នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធទីតាំងថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រម​ទាំងប្រគល់សញ្ញាបត្រដល់និស្សិតចំនួន ៨៨៨ នាក់ ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ​នេះ។   សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋតែមួយគត់ ដែល ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបានដើរតួនាទី យ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសិល្បៈ វប្បធម៌ ដែល​ជា​អត្តសញ្ញាណជាតិ។     ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈត្រូវបិទ​ទ្វារ​ទាំងស្រុង។ ក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សាលាបានបើក​ទ្វារ​ជា​ផ្លូវការ ក្នុងកម្រិតមធ្យមសិក្សា និងមាន ឈ្មោះថា «សាលាវិចិត្រសិល្បៈ» ដែលមាន​បង្រៀនជំនាញតូរ្យតន្ត្រី របាំ ល្ខោន សៀក និងសិល្បៈសូនរូប។     អនុក្រឹត្យចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៨៨ បានបង្កើតជាសាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈឡើងវិញ ដោយចែកជាប្រាំមហា វិទ្យាល័យរួមមាន៖ មហាវិទ្យាល័យ បុរាណ​វិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរោបនីយវិទ្យា មហាវិទ្យាល័យសិល្បៈ​សូន​រូប មហាវិទ្យាល័យតូរ្យតន្ត្រី មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ។ លុះខែឧសភា ឆ្នាំ​២០២០ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានក្លាយជាគ្រឹះស្ថានសាធារណៈ​រដ្ឋ​បាល ហើយក៏បានបង្កើតអង្គភាពក្រោមឱវាទមួយទៀត គឺមជ្ឈមណ្ឌលស្រាវ​ជ្រាវ​វប្ប​ធម៌ និងនវានុវត្តន៍ ដែលមានតួនាទីស្រាវជ្រាវ ចងក្រង បោះពុម្ព និងផ្សព្វផ្សាយអំពី សិល្បៈ និងវប្បធម៌ខ្មែរ។ ចាប់តាំងពីការរស់រាននៃជីវិតទី២ឡើងវិញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បាន​បណ្តុះបណ្តាលធនធានមនុស្សសរុបចំនួន ៤,៥១៦នាក់ (នារី ១៤០៩នាក់ ស្មើ ៣០.២%) លើមុខជំនាញទាំង ៥របស់ខ្លួន។ ធនធានមនុស្សខាងលើនេះ បច្ចុប្បន្ន​កំពុងបំពេញការងារនៅតាមស្ថាប័នជាតិនានា វិស័យឯកជន អង្គការ សមាគមនានា និងមួយចំនួនបន្តការសិក្សានៅឯបរទេស រីឯអ្នកខ្លះទៀតបានក្លាយ​ជាគ្រូកំពុងបង្ហាត់​បង្រៀនដល់និស្សិតជំនាន់ក្រោយ ដែលជាអ្នកបន្តវេន។   ដោយឡែកនិស្សិតបញ្ចប់ការសិក្សាហើយទទួលសញ្ញាបត្រនៅថ្ងៃទី២៤ ខែឧសភានេះ មានចំនួន ៨៨៨នាក់ ( នារី ៣៨៦ នាក់ ស្មើ ៤៣.៤៧% ) ក្នុងនោះមួយរូបជាជន​ពិការ (ថ្លង់) បានបញ្ចប់ការសិក្សា​ក្នុងឆ្នាំសិក្សា​២០២០-២០២១ និង២០២១​-២០​២២ ដោយជោគជ័យ។ ក្នុងចំណោមនោះ មាននិសិ្សតចំនួន ៨នាក់ (នារី ៥នាក់) បានបញ្ចប់ការសិក្សាបរិញ្ញាបត្រពីគម្រោងមនុស្សសាស្ត្រ ដែលជាសហប្រតិ បត្តិការ​រវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាមួយវិទ្យាស្ថានភាសានិងអារ្យធម៌បូព៌ា​ប្រទេស ហៅកាត់ថា (INALCO) នៃប្រទេសបារាំង។        ក្នុងឆ្នាំសិក្សា​២០​២២​-២០២៣នេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កំពុងបណ្តុះបណ្តាល​និស្សិ​ត លើជំនាញទាំង ៥ មហាវិទ្យាល័យ សរុបចំនួន ២,៦៨៥នាក់ (នារី ១,១៩​៤ នាក់ ស្មើ ៤៤.៤៧% ) ក្នុងនោះ ព្រះសង្ឃចំនួន ១០អង្គ និងនិស្សិតពិការ ចំនួន ៦ នាក់ (ស្រី ៣នាក់)។       សូមបញ្ជាក់ថា ដោយពិនិត្យឃើញពីកំណើនឥតឈប់ឈរ នៃតម្រូវ​ការសិក្សា ក្នុងវិស័យសិល្បៈវប្បធម៌របស់និស្សិតពីគ្រប់មជ្ឈដ្ឋាន សម្តេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញ បានធ្វើសម្បទានដីមួយកន្លែង ជូនក្រសួង​វប្ប​ធម៌ និងវិចិត្រសិល្បៈ មានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍជ្រោយចង្វារ ក្នុងសង្កាត់ព្រែក​លៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទំហំសរុបប្រមាណ ៤ហិកតា ។ក្នុង​នោះ ដីជាង៣ហិកតា បានសាងសង់សាកលវិទ្យា ល័យ​ភូមិន្ទ​វិចិត្រសិល្បៈថ្មី ក្រោមការ ឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលចំនួន ១២ លាន​ដុល្លារ និង​ ដីជិត ១ហិកតាទៀត ត្រូវអភិវឌ្ឍសាងសង់ជាមជ្ឈមណ្ឌល​បណ្តុះ​​​បណ្តាលសិល្បៈកម្ពុជា-កូរ៉េ ក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈកម្ពុជា ជាមួយក្រសួងវប្បធម៌ កីឡា និងទេស ចរណ៍ នៃសាធារណ​រដ្ឋកូរ៉េ ក្នុងគម្រោង ថវិកាប្រមាណ ៥.៣លានដុល្លារ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.