សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មានប្រសាសន៍ថា ឆ្លងតាមលទ្ធផលជាផ្លែផ្កា និង ស្នាដៃដែលទទួលបានពីការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានធ្វើឱ្យកម្ពុជាលេច ត្រដែតឡើងលើឆាកអន្តរជាតិ ពិសេសពិធីបើកដ៏ទាក់ទាញ និងប្រកបដោយផ្ទាំងទស្សនីយ ភាពរំភើបរញ្ជួយចិត្ត អង្រួនដួងវិញ្ញាណនៃអ្នកទស្សនាទាំងក្នុង និងក្រៅទីលាន ទាំងក្នុង និង ក្រៅប្រទេស ដែលបានបង្ហាញថា កម្ពុជាមានភាពអច្ឆរិយៈមានអារ្យធម៌ស៊ីវិល័យ ស័ក្តិសម​កិត្តិយសដ៏ខ្ពង់ខ្ពស់ស្ញប់ស្ញែងនៃជាតិសាសន៍ដ៏ចំណាស់ និងសម្បូរបែបខាងវប្បធម៌ផ្នត់គំនិត ទេពកោសល្យ បេះដូងសន្តិភាព និងការឆ្នៃប្រឌិតដ៏អស្ចារ្យ នៅក្នុងដំណើរការប្រកួតនានា​ទទួល​បានការចាប់អារម្មណ៍ និងស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ។

នេះជាកត់សម្គាល់យ៉ាង​ពិសេសរបស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងពិធីបិទផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡា​អាស៊ីអាគ្នេយ៍ លើកទី៣២ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមាន​ដ៏ខ្ពង់​ខ្ពស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ទោះបីមានការខ្វះខាតតិចតួចខ្លះ ក្នុងការចូលទស្សនាដោយផ្ទាល់ ដោយមូលហេតុទីលានប្រកួតទទួលផ្ទុកអ្នកចូលរួមទស្សនា​មិនបានតាមសំណូមពរ ប៉ុន្តែជារួមគ្រប់ទិដ្ឋភាពដំណើរការប្រកួតទាំងអស់ទទួលបានការគាំទ្រ​កោតសសើរ សាមគ្គីភាព រីករាយ និងមោទនភាពខ្ពស់ក្នុងនាមជាប្រជាពលរដ្ឋម្ចាស់ផ្ទះ ជាមួយ​ការរៀបចំដ៏ល្អដែលមិនធ្លាប់មានពីមុនមក។ សម្តេចពិជ័យសេនាបានថ្លែងថា៖ «ក្នុង​នាម​​ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងមហា គ្រួសារកីឡាជាតិ ខ្ញុំពិតជាមានមហាកិត្តិយសដ៏ធំធេងបំផុតដោយទទួលសេចក្តីទុកចិត្តពី សម្តេចតជោ នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាល ក្នុងការបំពេញបេសកកម្មជាប្រវត្តិ​សាស្ត្រជាតិ​រៀបចំព្រឹត្តិការណ៍ប្រកួត កីឡាស៊ីហ្គេមលើកទី៣២ ប្រកបដោយមោទកភាព និងជោគជ័យ»។

សម្តេចពិជ័យសេនាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មានប្រសាសន៍​ទៀត​ថា ផ្តើមចេញពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់​បំពេញ​ភារកិច្ចតាម ផែនការមេរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ និង​ដោយ​មាន​ការយកចិត្តទុកដាក់ និងផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយភាព​ប្រាកដ​​និយម​របស់សម្តេចតេជោនាយករដ្ឋមន្តី បានធ្វើឱ្យគណៈកម្មាធិការជាតិរៀបចំ​ព្រឹត្តិ​ការណ៍​ប្រកួតកីឡាអាស៊ីអាគ្នេយ៍ដំណើរការបានរលូន និងទទួលលទ្ធផលគួរជាទីមោទនៈ។

