តំណាងរាជរដ្ឋាភបាល អង្គការសង្គមស៊ីវិល សមាគមដឹកជញ្ជូន សហជីព និងភាគីពាក់ព័ន្ធផ្សេងទៀត គាំទ្រ និងជំរុញឱ្យមានការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតមិនមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាពវិញ ខណៈគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិតលើផ្នែកនេះនៅតែជាក្តីបារម្ភខ្លាំងសម្រាប់កម្ពុជា។

ឯកឧត្តម ព្រាប ចន្ទវិបុល ទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការផ្លាស់ប្តូររថយន្តមិនមានសុវត្ថិភាពទៅជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង គឺជាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា ខណៈក្នុងមួយថ្ងៃៗ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ជីវិតមនុស្ស និងបង្កឱ្យមានការរងរបួសធ្ងន់ស្រាលជាច្រើននាក់។

ការថ្លែងនេះធ្វើឡើងក្នុងឱកាស នៃដំណើរទស្សនកិច្ចស្វែងយល់របស់ភាគីពាក់ព័ន្ធខាងលើស្តីពី«ការផ្លាស់ប្តូររថយន្តមិនមានសុវត្ថិភាពទៅជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង» ដែលធ្វើឡើងនៅតាមតំបន់រោងចក្រវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងស្ថិតក្នុងខេត្តចំនួន៤មានដូចជា៖ ខេត្តកណ្តាល កំពង់ចាម កំពង់ឆ្នាំង និងស្វាយរៀង ចាប់ពីថ្ងៃទី២៣-២៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងគោលបំណងបង្ហាញពីភាពជោគជ័យនៃការជំរុញការផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញសម្រាប់ដឹកកម្មករនិយោជិត ទៅជារថយន្តដែលមានសុវត្ថិភាពប្រសើរជាងនៅរោងចក្រគោលដៅ សំដៅយកបទពិសោធន៍ល្អនេះ ទៅអនុវត្តបន្តជាមួយរោងចក្រផ្សេងទៀត ឬតំបន់សេដ្ឋកិច្ចពិសេសនានា ដែលកំពុងប្រឹងប្រែងដើម្បីកែលម្អលក្ខខណ្ឌសុវត្ថិភាពចរាចរណ៍។

លោក អ៊ឹម ពិសិដ្ឋ តំណាងអង្គការបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានថ្លែងថា ការផ្តល់មធ្យោបាយធ្វើដំណើរសមរម្យ និងមានសុវត្ថិភាពដល់កម្មករនិយោជិត មិនត្រឹមតែជួយបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមកម្មករនិយោជិតទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលជាវិជ្ជមានយូរអង្វែង ចំពោះកិច្ចខិតខំដើម្បីកាត់ន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។

លោក ជឿន សុធន ប្រធានរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស7NG ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានគាំទ្រចំពោះការប្រើប្រាស់រថយន្តក្រុង សម្រាប់ដឹកជញ្ជូនកម្មករនិយោជិតពេលទៅមកបំពេញការងារ ខណៈក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន ដែលមានរោងចក្រ១១រោងចក្រ និងមានកម្មករសរុបជាង១ម៉ឺន៦ពាន់នាក់ កំពុងប្រើប្រាស់រថយន្តក្រុងចំនួន១៤៦គ្រឿង សម្រាប់ជាមធ្យោបាយសម្រាប់ដឹកជញ្ជូនកម្មករនិយោជិតទៅមកបំពេញការងារ និងនៅ២គ្រឿងទៀត មិនទាន់បានផ្លាស់ប្តូរនឹងគេនៅឡើយ។

សូមបញ្ជាក់ថា ការជំរុញនេះ បន្ទាប់ពីសង្កេតឃើញថា កម្លាំងពលកម្មក្នុងផ្នែកនេះជាង២០ភាគរយ បានជួបរងគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវក្នុងពេលធ្វើដំណើរទៅមកបំពេញការងារ ខណៈអ្នកបើកបរភាគច្រើនបានប្រើប្រាស់រថយន្តដឹកទំនិញ ដើម្បីធ្វើការដឹកកម្មករ ដោយឈរ និងមានចំនួនច្រើន មានលក្ខណៈចង្អៀតពិបាកធ្វើចលនា ព្រមទាំងមានភាពរញ៉េរញ៉ៃ និងគ្មានសណ្តាប់ធ្លាប់ ដែលធ្វើឱ្យប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ជាក្រុមខ្ពស់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.