បន្ទាប់ពីពិធីដង្ហែព្រះអគ្គិជ័យកីឡា ឆ្លងកាត់តាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដោយចេញដំណើរពីខេត្តសៀមរាប ឆ្ពោះទៅកាន់ប្រទេសវៀតណាម ហ្វីលីពីន ប៊្រុយណេ ឥណ្ឌូនេស៊ី ទីម័រឡេស្ត ម៉ាឡេស៊ី ថៃ មីយ៉ាន់ម៉ា និង ប្រទេសឡាវរួចមក កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៣ ព្រះអគ្គិជ័យកីឡា បានវិលត្រឡប់មកកាន់ព្រះរាជាណា ចក្រកម្ពុជាវិញ តាមច្រកព្រំដែននៃខេត្តស្ទឹងត្រែង។ ជាបន្តបន្ទាប់ ព្រះអគ្គិជ័យកីឡា បានត្រូវដង្ហែចូលមកកាន់រាជធានីភ្នំពេញ និងបន្តទៅកាន់បណ្តាខេត្តជាប់បឹងទន្លេ សាប ដូចជា៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយ មានជ័យ សៀមរាប កំពង់ធំ កំពង់ចាម និងចុងក្រោយត្រូវដង្ហែមកកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីប្រកាសបើកជាផ្លូវការនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ។

សូមអញ្ជើញលោកអ្នកនាងស្តាប់បទយកការណ៍របស់វិទ្យុជាតិកម្ពុជា ស្តីពី៖ ប្រជាពលរដ្ឋក្នុងខេត្តសៀម រាបសប្បាយរីករាយ និងអបអរ សាទរខណៈព្រឹត្តិការណ៍កីឡាស៊ីហ្គេមបានឈានចូលមកដល់ដូចតទៅ៖

អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ រដ្ឋបាលរាជធានី និងតាមបណ្តាខេត្តទាំងអស់ បានរៀបចំការផ្សាយបន្តផ្ទាល់ ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ។ ក្នុងនោះរដ្ឋបាលខេត្តសៀមរាប បានរៀបចំការផ្សាយបន្តផ្ទាល់ នូវព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅសួនច្បារព្រះរាជដំណាក់ក្នុងក្រុងសៀមរាប និងបណ្ដាស្រុកទាំង១១ផ្សេងទៀត ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តចូលរួមទស្សនា និងគាំទ្រដល់ក្រុមកីឡាករជម្រើសជាតិកម្ពុជា ខណៈពិធីបើកជាផ្លូវការនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី០៥ ខែឧសភា ខាងមុខនេះ ។ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជានៅក្នុងខេត្តសៀមរាបដែរ បានបង្ហាញក្តីសប្បាយរីករាយ និងអបអរសាទរ ដែលព្រឹត្តិការណ៍នេះបានឈានចូលមកដល់ និងយល់ថាកម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើនក្នុងនាមជាម្ចាស់ផ្ទះនេះ។

លោក សៅ សំណាង ប្រជាពលរដ្ឋភូមិបន្ទាយឫស្សី ស្រុកប្រាសាទ បាគង បានឱ្យដឹងថា៖ នៅពេលការប្រកួតកីឡាស៊ីហ្គេម បានឈានចូលមកដល់លោកកាន់តែមានអារម្មណ៍រំភើប ព្រោះថាសកល លោកនឹងបានស្គាល់កម្ពុជាកាន់តែច្បាស់។

ខណៈការប្រកួតលើប្រភេទកីឡាមួយចំនួនបានចាប់ផ្តើមតាំងពីថ្ងៃទី២៩ ខែមេសាមកម្ល៉េះ ហើយសាធារណជនអាចចូលទស្សនាដោយឥតគិតថ្លៃ។ លោកសំណាង អះអាងទៀតថា៖ ការរៀបចំព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ ប្រព្រឹត្តទៅបានក៏ដោយសារកម្ពុជាកំពុងរស់នៅក្នុងសុខសន្តិភាពយ៉ាងពេញលេញ ។

សំឡេង១«នៅពេលដែលមានការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ កម្ពុជានឹងទទួលបានសារប្រយោជន៍ធំៗជាច្រើនដូចជា ទីមួយហ្នឹង ឱ្យគេស្គាល់ប្រទេសកម្ពុជា កាន់តែច្រើន ទីពីរទៀតជាប្រទេសដែលរស់នៅក្រោមសុខសន្តិភាព ដោយការគ្រប់គ្រងនិងដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជាល្អ អ៊ីចឹងអាចធ្វើឱ្យភ្ញៀវកិត្តិយស ភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាជាពិសេសនៅថ្ងៃទី៥ខាងមុខនេះ យើងរៀបចំកីឡាស៊ីហ្គេម អ៊ីចឹងពេលគេមកទស្សនាគេអាចស្គាល់កម្ពុជាកាន់តែច្បាស់។ មួយវិញទៀតបើកកីឡាស៊ីហ្គេម គឺផ្តល់ឱកាសឱ្យសាធារណជនទូទៅហ្នឹង ចូលទស្សនាដោយឥតគិតថ្លៃ អ៊ីចឹងនេះជាចំណុចសំខាន់មួយ សម្រាប់ទាក់ទាញទេសចរ គេមកម្តងហើយចង់មកម្តងទៀតធ្វើឱ្យកម្ពុជា មានកំណើនសេដ្ឋកិច្ច ក៏ដូចជាភ្ញៀវទេសចរកាន់តែកើនឡើង »។