សម្ដេចពិជ័យសេនាបានបន្ដថា ការ​រៀប​ចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្រេចបានជោគ​ជ័យជាផ្លែផ្កា អាស្រ័យដោយគណៈកម្មាធិការជាតិCAMSOC បានប្រុងប្រៀបរៀបចំផែនការ និង​អនុវត្តការងារជាក់ស្ដែង ដូចជា៖ សម្រាប់កិច្ចដំណើរការមុនថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ យើង​បានរៀបចំវគ្គបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្ត ដែលបម្រើឱ្យបដិសណ្ឋារកិច្ចទទួលប្រតិ​ភូ​កីឡា និងអ្នកគាំទ្រជាតិ-អន្តរជាតិ ប្រកបដោយភាពកក់ក្តៅ។ មុនពិធីបើកឈានមកដល់​នៃ​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ យើងបានប្រមូលផ្ដុំកម្លាំងសរុប មធ្យោបាយសរុប ដើម្បីធានា​ការចាប់ផ្តើមដំណើរការដោយរលូន និងមានប្រសិទ្ធភាពក្នុងគ្រប់សេវាបម្រើទាំងអស់។

ជាមួយគ្នានេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គណៈកម្មការពិធីការនិងបដិ​សណ្ឋារកិច្ចបានសហការជាមួយក្រុមការងារទំនាក់ទំនងអន្តរជាតិ រៀបចំច្រក និងបែបបទ​ចេញ​-ចូលសម្រាប់ធ្វើបដិសណ្ឋារកិច្ច ជូនភ្ញៀវអន្តរជាតិជាន់ខ្ពស់ តំណាងរដ្ឋ រដ្ឋាភិបាល ប្រតិ ភូកីឡាបរទេស នាយបេសកកម្មកីឡា គ្រូបង្វឹក និងកីឡាករ កីឡាការិនីអន្តរជាតិ ប្រកបដោយ ការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់។ រីឯនៅតាម ព្រំដែនគោកក៏មានបើកទទួល ភ្ញៀវ អន្តរជាតិធ្វើដំណើរឆ្លងកាត់ និងប្រជាពលរដ្ឋបណ្តាប្រទេសជិតខាង ដែលត្រូវចូលមកទស្សនា ព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនេះយ៉ាងរាក់ទាក់ និងកក់ក្ដៅ។

សម្តេចពិជ័យសេនាក៏បានជម្រាបជូនទៀតថា ចំពោះសកម្មភាពដឹកជញ្ជូនបានរៀបចំ ក្បួនធ្វើដំណើរជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ប្រតិភូកីឡា កីឡាករ កីឡាការិនីរបស់ជាតិ និង បរទេសប្រកបដោយស្មារតីយកចិត្តទុកដាក់ ដោយមានការសម្របសម្រួលពីផ្នែកសន្តិសុខ និងកម្លាំងអាជ្ញាធររាជធានី-ខេត្ត និងក្រសួង-ស្ថាប័នពាក់ព័ន្ធយ៉ាងល្អប្រសើរ។ សម្រាប់ភូមិ កីឡាដែលជាសមិទ្ធផលដ៏អស្ចារ្យនាសម័យតេជោបានដាក់បម្រើឱ្យការស្នាក់នៅ និងហូបចុក របស់ប្រតិភូកីឡា កីឡាករ កីឡាការិនីជាតិ អន្តរជាតិយ៉ាងល្អប្រសើរ និងមានការពេញចិត្តពី អ្នកស្នាក់នៅ ហើយកីឡាករ កីឡាការិនី និងប្រតិភូដែលស្នាក់នៅតាមសណ្ឋាគារ នានា នៅ រាជធានី ខេត្ត ក្រៅភូមិកីឡា ក៏ទទួលបានការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់ទៀតផង។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្ដទៀតថា ក្នុងដំណើរការប្រកួត គណៈកម្មាធិការ​ជាតិCAMSOC បានយកចិត្តទុកដាក់លើទិដ្ឋភាពបច្ចេក- ទេសនៅគ្រប់ប្រភេទវិញ្ញាសាប្រកួត ការ​រៀបចំទីលាន និងសម្ភារបម្រើឱ្យការប្រកួត ក្រោមការសម្របសម្រួល និងអនុវត្តន៍ភារកិច្ច​របស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវ ប្រកបដោយជំនាញវិជ្ជាជីវៈ និងស្តង់ដារ កីឡាពីសំណាក់​គ្រូបង្វឹក អាជ្ញាកណ្តាលជាតិ អន្តរជាតិ និងទីប្រឹក្សាបច្ចេកទេស ទីលាន កម្រិតកីឡា អាស៊ាន។

