះពាល់ដល់បរិស្ថាន។ លោក វីកតូ ហ្គូស្តាអាហ្វ ម៉ាណូបប៉ូ (Victor Gustaaf Manoppo) អគ្គនាយកនៃការគ្រប់គ្រងលំហសមុទ្រនៃក្រសួងកិច្ចការសមុទ្រ និងនេសាទរបស់ឥណ្ឌូណេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីថ្ងៃទី៥ ខែមិថុនាថា នេះ គឺជាការយកចិត្តទុកដាក់មួយនៃកិច្ចសហប្រតិបត្តិការដែលប្រទេសឥណ្ឌូណេស៊ីនឹងអនុវត្តជាមួយកូរ៉េខាងត្បូង។

ភាគីទាំងពីរនឹងបង្កើតមជ្ឈមណ្ឌលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាសមុទ្រដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលប្រគល់ឱ្យនាយកដ្ឋានគ្រប់គ្រងលំហសមុទ្រ និងសាកលវិទ្យាល័យជាតិភូសានរបស់កូរ៉េខាងត្បូងដើម្បីអនុវត្ត។

លោកបាននិយាយថា ការកាត់បន្ថយកាកសំណល់សមុទ្រ និងផ្លាស្ទិក គឺពាក់ព័ន្ធទៅនឹងគោលនយោបាយសេដ្ឋកិច្ចខៀវរបស់ក្រសួង រួមទាំងការសម្អាតមហាសមុទ្រតាមរយៈការចូលរួមពីអ្នកនេសាទ។

កិច្ចសហការនេះ គឺជាជំហានដំបូងឆ្ពោះទៅរកការបង្កើតមហាសមុទ្រដែលមានសុខភាពល្អតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដែលអាចកាត់បន្ថយកាកសំណល់សមុទ្រ និងប្លាស្ទិក។ លោកបាននិយាយបន្ថែមថា កិច្ចខិតខំប្រឹងប្រែងនេះនឹងរួមចំណែកដល់ការអភិរក្សបរិស្ថានសមុទ្រ ការប្រើប្រាស់ធនធានសមុទ្រប្រកបដោយចីរភាព និងការសម្រេចបាននូវគោលដៅជាតិដើម្បីគ្រប់គ្រងបរិមាណសំណល់ប្លាស្ទិក។

ទន្ទឹមនឹងនោះដែរ ប្រធានសាកលវិទ្យាល័យភូសាន លោក ជឹង អ៊ីនចា (Jeong In Cha) បាននិយាយថា ប្រទេសទាំងពីរនឹងរក្សាភាពជាដៃគូដែលនឹងរួមចំណែកដល់សហគមន៍អន្តរជាតិ ដូចជាការដោះស្រាយបញ្ហាកម្ទេចកម្ទីសមុទ្រតាមរយៈកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ភាគីទាំងពីរនឹងរៀបចំការផ្លាស់ប្តូររវាងនិស្សិត និងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍគោលនយោបាយសមុទ្រ និងបរិស្ថាន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.