លោកបានបន្តទៀតថា៖ ក្រៅពីការមិនលក់សំបុត្រចូលទស្សនាការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមហើយនោះ ស្ថានីយ៍ទូរទស្សន៍ ជាពិសេសបណ្តាខេត្តទាំងអស់នៅកម្ពុជា បានធ្វើការផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍នេះ តាមទីតាំងសំខាន់ៗជាច្រើន ដើម្បីឱ្យប្រជាពលរដ្ឋដែលមិនអាចធ្វើដំណើរទៅរាជធានី តែចង់ទស្សនា និងគាំទ្រវិស័យកីឡាបានទស្សនាដោយសេរីថែមទៀតផង។

សំឡេង២«ការបើកឱកាសនិងផ្តល់ឱកាសឱ្យសាធារណជន ក៏ដូចជាមន្ត្រីនិងស្ថាប័នពាក់ព័ន្ធ អាចធ្វើការផ្សាយបន្តផ្ទាល់ជាមួយការប្រកួតកីឡាស៊ីហ្គេមខាងមុខនេះ ខ្ញុំយល់ ឃើញថា វាផ្តល់សារៈសំខាន់ជាច្រើន ទីមួយយើងងាកទៅកាន់ប្រជាពលរដ្ឋបច្ចុប្បន្នដែលគាត់នៅតាមបណ្តាសហគមន៍ គាត់មានការនិយមហើយគាត់អត់អាចទៅមានថវិកាទៅទស្សនានៅទីនោះផ្ទាល់ទេ ជាក់ស្តែងគាត់អាចមើលតាមការឡាយ ក៏ដូចជាការផ្សាយតាមទូរទស្សន៍ ឬប្រព័ន្ធអនឡាញ អ៊ីចឹងការផ្សព្វផ្សាយនេះ គឺជាការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទូទៅ ជាពិសេសសកលលោកបានស្គាល់កាន់តែច្បាស់ពីកម្ពុជាយើង »។

យុវជន សៅ សំណាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំរក្សាសន្តិភាពយ៉ាងពេញ លេញសម្រាប់ប្រជាជនកម្ពុជា ជាពិសេសការរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដើម្បីបង្ហាញកិត្តិនាមរបស់កម្ពុជាទៅកាន់សកលលោក។

សំឡេង៣«ចុងក្រោយនេះសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ ដែលបានខិតខំស្វែងរកសន្តិភាព ដែលធ្វើឱ្យកម្ពុជា និងប្រជាជនបច្ចុប្បន្នរស់នៅប្រកប ដោយសុខសន្តិភាព សន្តិសុខ និងការរីកចម្រើនជឿនលឿនលើគ្រប់វិស័យ។ មួយវិញទៀតដោយសារសន្តិភាពនេះហើយ ទើបធ្វើឱ្យកម្ពុជាយើង បានរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទើបធ្វើឱ្យទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាកម្ពុជាកាន់តែច្រើន »។

ចំណែកប្អូន ដេវីត អាយុ២០ឆ្នាំ រស់នៅភូមិវត្តរាជបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាបបានឱ្យដឹងដែរថា៖ មិនខុសគ្នាពីជនរួម ជាតិកម្ពុជាទាំងអស់គ្នាប៉ុន្មានឡើយ ប្អូនពិតជាសប្បាយរីករាយយ៉ាងខ្លាំង នៅពេលកម្ពុជា បានធ្វើជាម្ចាស់ក្នុងការរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដោយបានទន្ទឹងរង់ចាំរយៈពេលជាច្រើនឆ្នាំណាស់មកហើយ។

សំឡេង៤«សម្រាប់ខ្ញុំផ្ទាល់ពិតជារំភើប ហើយសប្បាយរីករាយមែនទែន ដោយសារកម្ពុជាយើងទម្រាំធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ស៊ីហ្គេម យើងរង់ចាំរយៈពេលយូរមែនទែន អ៊ីចឹងអ្វីដែលយើងទន្ទឹងរង់ចាំវាក្លាយទៅជាការពិត ។ហើយជាក់ស្តែងក្នុងព្រឹត្តិការណ៍ហ្នឹងវាបានចូលរួមចំណែកច្រើនមែនទែន សម្រាប់កម្ពុជាយើងព្រោះវាបានផ្សព្វផ្សាយ មិនថាវិស័យកីឡាឬវិស័យទេសចរណ៍ទេ គឺច្រើនមែន ទែន ខ្ញុំគិតថាល្អប្រសើរសម្រាប់កម្ពុជា ហើយសម្រាប់ខ្ញុំផ្ទាល់មានអារម្មណ៍ល្អ »។

