ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវមានប្រសាសន៍ថា ទំនងរវាងកម្ពុជា និងឡាវ កំពុងតែស្ថិតដល់ចំណុចកំពូល ហើយអ្វីដែលត្រូវធ្វើបន្ត គឺរួមគ្នាសម្របសម្រួលគ្នា ធ្វើឱ្យទំនាក់ទំនងនេះឈានឆ្ពោះឡើងមួយកម្រិតទៀត។

នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួការផ្ទាល់សម្ដេចតេជោ បន្ទាប់ពីជំនួបពិភាក្សាការងាររបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា និងឯកឧត្តមបណ្ឌិត ថងលួន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះដែរ ឯកឧត្ដម ថងលុន បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានអញ្ជើញឯកឧត្ដម មកចូលរួមក្នុងពិធីបើកកីឡាស៊ីហ្គេមនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម ថងលុន បានមានប្រសាសន៍ថា ឯកឧត្ដមពិតជាមានកិត្តិយសណាស់ ជាមួយការរៀបចំដ៏ល្អរបស់កម្ពុជា ហើយឯកឧត្ដមមានជំនឿជឿជាក់ថា កម្ពុជានឹងទទួលបានជោគជ័យ និងមេដាយមាសច្រើន។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ថងលុន បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយប្រទេសឡាវដ៏ធំធេង និងថ្លៃថ្នូរនាពេលកន្លងមក រួមទាំងវិស័យសុខាភិបាល និងវិស័យសេដ្ឋកិច្ច។ ឯកឧត្ដមក៏បានមានប្រសាសន៍បន្តថា ទំនាក់ទំនងរវាងកម្ពុជានិងឡាវ កំពុងតែស្ថិតដល់ចំណុចកំពូល ហើយអ្វីដែលត្រូវធ្វើបន្ត គឺរួមគ្នាសម្របសម្រួលគ្នា ធ្វើឱ្យទំនាក់ទំនងនេះឈានឆ្ពោះឡើងមួយកម្រិតទៀត។ ឯកឧត្ដមបានបន្ដថា តាមរយៈការរួមគ្នាអនុវត្តន៍តាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងស្វែងរកកិច្ចសហប្រតិបត្តិការដទៃបន្ថែមទៀត ដូចជា លើវិស័យទេសចរណ៍ វិនិយោគ វិស័យសន្តិសុខ និងរួមគ្នាត្រៀមដោះស្រាយគ្រោះមហន្តរាយជាយថាហេតុ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះឯកឧត្ដម ថងលុន ដែលបានទទួលការអញ្ជើញមកចូលរួមពិធីបើកកីឡាស៊ីហ្គេម។ សម្ដេចតេជោ ក៏បានឯកភាពជាមួយឯកឧត្ដម ថងលុន លើទំនាក់ទំនងរវាងប្រទេសទាំងពីរ និងអ្វីដែលត្រូវធ្វើបន្ត។ ជាងនេះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យភាគីទាំងពីរ កម្ពុជា-ឡាវ រួមគ្នាពិនិត្យលើការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីធ្វើយ៉ាងណាជំរុញការវិនិយោគរវាងប្រទេសទាំងពីរឱ្យបានកាន់តែច្រើនឡើងថែមទៀត។

គួរបញ្ជាក់ដែរថា តបតាមការយាងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ថងលួន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ០៤ ដល់ទី ០៦ ខែឧសភា ឆ្នាំ ២០២៣។ ដែលតាមកម្មវិធីគ្រោងទុកក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំង។ ឯកឧត្តមបណ្ឌិត ថងលូន ស៊ីសុលីត ក៏នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះដែរ ឯកឧត្តមបណ្ឌិត ថងលួន ស៊ីសុលីត បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ“ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ថងលួន ស៊ីសុលីត នឹងអញ្ជើញចូលរួមក្នុងពិធីបើកនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាជនពិការអាស៊ានលើកទី១២ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ពីថ្ងៃទី ០៥ ដល់ទី ១៧ ខែឧសភា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមបណ្ឌិត ថងលូន ស៊ីសុលីត មកកាន់កម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃដែលមានស្រាប់ ភាពជាអ្នកជិតខាងល្អ ចំណងភាតរភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.