​ «នៅទីលាននៃការប្រកួតប្រជែងតាមប្រភេទវិញ្ញាសាកីឡានីមួយៗ មានទស្សនិកជនជាតិ អន្តរ​ជាតិ ពិសេសយុវជនចូលទស្សនាយ៉ាងកុះករ និងគាំទ្រលើកទឹកចិត្តដល់កីឡាករ កីឡាការិនី​នៅតាមកីឡដ្ឋាននានា ដែលជាទីពេញនិយមរបស់ខ្លួនច្រើនណែនតាន់តាប់ ហើយវិញ្ញាសា​កីឡាដែលមានប្រជាប្រិយភាពមួយចំនួនមានអ្នកចូលរួមទស្សនាលើសចំនួនកំណត់។ ប៉ុន្តែ​ទោះបីយ៉ាងណាក៏ដោយ ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋ​មន្ត្រី នៅរដ្ឋបាលរាជធានី ខេត្ត បានរៀបចំចាក់បញ្ចាំងស្លាយផ្សាយបន្តនៅ​តាមទីប្រជុំជន​នានា​ជូនប្រជាពលរដ្ឋទស្សនាកំសាន្ត ហើយស្ថានីយ៍ ទូរទស្សន៍រដ្ឋ ឯកជនរបស់ជាតិ និង​បរទេស រួមជាមួយបណ្តាញផ្សព្វផ្សាយសង្គមនានា ក៏បានផ្សព្វផ្សាយ យ៉ាងទូលំទូលាយ ដោយមិនមានការបង់ប្រាក់»។

សម្តេចពិជ័យសេនា​ ទៀ បាញ់ បានគូសបញ្ជាក់បន្ថែម។ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជា​លទ្ធផលបច្ចេកទេសកម្ពុជាដណ្តើមបានមេដាយសរុបចំនួន២៨២គ្រឿង ក្នុងនោះ​មេដាយ​មាស ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង និងសំរឹទ្ធ ១២៧គ្រឿង ធ្វើឱ្យកម្ពុជាឈរនៅចំណាត់​ថ្នាក់​លេខ ៤ ក្នុងចំណោម ១១ប្រទេស ហើយជាលទ្ធផលល្អលើសពីការប្រកួតកីឡា SEA Games មុនៗ និងលើសពីការរំពឹងទុក។

ក្នុងនាមប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC សម្តេចពិជ័យសេនាបាន​គោរពជូនពរ និងថ្លែងអំណរគុណជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងចលនាអូឡាំពិកអន្តរជាតិ ដែលបានគាំទ្រ និងសម្របសម្រួលដល់កិច្ច ដំណើរការ​ប្រព្រឹត្តិ​ទៅនៃព្រឹត្តិការណ៍កីឡា ក្នុងគោលការណ៍សហប្រតិបត្តិការ និងគោលគំនិតបាវចនាកីឡា អូឡាំពិកអន្តរជាតិ។ ទន្ទឹមនេះ សូមគោរពថ្លែងអំណរគុណចំពោះប្រមុខថ្នាក់ដឹកនាំបណ្តា​ប្រទេសជាមិត្តក្នុងសហគមន៍អាស៊ាន ដែលបានផ្ដល់មហាកិត្តិយសអញ្ជើញចូលរួមក្នុងមហា​ព្រឹត្តិការណ៍កីឡាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចប្រធានក៏បានថ្លែងអំណរគុណចំពោះប្រតិភូកីឡា កីឡាករ កីឡាការិនីបរទេស ដែលបានចូលរួមប្រកួត និងអាជ្ញាកណ្ដាលអន្តរជាតិ ដែលបានចូលរួមសម្របសម្រួលដោះ​ស្រាយវិវាទបច្ចេកទេស បានដោយរលូន យុត្តិធម៌ និងដំណើរការប្រកួតមានភាពល្អប្រសើរ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានសម្រប​សម្រួល​ការងារគ្រប់បែបយ៉ាង រួមគ្នាដោះស្រាយការងារពាក់ព័ន្ធជាមួយបណ្តាប្រទេសចូលរួម​ទាំង​អស់ ដែលអាចទទួលយកបាន និងសហប្រតិបត្តិការល្អ និងជោគជ័យក្នុងព្រឹត្តិការណ៍ជា​ប្រវត្តិសាស្ត្រនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.