ប្រទេសឥណ្ឌូណេស៊ីបានចេញបទប្បញ្ញត្តិមួយ ដែលអនុញ្ញាតឱ្យមានការនាំចេញដីល្បាប់សមុទ្រក្នុងទម្រង់ជាខ្សាច់សមុទ្រ បន្ទាប់ពីបានហាមឃាត់អស់រយៈពេល ២០ឆ្នាំកន្លងមក។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃទី២៩ ខែឧសភាថា បទប្បញ្ញត្តិអំពីការនាំចេញខ្សាច់សមុទ្រនេះត្រូវបានចែងនៅក្រោមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលអំពីការគ្រប់គ្រងផលិតផលដីល្បាប់សមុទ្រដែលបានចែងថា ខ្សាច់សមុទ្រអាចត្រូវបានប្រើប្រាស់សម្រាប់ការរានដីក្នុងស្រុក ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ធុរកិច្ចរដ្ឋាភិបាល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យនីមួយៗ និងការនាំចេញ។

បទប្បញ្ញត្តិនេះត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) កាលពីថ្ងៃទី១៥ ខែឧសភា ហើយបានចូលជាធរមានភ្លាមៗ ដោយជំនួសបទប្បញ្ញត្តិពីមុនដែលបានចេញផ្សាយកាលពីក្នុងឆ្នាំ២០០៣ ដែលបានហាមឃាត់ការនាំចេញខ្សាច់សមុទ្រជុំវិញការព្រួយបារម្ភអំពីការនេសាទខុសច្បាប់។

ដើម្បីទទួលបានការអនុញ្ញាតឱ្យនាំចេញខ្សាច់សមុទ្រ អ្នកនាំចេញត្រូវតែដាក់ស្នើសុំការអនុញ្ញាត និងសំណើដែលរៀបរាប់លម្អិតអំពីផែនការ ដៃគូ និងទីតាំងពិតប្រាកដ ឬចំណុចសម្របសម្រួលនៃតំបន់ទឹកដែលពួកគេចង់ប្រើប្រាស់។ មុនពេលមានការហាមឃាត់ ប្រទេសសិង្ហបុរីបាននាំចូលខ្សាច់សមុទ្រប្រហែល ២៥០លានម៉ែត្រគូបក្នុងមួយឆ្នាំពីប្រទេសឥណ្ឌូណេស៊ី ដែលធ្វើឱ្យវាក្លាយជាប្រទេសនាំចូលខ្សាច់សមុទ្រដ៏ធំបំផុតរបស់ឥណ្ឌូណេស៊ី៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.