កិច្ចពិភាក្សាតុមូលស្តីពីលទ្ធផលនៃការស្ទង់មតិអំពីការយល់ឃើញពីគ្នាទៅវិញទៅមករបស់យុវជនអាស៊ាន និងកូរ៉េខាងត្បូង ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង នៅបន្ទប់សារព័ត៌មាននៃមជ្ឈមណ្ឌលសារព័ត៌មានកូរ៉េក្នុងទីក្រុងសេអ៊ូល។

កិច្ចពិភាក្សាតុមូលនេះបានបង្ហាញពីការរកឃើញនៃការស្ទង់មតិឆ្នាំ២០២២ ស្តីពីការយល់ឃើញពីគ្នាទៅវិញទៅមករបស់យុវជនអាស៊ាន និងកូរ៉េខាងត្បូង ដែលធ្វើឡើងតាមរយៈការសម្ភាសន៍ជាក្រុម (FGIs) ដែលជាការស្ទង់មតិតាមដានបន្តទៅរកការស្រាវជ្រាវដំបូងដែលបានធ្វើឡើងនៅក្នុងឆ្នាំ២០២១។

បណ្តាវាគ្មិនមកពីប្រព័ន្ធផ្សព្វផ្សាយ អ្នកសិក្សា អង្គការរដ្ឋាភិបាល និងយុវជន បានចូលរួមក្នុងកិច្ចពិភាក្សាតុមូលនេះ ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាស្តីពីការយល់ឃើញរបស់យុវជនអំពីអាស៊ាន និងកូរ៉េខាងត្បូង ព្រមទាំងចែករំលែកគំនិតសម្រាប់បង្កើតការយល់ឃើញពីគ្នាទៅវិញទៅមកប្រកបដោយតុល្យភាព និងការយល់ដឹងក្នុងចំណោមយុវជនក្នុងតំបន់ទាំងពីរ។

ដោយសារតួនាទីសំខាន់របស់យុវជនត្រូវបានសង្កត់ធ្ងន់សម្រាប់ការកសាងភាពជាដៃគូប្រកបដោយចីរភាព និងផលប្រយោជន៍ទៅវិញទៅមករវាងអាស៊ាន និងកូរ៉េខាងត្បូង ហើយវាក៏មានការទទួលស្គាល់កាន់តែច្រើនឡើងទៅលើតម្រូវការក្នុងការបង្កើតការយល់ឃើញពីគ្នាទៅវិញទៅមកប្រកបដោយតុល្យភាពរវាងយុវជននោះផងដែរ។ អាស្រ័យហេតុនេះ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ បានអនុវត្តគម្រោងស្ទង់មតិចំនួនពីរ (ឆ្នាំ២០២១-២០២២) ដើម្បីកំណត់ស្ថានភាពបច្ចុប្បន្ននៃការយល់ឃើញពីគ្នាទៅវិញទៅមករវាងយុវជនអាស៊ាន និងកូរ៉េខាងត្បូង និងផ្តល់យោបល់អំពីមធ្យោបាយកែលម្អការយល់ឃើញ។ ការស្ទង់មតិគុណភាពឆ្នាំ២០២២ ត្រូវបានអនុវត្តតាមរយៈ FGIs ជាមួយយុវជនអាស៊ាន និងកូរ៉េខាងត្បូងចំនួន ១៤៧នាក់ ហើយត្រូវបានរចនាឡើងជាការតាមដានការរកឃើញសំខាន់ៗពីការស្ទង់មតិដំបូងកាលពីឆ្នាំ២០២១។

វិស័យសំខាន់ៗចំនួនបីត្រូវបានគ្របដណ្តប់នៅក្នុង FGIs ជាពិសេសទៅលើការយល់ឃើញរបស់អាស៊ាន និងកូរ៉េខាងត្បូង ការផ្លាស់ប្តូរយុវជនរវាងអាស៊ាន និងកូរ៉េខាងត្បូង និងទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-កូរ៉េខាងត្បូង៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.