រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ និងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នឹងមានការរៀបចំពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសដ៏មហាវិសេសវិសាលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំផ្សាយបន្តផ្ទាល់ពិធីទាំងពីរនេះ ចាប់ពីម៉ោង ១៨ៈ០០យប់ រហូតដល់ចប់ពិធី នៅតាមទីតាំងមួយចំនួនដូចខាងក្រោម៖ ១-សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ ២-សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ ៣- ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញនឹងចូលរួម គាំទ្រទស្សនាការផ្សាយបន្តផ្ទាល់នេះ ឱ្យបានច្រើនកុះករ និងអធិកអធម។ ទទួលសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌទាំង១៤, និងអង្គភាពជំនាញពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និង អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.