អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោកស្រី អេនជែលឡា តាណូអេសូអេឌីបចូ (Angela Tanoesoedibjo) បាននិយាយកាលពីថ្ងៃទី៣១ ខែឧសភាថា វិស័យទេសចរណ៍ត្រូវបានគេរំពឹងថានឹងរួមចំណែក ៤,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឥណ្ឌូណេស៊ីនៅក្នុងឆ្នាំ២០២៤។

ប្រទេសនេះមានគោលបំណងស្វាគមន៍ភ្ញៀវទេសចរបរទេសពី ៩,៥លាននាក់ទៅ ១៤,៣លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកពី ១,២៥ប៊ីលាននាក់ទៅ ១,៥ប៊ីលាននាក់នៅក្នុងឆ្នាំនេះ ដែលរកចំណូលបានពី ៧,៣៨ប៊ីលានទៅ ១៣,០៨ប៊ីលានដុល្លារអាម៉េរិកពីវិស័យទេសចរណ៍។

ឧស្សាហកម្មនេះក៏ត្រូវបានគេរំពឹងថានឹងផ្តល់ការងារដល់កម្មករចំនួន ២២,០៨លាននាក់ផងដែរ។ លោកស្រី អេនជែលឡា បាននិយាយថា យុទ្ធសាស្ត្រឆ្នាំ២០២៤ របស់ក្រសួង គឺដើម្បីបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងវិស័យទេសចរណ៍ និងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចច្នៃប្រឌិត កែលម្អគុណភាពនៃកម្លាំងពលកម្មទេសចរណ៍ ទាញយកទីផ្សារប្រពៃណី និងពង្រីកទៅកាន់ទីផ្សារថ្មីដោយសម្រួលដល់ការចេញទិដ្ឋាការ និងការពង្រឹងការតភ្ជាប់ទំនាក់ទំនង។

លោកស្រីបាននិយាយបន្ថែមថា ក្រសួងនោះក៏នឹងបង្កើនព្រឹត្តិការណ៍ MICE (កិច្ចប្រជុំ ការលើកទឹកចិត្ត សន្និបាត និងការតាំងពិពណ៌) ក៏ដូចជាព្រឹត្តិការណ៍ និងពិធីបុណ្យក្នុងស្រុក និងអន្តរជាតិផ្សេងៗទៀត ព្រមទាំងបង្កើនការប្រកួតប្រជែងនៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍ទេសចរណ៍ និងការធ្វើដំណើរ (TTDI) នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.