រដ្ឋមន្ត្រីក្រសួងសាធារណការ និងលំនៅឋានរបស់ឥណ្ឌូណេស៊ី (PUPR) លោក បាស៊ូគី ហាឌីមុលចូណូ (Basuki Hadimuljono) បានអញ្ជើញវិនិយោគិនសិង្ហបុរីឱ្យទៅបណ្តាក់ទុននៅរដ្ឋធានីថ្មីនូសាន់តារ៉ា (IKN)។ លោករដ្ឋមន្ត្រី ហាឌីមុលចូណូ បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់វិនិយោគិនសិង្ហបុរីចំនួន ៩៥នាក់ទៅកាន់តំបន់គម្រោងសាងសង់រដ្ឋធានីថ្មី IKN ។

លោកបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងហ្សាការតាកាលពីថ្ងៃទី៣១ ខែឧសភាថា ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃសកម្មភាពជាបន្តបន្ទាប់នៃដំណើរទស្សនកិច្ចធុរកិច្ចសិង្ហបុរីទៅកាន់រដ្ឋធានីនូសាន់តារ៉ានៅក្នុងខេត្តកាលីម៉ាន់តាន់ខាងកើត។ លោកបាននិយាយថា លោកសង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងក្លាយជាបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់វិនិយោគិនទាំងនោះ ដោយលើកទឹកចិត្តពួកគេឱ្យសម្រេចចិត្តវិនិយោគនៅក្នុងរដ្ឋធានី IKN ។

លោករដ្ឋមន្ត្រីបាននិយាយថា នេះជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់វិនិយោគិនក្នុងការចាប់ផ្តើមវិនិយោគ ព្រោះរដ្ឋាភិបាលបានចុះហត្ថលេខា និងទទួលបានអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងលិខិតតាំងចិត្ត (LOIs) មួយចំនួន។ នៅពេលមុននេះ ក្នុងពេលចូលរួមកម្មវិធី Leaders’ Retreat នៅប្រទេសសិង្ហបុរីកាលពីខែមីនាកន្លងទៅ លោកប្រធានាធិបតី ចូកូ វីដូដូ បានគូសបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានទទួល LOls ពីក្រុមហ៊ុនឯកជនសិង្ហបុរីចំនួន២០ ដែលក្នុងនោះពួកគេបានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេក្នុងការវិនិយោគនៅក្នុងរដ្ឋធានី IKN។

លោករដ្ឋមន្ត្រី ហាឌីមុលចូណូ បានរំពឹងថា ដំណើរទស្សនកិច្ចរបស់វិនិយោគិនសិង្ហបុរីនឹងធានាដល់ពួកគេក្នុងការវិនិយោគ ដោយលោកបាននិយាយថា ការវិនិយោគរបស់ពួកគេនៅក្នុងរដ្ឋធានីថ្មី IKN នឹងផ្តល់នូវឥទ្ធិពលវិជ្ជមានទៅលើកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនាពេលអនាគត។ លោក​បាននិយាយទៅកាន់ក្រុម​វិនិយោគិនទាំងនោះ​ថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ចាប់​ផ្តើម​ដំណើរ​ការ​សាង​សង់រដ្ឋធានី​ថ្មី​នេះហើយ។

លោក​បញ្ជាក់​ថា រដ្ឋធានីថ្មីនូសាន់តារ៉ា IKN មិន​ត្រឹម​តែ​ជា​ក្តី​ស្រមៃ​នោះ​ទេ ខណៈ​ដែល​ដំណើរ​ការ​សាង​សង់​កំពុង​ដំណើរ​ការ​រួច​ទៅ​ហើយ។ លោកបាននិយាយថា ក្រសួង PUPR នឹងទទួលបន្ទុកទៅលើការផ្តល់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរហូតដល់ដំណាក់កាលទី១ នៅក្នុងឆ្នាំ២០២៤ ហើយការសាងសង់នឹងបន្តទៅដំណាក់កាលផ្សេងទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.