ប្អូនបន្តទៀតថា៖ ការដែលរាជ រដ្ឋាភិបាលប្រកាសមិនយកថ្លៃសំបុត្រចូលទស្សនា និងការមិនលក់សិទ្ធិក្នុងការផ្សាយបន្តផ្ទាល់ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនេះ គឺជាការផ្តល់ឱកាសឱ្យប្រជាជនបានចូលទស្សនា និងបង្ហាញឱ្យពិភពលោក បានស្គាល់កម្ពុជាកាន់តែច្បាស់។

សំឡេង៥«ការហ្វ្រីទាក់ទងនឹងសំបុត្រហ្នឹង ពិតជាល្អមែនទែនសម្រាប់ប្រជាពលរដ្ឋកម្ពុជាយើង ក្នុងការចូលរួមទស្សនានិងគាំទ្រ ហើយវាពិតជាល្អប្រសើរសម្រាប់បណ្តាប្រទេសផ្សេងៗ ព្រោះថាកន្លងមកតាមរយៈការលក់សំបុត្រឬទិញសិទ្ធិក្នុងការផ្សាយបន្តផ្ទាល់ យើងឃើញថាមានព័ត៌មានពីប្រទេសថៃគាត់ថាយើងលក់សិទ្ធិផ្សាយបន្តថ្លៃពេក អ៊ីចឹងក្រោយមកក៏មានព័ត៌មានថា នឹងមានការហ្រ្វីជូនតាមទូរទស្សន៍គ្រប់បណ្តាប្រទេសទាំងអស់ ដែលនឹងផ្សាយបន្តផ្ទាល់ អ៊ីចឹងពិតជាល្អប្រសើរមែនទែន ដើម្បីផ្សព្វផ្សាយបន្ថែម ដើម្បីកម្ពុជាយើងកាន់តែល្បីល្បាញហើយគាត់អត់ស្ទាក់ស្ទើរទាក់ទងនឹងតម្លៃ វាពិតជាល្អសម្រាប់ខ្ញុំ»។

ប្អូនប្រុស ដេវីត រៀបរាប់បន្តទៀតថា៖ ប្អូននឹងព្យាយាមចូលរួមទស្សនាដោយផ្ទាល់ ដើម្បីជាការលើកទឹកចិត្តដល់កីឡាករកីឡាការិនីប្រទេសកកម្ពុជាយើង។

សំឡេង៦« បើសិនជាមានឱកាសខ្ញុំនឹងទៅចូលទស្សនាផ្ទាល់ នៅស្តាតមរតកតេជោ ព្រោះយើងឃើញតាមរយៈការផុសតាមបណ្តាញសង្គមផ្សេងៗ ការរៀបចំព្រឹត្តិការណ៍គឺធំសម្បើមមែនទែន ការហាត់សមគឺអស្ចារ្យមែនទែន អ៊ីចឹងការមើលផ្ទាល់ពិតជាល្អប្រសើរ តែពេលខ្លះអ្នកខ្លះមានភារកិច្ចរវល់តែអាចទស្សនាតាមការឡាយ ពិតជាល្អក្នុងការចូលរួមគាំទ្រវិស័យកីឡាស៊ីហ្គេមដែលនឹងធ្វើនៅកម្ពុជារបស់យើង »។

ក្នុងនាមជាម្ចាស់ផ្ទះកម្ពុជាបានរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម យ៉ាងល្អប្រសើរ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ប្រមុខរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ចូលទស្សនាដោយឥតគិតថ្លៃ និងមិនគិតថ្លៃចំពោះការផ្សាយបន្ដផ្ទាល់ពីការប្រកួតលើគ្រប់វិញ្ញាសាទៅតាមបណ្តាប្រទេសនានា ព្រមជាមួយការមិនតម្រូវឱ្យប្រតិភូកីឡាទាំងអស់បង់ប្រាក់ផងដែរ ។

ចាប់តាំងពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ក្នុងតំបន់អាស៊ានត្រូវបានរៀបចំឡើង នេះជាលើកទីមួយហើយដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងក៏ជាប្រទេសដំបូងគេ ក្នុងប្រវត្តិសាស្ត្រស៊ីហ្គេមដែលបានលើកលែងលើការចូលទស្សនា តម្លៃស្នាក់នៅ ម្ហូបអាហារ និងការដឹកជញ្ជូនគណៈប្រតិភូកីឡា ព្រមទាំងសិទ្ធិផ្សព្វផ្សាយ ដែលរឿងទាំងអស់នេះមិនដែលមានប្រទេសម្ចាស់ផ្ទះណាមួយធ្លាប់បានធ្វើឡើយ ។

កំណត់ត្រារបស់កម្ពុជាបែបនេះនឹងត្រូវបានប្រទេសអាស៊ាន និងពិភពលោកចងចាំ និងនឹកឃើញជានិច្ចនូវរាល់ពេលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមលើកក្រោយៗទៀត។ សូមជម្រាបផងដែរថា៖ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី០៥ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និង អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ចាប់ផ្តើមពីថ្ងៃទី០៣ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕ សម្រួលផ្សាយ៖ កន ចំណាន

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.