កីឡាករកម្ពុជា ដែលទទួលបានមេដាយមាសពីការប្រកួតកីឡាវ៉ូវីណាម បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ចំពោះការរៀបចំឱ្យមានព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះឡើង ដែលជាការផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនីកម្ពុជា បញ្ចេញសមត្ថភាពនៅលើទឹកដីកំណើតរបស់ខ្លួន ដើម្បីឱ្យពិភពលោកបានឃើញនិងទទួលស្គាល់ពីភាពអស្ចារ្យរបស់កម្ពុជា ។ . លោក ម៉េត សុភក្ត្រា កីឡាករជម្រើសជាតិវ៉ូវីណាមកម្ពុជា ដែលទទួលបានមេដាយមាស ពីការប្រកួតកីឡាវ៉ូវីណាម នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានឱ្យដឹងថា ចាប់តាំងពីចាប់ផ្តើមការប្រកួតកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ គឺកីឡាករ កីឡាការិនីវ៉ូវីណាមទាំងអស់ បានខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញក្នុងការប្រកួតដណ្តើមមេដាយជូនជាតិ ដើម្បីលើកមុខមាត់ប្រទេសជាតិ ខ្លួនឯង និងជាការបង្ហាញទៅកាន់បណ្តាប្រទេសផ្សេងៗ ថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតដណ្តើមមេដាយជូនជាតិ។ អំឡុងពេលនៃការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជានេះ គឺលោកពិតជាមានមោទនភាពចំពោះការរៀបចំរបស់កម្ពុជា និងបានបង្ហាញអារម្មណ៍សប្បាយរីក រាយ នៅពេលដែលខ្លួនដណ្តើមបានទាំងមេដាយ មាស ប្រាក់ សំរឹទ្ធ នៅក្នុងប្រទេសកំណើតរបស់ខ្លួន អំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ។  ក្នុងនោះ លោកក៏បានថ្លែងអំណរគុណទៅដល់រាជរដ្ឋាភិបាល Camsoc ក្រុមគ្រូពេទ្យ ក្រុមការងារស្មគ្រ័ចិត្ត ការងារពាក់ព័ន្ធ ជាពិសេសទស្សនិកជនដែលបានចូលរួមទស្សនា គាំទ្រ និងផ្តល់កម្លាំងចិត្ត ទៅដល់កីឡាករ កីឡាការិនីវ៉ូវីណាមទាំងអស់ ឱ្យកាន់តែមានកម្លាំងចិត្តក្នុងការប្រកួត ដើម្បីធ្វើយ៉ាងណាបង្ហាញមុខមាត់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។  « ខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាល ដែលបានរៀបចំឱ្យមានការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជានេះ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំដ៏ឆ្នើម ក្នុងនោះក៏អរគុណទៅដល់គណៈកម្មាធិការជាតិអូឡាំពិក ដែលបានរៀបចំឱ្យមានកីឡាប្រភេទនេះកើតឡើងនៅក្នុងព្រឹត្តិការណ៍នេះ ដើម្បីអាចឱ្យកីឡាករ កីឡាការិនី មានឱកាសក្នុងការបញ្ចេញសមត្ថភាពនៅលើទឹកដីរបស់ខ្លួន » ។ សូមបញ្ជាក់ថា កីឡាករជម្រើសជាតិវ៉ូវីណាមកម្ពុជា ម៉េត សុភក្ត្រា បានឈ្នះមេដាយមាសចំនួន១ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (ស៊ីហ្គេម) ឆ្នាំ២០២៣ ក្នុងប្រភេទកីឡាវ៉ូវីណាម លើវិញ្ញាសាការពារខ្លួនចម្រុះ បុរស៣ និងនារី៣នាក់ ។ ក្នុងនោះកីឡាករ ម៉េត សុភក្ត្រា ទទួលបានមេដាយប្រាក់ចំនួន១ លើវិញ្ញាសាស្នៀតការពារខ្លួនបុរស២នាក់ មានអាវុធ ។ ជាងនេះទៅទៀត កីឡាករ ម៉េត សុភក្ត្រា ក៏បានឈ្នះមេដាយសំរឹទ្ធចំនួន២ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម)លើកទី៣២ ឆ្នាំ២០២៣ ក្នុងប្រភេទកីឡាវ៉ូវីណាម លើវិញ្ញាសាសម្ដែងក្បាច់ពិសេសក្រុម បុរស៤នាក់ និងវិញ្ញាសា​ក្បាច់ការពារខ្លួននារីម្នាក់ និងបុរសម្នាក់ មានអាវុធ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.