នៅព្រឹកថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា  អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់​ការ​សិក្សា ពី សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ។

   ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់​រំ យុវជន និងកីឡា បានបង្ហាញក្នុងរបាយការណ៍ឱ្យដឹងថា និស្សិតជ័យលាភី ដែលត្រូវទទួល​សញ្ញា​បត្រ​​នាពេលនេះ មានចំនួនសរុប ៥,៦១០ នាក់ (នារី ២.៩៥២នាក់ ត្រូវជា ៥២.៦ ភាគរយ)។ ក្នុង​នោះ និស្សិតថ្នាក់បរិញ្ញា បត្រ៥,៤២៣នាក់(នារី ២,៨៨០នាក់) និងនិស្សិត​​ថ្នាក់​បរិញ្ញា​បត្រជាន់ខ្ពស់ ១៨៧ នាក់ (នារី ៧២នាក់)។

    ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ក្នុង ចំណោម​និស្សិត​​ជ័យលាភី ដែលទទួលសញ្ញាបត្រនេះ មាននិស្សិតប្រមាណ ៩៦.០៦ភាគរយ មានការងារធ្វើ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមាន ៩៦ភាគរយ និង​និស្សិត​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន ៩៧.៨៦ភាគរយ។

    ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាគោលនយោបាយដ៏អាទិភាពនៅក្នុងការដឹក​នាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ គិតចាប់ពីឆ្នាំ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខា កាម និងនិស្សិតដែលបានបញ្ចប់ការ​សិក្សា​ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច ជាស្ថាពរសរុប ៦៦, ៨០៦នាក់ (នារី ២៦, ៤៤៩នាក់ ត្រូវជា ៣៩.៥ភាគរយ) ក្នុងនោះនិស្សិតបរទេសមានចំនួន ២២៦នាក់ (នារី ៩៦ នាក់ ត្រូវ ជា ៤២.៤ភាគរយ)។

  និស្សិតជ័យលាភីទាំងនោះ កំពុងបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ វិស័យឯក ជន អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ និងខ្លះទៀតកំពុងប្រកបអាជីវកម្មផ្ទាល់​ខ្លួន ប្រកបដោយសមត្ថភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស។

   បច្ចុប្បន្ននេះ សាកលវិទ្យា​ល័យមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង មន្រ្តី  បុគ្គ លិក សាស្រ្តាចារ្យ ក្របខណ្ឌ និងជាប់កិច្ច សន្យាជាតិ-អន្តរជាតិសរុប ៧៤៦នាក់ (នារី ១៧៩នាក់ ត្រូវជា ២៤ភាគរយ) និងមាននិស្សិតកំពុងបណ្តុះ បណ្តាលសរុប ១៨,១១៣នាក់ (នារី ៩,៣៩៤នាក់ ត្រូវ ជា ៥១.៨ភាគរយ) ក្នុងនោះមាននិស្សិតបរទេសចំនួន ៥៥នាក់ នារី ៣២ នាក់ ដែលរួមមាន៖ ជនជាតិបារាំង ណូវែលសេឡង់ តួគី កូរ៉េ ចិន ហុងកុង វៀតណាម ថៃ និងឡាវ ។ ដើម្បីធានាបានការបណ្តុះ បណ្តាលប្រកបដោយគុណភាព និងនិរន្តរ ភាព សាកលវិទ្យា​ល័យ​បានអនុវត្តយន្តការធានាគុណភាពអប់រំ ជាពិសេសបានពង្រឹងប្រព័ន្ធវាយ​តម្លៃ​គុណភាពអប់រំ​ជាប្រចាំដោយអនុវត្តតាមស្តង់ដាធានាគុណភាពអប់រំ និងកំពុងធ្វើកិច្ច​សហប្រតិបត្តិការជាមួយបណ្តាសាកលវិទ្យាល័យបរទេស នៃបណ្តាប្រទេសមួយចំនួន តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នាបានចំនួន៤៦ ដើម្បីធ្វើការផ្លាស់ប្តូរ បទពិសោធ ន៍និស្សិត និងសាស្រ្តាចារ្យលើការសិក្សា ការបង្រៀន និងការស្រាវជ្រាវ ក្នុងគោលបំ ណងលើកកម្ពស់គុណភាពអប់រំឲ្យកាន់តែល្អប្រសើរ។

   ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា វត្តមានដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោ ក្នុងពិធីប្រគល់សញ្ញាបត្រ គឺជាការផ្តល់នូវថាម​ពលផ្លូវចិត្ត និងផ្តល់កិត្តិយសដ៏ធំធេងសម្រាប់និស្សិតបញ្ចប់ការសិក្សា បន្ទាប់ពីពួកគេ បានប្រឹង ប្រែងមិនសំចៃកម្លាំងជម្នះការលំបាកទាំង ឡាយក្នុងពេលសិក្សា។ ចាប់តាំងពីឆ្នាំ ១៩៩៣ដល់បច្ចុប្បន្ន សា កលវិទ្យាល័យបានបញ្ជូននិស្សិតទៅសិក្សា​បន្តថ្នាក់​បរិញ្ញា បត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅបរទេស តាមរយៈអាហារូបករណ៍របស់​សាកល​វិទ្យា ល័យជាដៃគូនានាបានចំនួន ១,៧៩៩ នាក់។ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ នេះ សាកលវិទ្យាល័យបានបញ្ជូននិស្សិតចំនួន ៦៤​នាក់ (នារី ៣៩នាក់) ទៅបន្តការសិក្សានៅបរទេស ក្នុងនោះថ្នាក់បណ្ឌិតចំនួន ១នាក់ ទៅសិក្សាផ្នែកសេដ្ឋកិច្ចនៅប្រទេសបារាំង  និងថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់ ៣៣ នាក់ (នារី ២០នាក់) ទៅសិក្សាផ្នែកនីតិសាស្រ្ត និងសេដ្ឋកិច្ចនៅប្រទេសបារាំង ស៊ុយអែត អូស្រ្តាលី អាឡឺម៉ង់ ជប៉ុន និងកូរ៉េ និងបានបញ្ជូននិស្សិតចូល​រួមក្នុង​កម្ម​វិធី​ផ្លាស់​ប្តូរការ​សិក្សាចំនួន ៣០ នាក់(នារី១៨នាក់)នៅប្រទេសបារាំងជប៉ុន ចិន និងឥណ្ឌូនេស៊ី។ ក្រៅពីនេះ និស្សិតចំនួន ២២រូប បានចូលរួមការប្រកួតសវនការប្រឌិតអន្តរជាតិ ដោយ​ផ្ទាល់ចំនួន ៦ ក្រុម ពាក់ព័ន្ធនឹងនីតិអន្តរជាតិ ដែលរៀប ចំឡើងដោយប្រទេសអាមេរិក អូទ្រីស ឥណ្ឌា ហុងកុង និងអាល់បានៀ។ នៅពាក់ កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ សាកលវិទ្យាល័យត្រៀមនឹងបញ្ជូននិស្សិតចំនួន ១២រូប ទៅចូលរួមការប្រកួតសវនការ​បប្រឌិតអន្តរជាតិចំនួន៤ប្រកួត នៅប្រទេសហូឡង់ អាឡឺម៉ង់ និងឥណ្ឌា។

    សូមបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ជាគ្រឹះ​ស្ថានអប់រំថ្នាក់ឧត្តមសិក្សាសាធារណៈមួយ ស្ថិតក្រោមការ​គ្រប់គ្រងរបស់ក្រសួងអប់រំ យុវជននិងកីឡា ។ សាកលវិទ្យាល័យនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធន​ធាន​មនុស្សផ្នែកច្បាប់ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀតដើម្បីបម្រើ​ឱ្យ​ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.