រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា សហគ្រិន និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាកម្លាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជារួមចំណែកក្នុងការពង្រឹងស្ថិរភាពសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រ។

ថ្លែងក្នុងពិធីប្រគល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនសមាជិកសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្ត និងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីស្តីការក្រសួងការងារ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានបន្តថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជានិច្ច ក្នុងការលើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សហគ្រិន និងកម្មករនិយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា តាមរយៈការសម្របសម្រួល ដល់បរិយាកាស នៃការធ្វើអាជីវកម្ម ការប្រកបរបររកស៊ីរបស់សហគ្រិន និងកម្មករនិយោជិក នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាការផ្តល់នូវកិច្ចគាំពារនានា ដូចជា ការផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, ការទទួលស្គាល់សមត្ថភាពជំនាញតាមប្រព័ន្ធតេស្តសមត្ថភាព, ការជួយរកការងារឱ្យធ្វើ ឬ ការបង្កើតមុខរបរ, ការចូលរួមក្នុងរបបប្រាក់សោធននិវត្តន៍, និងការទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រី នៅពេលសម្រាលកូនផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីជំនាញក្រសួង ក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលបន្ទុកផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកពីខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ សមាជិកសមាគម ស.ស.ក. ទាំងអស់ រួមគ្នាសម្រេចឱ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ចំពោះសហគ្រិន និងកម្មករនិយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។

ក្នុងនោះត្រូវលើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលមានគំនិតច្នៃប្រឌិតសហគ្រិនភាព បង្កើតមុខរបរ ការងារធ្វើ ដោះស្រាយបាននូវជីវភាពគ្រួសារ រួមចំណែកក្នុងការពង្រឹងស្ថិរភាពសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រ ។ លើកទឹកចិត្ត និងផ្តល់កិច្ចគាំពារនានា ដូចជា ការផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, ការទទួលស្គាល់សមត្ថភាពជំនាញតាមប្រព័ន្ធតេស្តសមត្ថភាព, ការជួយរកការងារឱ្យធ្វើ ឬការបង្កើតមុខរបរ, ការចូលរួមក្នុងរបបប្រាក់សោធននិវត្តន៍, និងការទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីនៅពេលសម្រាលកូន។ ជួយគាំទ្រដល់ការអភិវឌ្ឍមុខរបរ និងការងារតាមរយៈគោលនយោបាយពន្ធដារ ការចុះបញ្ជី ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ស្របតាមច្បាប់ ។ ជួយសម្រួលដល់បរិយាកាស នៃការធ្វើអាជីវកម្ម ការប្រកបរបររកស៊ីរបស់សហគ្រិន និងកម្មករនិយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលើកទឹកចិត្តចូលរួមសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌នានា ។

ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ និងសមាគមទ្រទ្រង់ផ្នែកសេវ កម្សាន្ត និងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ដែលគាំទ្រនិងបានខិតខំក្នុងការចូលរួមអនុវត្តនូវគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធារ មានមុខរបរ និងការងារ ប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារកាន់តែប្រសើរ ហើយទទួលបាននូវកិត្តិយស សេចក្តីថ្លៃ ថ្នូរ លើមុខរបរ និងការងារដែលបងប្អូនកំពុងធ្វើ។ ក្នុងឱកាសនោះដែរលោក លួស សីហា ប្រធានសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្ត និងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា បានឱ្យដឹងថា សមាគមរបស់លោក ជាសមាគមក្រៅរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញឯកជន មិនធ្វើនយោបាយ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងសាសនា ត្រូវបានបង្កើតឡើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ សេចក្ដីថ្លៃថ្នូរ ការពារសិទ្ធិការងារ និងផលប្រយោជន៍ស្របច្បាប់ របស់ប្រជាពលរដ្ឋ ដែលប្រកបរបរក្នុងផ្នែកសេវាកម្សាន្ត និង សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.