គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ បានធ្វើការចាប់ ឆ្នោត កំណត់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោត ដើម្បីរៀបចំបោះពុម្ព សន្លឹក ឆ្នោត ដែលបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។ ការចាប់លេខលំដាប់គណបក្សនយោបាយនៅលើសន្លឹកឆ្នោតនេះ ប្រព្រឹត្តទៅក្រោមព្រះវត្ត មាន របស់ សម្តេចសង្ឃរាជាធិបតីទាំងពីរគណៈ នៃ ព្រះរាជា ណាចក្រ កម្ពុជា នាទីស្តីការ គ.ជ.ប។ ជាលទ្ធផលគណបក្សទាំង១៨ ដែលត្រូវបានកំណត់លេខលំដាប់ តាមរយៈការចាប់ ឆ្នោត ដោយ សម្តេចសង្ឃរាជាធិបតីទាំងពីរនេះ គឺលេខរៀងទី១ បានទៅលើគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, ទី២. គណបក្សខ្មែរតែមួយ, ទី៣. គណបក្សសញ្ជាតិកម្ពុជា, ទី៤. គណបក្សខ្មែររួបរួមជាតិ, ទី៥. គណបក្សកម្លាំងប្រជាធិបតេយ្យ, ទី៦. គណបក្សកសិករ, ទី៧.គណបក្សស្ត្រីដើម្បីស្ត្រី, ទី ៨, គណបក្សខ្មែរឈប់ក្រ, ទី៩. គណបក្សហ៊្វុនស៊ិនប៉ិច, ទី១០,.គណបក្សធម្មាធិបតេយ្យ, ទី១១. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, ទី១២. គណបក្សបំណងពលរដ្ឋ, ទី១៣. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, ទី១៤. គណបក្សឯកភាពជាតិខ្មែរ, ទី១៥. គណបក្សខ្មែរអភិរក្ស, ទី១៦. គណបក្សយុវជនកម្ពុជា, ទី១៧. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, ទី១៨. គណបក្សប្រជាជនកម្ពុជា។     ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានប្រសាសន៍ ថា ការចាប់កំណត់ លេខរៀង គណបក្ស នយោបាយនៅលើសន្លឹកឆ្នោតនេះ គឺដើម្បីបង្ហាញពីសច្ចៈភាព តម្លាភាព និងយុត្តិធម៌ សម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែល នឹង ប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ខាងមុខនេះ។ ឯកឧត្តមបានបញ្ជាក់ថា ការកំណត់ លេខរៀង គណបក្ស នយោបាយនីមួយៗ លើ សន្លឹក ឆ្នោត នឹងជួយបង្កលក្ខណៈងាយស្រួលដល់គណបក្ស នយោបាយពាក់ព័ន្ធក្នុងការ ឃោសនា បោះឆ្នោត ការបោះឆ្នោត និងជួយឱ្យអ្នកបោះឆ្នោត អាចស្គាល់ បាន ដោយងាយស្រួលនូវ គណបក្ស នយោបាយ ដែលខ្លួនស្រឡាញ់ពេញចិត្ត។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ គឺដើម្បីដណ្តើមអាសនៈក្នុងរដ្ឋសភាចំនួន១២៥កៅអី ក្នុងចំណោមប្រជាពលរដ្ឋជាអ្នកបោះឆ្នោតសរុបជាង៩លាន៧១ម៉ឺននាក់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.