ប្រទេសឥណ្ឌូណេស៊ីកំពុងបន្តក្តោបក្តាប់ដំណែងចំណាត់ថ្នាក់លេខ១ បណ្តោះអាសន្ន លើ​កំពូល​តារាងមេដាយ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ខណៈម្ចាស់ផ្ទះកម្ពុជា​ទទួល​បាន​មេដាយសរុប១២គ្រឿង គិតត្រឹមម៉ោង១១ និង៣៥នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

ចំណាត់លេខ១ ដែលដណ្តើមបានដោយក្រុមឥណ្ឌូណេស៊ី រួមមាន មេដាយសរុប​៩២គ្រឿង ក្នុងនោះមេដាយមាស ៣៥គ្រឿង, ប្រាក់ ៣០គ្រឿង និងសំរឹទ្ធ ២៧គ្រឿង, ចំណាត់ថ្នាក់លេខ២ វៀតណាម មេដាយសរុប ៦៧គ្រឿង ក្នុងនោះមេដាយមាស ២៤, ប្រាក់ ២០ និងសំរឹទ្ធ ២៣គ្រឿង។ ចំណាត់ថ្នាក់លេខ៣ ថៃ មេដាយសរុប ៥៩គ្រឿង ក្នុងនោះមេដាយមាស ១៩, ប្រាក់ ២៥ និងសំរឹទ្ធ ១៥។

ចំពោះចំណាត់ថ្នាក់បណ្តោះអាសន្នពីលេខ៤ដល់លេខ៧ រួមមាន ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងមីយ៉ាន់ម៉ា ខណៈម្ចាស់ផ្ទះកម្ពុជា ឈរនៅលេខ៨បណ្តោះអាសន្ន ដោយទទួលបានមេដាយសរុបចំនួន១២គ្រឿង ក្នុងនោះមេដាយមាស ២ ប្រាក់ ៥ និងសំរឹទ្ធ៥គ្រឿង។

មេដាយមាស២គ្រឿងរបស់ម្ចាស់ផ្ទះកម្ពុជា ដណ្តើមបានលើប្រភេទកីឡាបាល់បោះ​ជិះ​រទេះនារី លើវិញ្ញាសា ៣នាក់ទល់៣នាក់ និងដណ្តើមបានលើប្រភេទកីឡាអត្តពលកម្ម ដោយកីឡាការិនី វ៉ិត ចន្ថា លើវិញ្ញាសាលោតចម្ងាយ កម្រិតពិការ T64។

ចំណែកឯ៣ប្រទេសដែលឈរពីក្រោមម្ចាស់ផ្ទះកម្ពុជា រួមមាន ទីម័រខាងកើត មេដាយ​មាស១ និងសំរឹទ្ធ, ឡាវ ប្រាក់១ និងសំរឹទ្ធ៤ និងប្រ៊ុយណេ ទើបនឹងទទួលបាន​មេដាយសំរឹទ្ធ១គ្រឿងប៉ុណ្ណោះ។

គួរបញ្ជាក់ថា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ដំណើរការជាផ្លូវការពីថ្ងៃ​ទី០៣ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះនេះ គឺមាន១៣​ប្រភេទកីឡា បូកនឹងកីឡាសម្តែង១ គឺកីឡាអេឡិចត្រូនិក ស្មើនឹង ៤៣៤វិញ្ញាសា។ ពេល​នេះ មេដាយមាស ចំនួន១១៧ ស្មើនឹង ១១៧វិញ្ញាសាត្រូវបានបំពាក់ជូនដល់អត្ត​ពលិក​ពិការ​រួចរាល់ជាផ្លូវការ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.