ការប្រកួតកីឡាបាល់បោះជិះរទេះជនពិការ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានចាប់ផ្ដើមការប្រកួត នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះហើយ នៅមជ្ឈមណ្ឌលកីឡាក្នុងសាល (សាលដំរី) នៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់វិញ្ញាសា ៣នាក់ ទល់ ៣នាក់ ទាំងផ្នែកបុរសនិងនារី ខណៈក្រុមកីឡាការិនីកម្ពុជា ត្រូវការពារតំណែងមេដាយមាសរបស់ខ្លួនលើវិញ្ញាសានេះ។ សម្រាប់វិញ្ញាសា ៣នាក់ ទល់ ៣នាក់ ចំពោះផ្នែកបាល់បោះជិះរទេះបុរស គឺមានបេក្ខភាព ៥ក្រុមប្រទេស ចូលរួម គឺមានប្រទេសថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងម្ចាស់ផ្ទះកម្ពុជា គ្រាដែលផ្នែកនារី មាន បេក្ខភាព ៤ប្រទេសចូលរួម គឺមានប្រទេសថៃ ឡាវ ហ្វីលីពីន និងម្ចាស់ផ្ទះកម្ពុជា ។ ចំពោះរូបមន្ដប្រកួត ទាំងផ្នែកបុរស និងនារី គឺត្រូវធ្វើការប្រកួតសន្សំពិន្ទុវិលជុំ បន្ទាប់មកក្រុម មានពិន្ទុខ្ពស់ ជាងគេ ២ក្រុម គឺក្រុមឈរលេខ១ និងលេខ២ ត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមមេដាយមាស ខណៈក្រុមលេខ៣ និងលេខ៤ ត្រូវជួបគ្នា ដើម្បីដណ្ដើមមេដាយសំរឹទ្ធ ។ គួររំលឹកថា កាលពីកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ក្រុមបាល់បោះជិះរទេះនារីកម្ពុជា គឺដណ្ដើមបាន មេដាយមាស បន្ទាប់ពីទទួលបានជ័យជម្នះ ៤ប្រកួតជាប់ៗគ្នា ក្នុងនោះវគ្គសន្សំពិន្ទុ បានយកឈ្នះឡាវ ១១-៥ពិន្ទុ, ឈ្នះថៃ ៩-៨ពិន្ទុ និងឈ្នះហ្វីលីពីន ១៨-០ពិន្ទុ មុនប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្ពុជា បានបន្តយកឈ្នះ ក្រុមថៃ ៧-៥ពិន្ទុ ។ តាមការគ្រោងទុក ការប្រកួតវិញ្ញាសា ៣នាក់ ទល់ ៣នាក់ ទាំងផ្នែកបុរស និងនារី នេះ ប្រើពេលតែ ២ថ្ងៃ ប៉ុណ្ណោះ ដើម្បីកំណត់ក្រុមជ័យលាភី ពោលគឺនៅថ្ងៃទី០២-០៣ ខែមិថុនានេះ ។ បន្ទាប់មកនឹងបន្ដការប្រកួតវិញ្ញាសាក្រុម ៥នាក់ ទល់ ៥នាក់ម្ដង ដែលបេក្ខភាពចូលរួម ទាំងផ្នែកបុរស និងនារី ដូចគ្នា ចាប់ពីថ្ងៃទី០៤-០៧ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡាក្នុងសាល នៃពហុកីឡដ្ឋានជាតិមរតកតេជោតែមួយគត់ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.