សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ចាត់ទុកការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៃព្រឹត្តិកាណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាចំណែកមួយនៃស្មារតីសាមគ្គីភាព មិត្តភាព ការយោគយល់ និងជំរុញការធ្វើសមាហរណកម្មនៅក្នុងក្របខណ្ឌអាស៊ាន។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ ក្នុងខណៈដែលសម្ដេចតេជោ និងសម្ដេចកិត្កិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតី ក្នុងពិធីបិទផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នាព្រលប់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ នៅវិមានពហុកីឡាដ្ឋានជាតិមរតកតេជោ។ ក្នុងពិធីនេះសម្ដេចតេជោមានប្រសាសន៍ថា «ថ្ងៃនេះ យើងពិតជាបានយល់ច្បាស់អំពីអ្វីទៅ នៃន័យដែលហៅថា «កីឡារស់នៅក្រោមសន្តិភាព» បើចង់បានការរៀបចំនៅពិធីបែបនេះតទៅទៀត ចាំបាច់ណាស់ត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាល ការពារសន្តិភាពឱ្យខាងតែបាន»។

សម្ដេចតេជោបន្តថា ថ្ងៃនេះព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានមកដល់ទីបញ្ចប់ប្រកបដោយថាមពល និងទទួលបានជោគជ័យដ៏ត្រចះត្រចង់។ ក្ដីសប្បាយរីករាយពោពេញទៅដោយស្នាមញញឹម និងសម្រែកអបអរសាទរកងរំពង បានបង្កើតនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅសម្រាប់គ្រប់ៗគ្នា។ ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានខិតខំប្រឹងប្រែងអស់លទ្ធភាព ក្នុងការរៀបចំ និងបម្រើដល់គ្រប់សេវាតម្រូវការ ធានាឱការស្នាក់នៅ ហូបចុក និងដំណើរការរៀបចំការប្រកួតប្រព្រឹត្តទៅដោយរលូន និងសម្រេចបានជោគជ័យ។ សម្ដេចតេជោ បានអរគុណអត្តពលិកទាំងអស់ដែលចូលរួមប្រកួតនៅព្រះរាជាណាចក្រកម្ពុជា និងអរគុណប្រតិភូកីឡាគ្រប់ប្រទេសអាស៊ាន អរគុណចំពោះរដ្ឋាភិបាលនៃប្រទេសអាស៊ានទាំងអស់ ដែលបានបញ្ជូនកីឡាករ កីឡាការិនី មកចូលរួមប្រកួតនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលសម្ដេចចាត់ទុកថា នេះជាចំណែកមួយនៃស្មារតីសាមគ្គីភាព មិត្តភាព ការយោគយល់ និងជំរុញការធ្វើសមាហរណកម្មនៅក្នុងក្របខណ្ឌអាស៊ាន។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សូមឧន្ទិសនូវសមិទ្ធផលរបស់កម្ពុជាថ្ងៃនេះ ជាចំណែកមួយនៃជោគជ័យនៅក្នុងក្របខណ្ឌស្មារតីសាមគ្គីភាពរបស់អាស៊ាន ហើយសម្ដេច ក៏បានអរគុណចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានគាំទ្រនូវស៊ីហ្គេម និងឧន្ទិសនូវសមិទ្ធផលដែលបានសម្រេចនាពេលនេះ ជូនចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស គ្រប់និន្នាការនយោបាយ គ្រប់ជាតិសាសន៍ និងសាសនា សូមទទួលយកនូវសមិទ្ធផល ដែលបានខិតខំនៅថ្ងៃនេះ។ សម្ដេចតេជោ ក៏បានអរគុណចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមជួយនៅក្នុងឱកាសដ៏មហោឡារិកនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះថ្លែងអំណរព្រះគុណចំពោះ ព្រះមហាក្សត្រ ក៏ដូចជា ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានគាំទ្រចំពោះដំណើរការនៃការប្រកួតស៊ីហ្គេម និងអរព្រះគុណ ចំពោះព្រះវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ ព្រះបិតាជាតិខ្មែរ ដែលបានបន្សល់ទុកនូវកេរ្ត៍មរតក ដែលមិនអាចកាត់ថ្លៃបានសម្រាប់ជោគជ័យនៃការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។ សម្ដេចតេជោ ក៏បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេស ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង ដែលបានជួយកសាងពហុកីឡាដ្ឋានជាតិមរតកតេជោ សម្រាប់ការប្រើប្រាស់ពិធីបើក ពិធីបិទ ការប្រកួត និងការប្រើប្រាស់តកូនតចៅ ទៅពេលក្រោយ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះមិត្តភក្ដិបរទេសទាំងអស់ ដែលបានចូលរួមជួយកម្ពុជា នៅក្នុងវិស័យកីឡារយៈពេលកន្លងទៅ ក៏ដូចជា ក្នុងរយៈពេលនៃការប្រកួតកីឡាស៊ីហ្គេមនៅពេលនេះ។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏សូមអធ្យាស្រ័យចំពោះប្រជាជនកម្ពុជា ក៏ដូចជា មិត្តភក្ដិក្នុងចំណោមប្រទេសអាស៊ានរបស់យើង ប្រសិនបើមានកំហុសឆ្គងណាមួយកើតឡើងដោយអចេតនា យើងនឹងត្រៀមទទួលយកនូវមតិរិះគន់ ដើម្បីស្ថាបនា និងកែលម្អសម្រាប់ពេលអនាគត។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែង ក្នុងព្រះបរមនាម ព្រះករុណាព្រះមហាក្សត្រ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្ដេចផ្ទាល់ បានប្រកាសបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ចាប់ពីពេលនេះតទៅ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.