នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៣ នេះ បន្ទាប់ពីបានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណជាង២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម

វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាពិព័រណ៍សមិទ្ធផលជាច្រើន ដែលកើតឡើងតាមរយៈ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

សូមជំរាបថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចទី២ របស់កម្ពុជា។ ក្នុងរយៈពេល១៥ឆ្នាំ កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរីកចម្រើនជាបន្តបន្ទាប់ ហើយជាផ្លែផ្កានៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ និងកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ សមិទ្ធផលទាំងនេះ ក៏ជាការចូលរួមចំណែកអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងចិន “ឆ្នាំមិត្តភាពចិន-កម្ពុជា” ក៏ដូចជាខួបលើកទី១០ឆ្នាំ នៃ “គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ”។

​ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.