ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង នូវការកោតសរសើរចំពោះការចូលរួមរបស់បងប្អូនខ្មែរ-ឥស្លាម ក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអអរសាទរ ចំពោះការបញ្ចប់ដោយជោគជ័យនៃខែរ៉ាម៉ាដន របស់បងប្អូនខ្មែ-ឥស្លាម កន្លងទៅថ្មីៗនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងដូច្នេះ ក្នុងខណៈអញ្ជើញជួបសំណេះសំណាល ជាមួយគណៈចលនាសាសនិកឥស្លាមគ្រប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា ចំនួនប្រមាណ ៣ ៥៤០ នាក់ នាព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៣ នៅវិមាន៧មករា។ ក្នុងជំនួបនោះ សម្តេចតេជោ ក៏បានអរគុណដល់បងប្អូនខ្មែរ-ឥស្លាម ដែលកន្លងមកបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានភាគរយច្រើនលើសលុប ហើយការបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា នេះ គឺជាការចូលរួមរក្សាបាននូវសេចក្តីសុខ និងសុខសន្តិភាពរបស់ជាតិទាំងមូល។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ដោយក្តីមោទនភាពចំពោះភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់ប្រទេសកម្ពុជា ពីសេសវិធានការណ៍របស់រាជរដ្ឋាភិបាល ក្នុងការការចាក់ស្រោចវ៉ាក់សាំង ដែលជាកត្តាសំខាន់បំផុតក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងកូវីដ១៩ រួមជាមួយនឹងការចូលរួមសហការរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ហើយ ជាពិសេសសម្តេច ក៏បានអរគុណដល់ប្រទេសដៃគូទាំងអស់ដែលបានផ្តល់វ៉ាក់សាំងមកកម្ពុជា ជាពិសេសប្រទេសចិនដែលផ្តល់ច្រើនជាងគេ ទាំងការផ្តល់ជំនួយនិងការបញ្ជាទិញរបស់កម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍បន្តថា ការយកឈ្នះលើកូវីដ១៩ គឺបានផ្តល់ឱកាសឱ្យយើងគ្រប់គ្នាបានជួបជុំគ្នាឡើងវិញ ជាពិសេសក្នុងពិធីស្រាយបួសកន្លងទៅនេះ យើងបានជួបជុំគ្នារហូតដល់ជាង៦ពាន់នាក់ ហើយក៏អនុញ្ញាតឱ្យយើងបើកដំណើរការប្រទេសជាតិជាប្រក្រតីភាពឡើងវិញផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ ពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ១៩ ក្នុងនោះទាំងវិស័យទេសចរណ៍ សេវាកម្ម ជាដើម ចាប់ផ្តើមងើបឡើងវិញហើយ។ សម្តេចតេជោបន្តថា កម្ពុជានឹងក្លាយអធិរាជស្វាយចន្ទីនាពេលខាងមុខ ហើយរាជរដ្ឋាភិបាលកំពុងជំរុញក្នុងការនាំចេញស្វាយចន្ទីឱ្យបានច្រើននាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងដោយក្តីមោទនភាព នៃភាពជោគជ័យ នៃកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកន្លងទៅថ្មីៗនេះ ក្នុងនោះ ឯកសារជាង១០០ឯកសារត្រូវបានចេញសេចក្តីប្រកាស ដោយមិនមានឯកសារណាមួយរាំងស្ទះឡើយ។ ទាក់ទងនឹងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងពេលដ៏ខ្លីខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រម្លឹកបន្ថែមសារជាថ្មី ដល់បណ្តារាជធានី ខេត្តនានា គឺត្រូវរៀបចំស្លាយវីដេអូផ្សាយបន្តផ្ទាល់ឱ្យបានច្រើនកន្លែង ទាំងក្រុង និងខេត្ត ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកស្នេហាវិស័យកីឡាបានតាមដានទស្សនា នៅនឹងទីតាំងសំខាន់ៗទាំងអស់នោះចៀសសវាងការសម្រុកមកទស្សនានៅពហុកីឡដ្ឋានជាតិ ដែលមានមនុស្សច្រើនកុះករនោះ។ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅមើលផ្ទាល់សូមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ ចៀសវាងការប្រជ្រៀតគ្នា ដែលបង្កឱ្យបាត់សណ្ដាប់ធ្នាប់ និងប្រឈមនូវហានិភ័យផ្សេងៗ។ សម្តេចតេជោនាយកយករដ្ឋមន្ត្រីនូវតែបន្តអំពាវនាវឱ្យចូលរួមថែរក្សាសន្តិភាពឱ្យបានគង់វង្ស បន្តទៀត មានសន្តិភាព ទើបមានការអភិវឌ្ឍ។

ជាមួយគ្នានោះ សម្តេចតេជោក៏ស្នើឱ្យចូលរួមរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងត្រូវចូលរួមទប់ស្កាត់អតិផណាឱ្យបាន។ គ្រប់ស្ថាប័នទាំងអស់ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗ និងត្រូវចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធ ព្រមទាំងត្រូវខិតខំរកចំណូលសម្រាប់ជាតិឱ្យបានច្រើន។ សម្តេចតេជោក៏អំពាវនាវឱ្យមានការចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម បន្តការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឱ្យបានខ្ចាប់ខ្ជួន ដូចជាទប់ស្កាត់ការការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងរួមគ្នាទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា។ សម្តេចតេជោមានប្រសាសន៍បន្ថែមថា បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមរួចហើយនោះ ព្រឹត្តិការណ៍នៃការបោះឆ្នោតជាតិ នឹងត្រូវចូលមកដល់ ដូច្នេះស្នើធ្វើយ៉ាងណា ឱ្យការបោះឆ្នោតជាតិនៅពេលខាងមុខនេះ បានប្រព្រឹត្តទៅដោយរលូន មិនមានការគាបសង្កត់ ដោយសេរី និងយុត្តិធម៌ ពោលគឺត្រូវស្ថិតក្នុងបរិយាកាសល្អបំផុត។តាមរបាយការណ៍របស់ ឯកឧត្តម អូស្មាន ហាហ្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងពីប្រវត្តិនៃការបង្កើតគណកម្មការ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ដោយក្នុងឆ្នាំ១៩៩៨ គណៈចលនានេះត្រូវបានបង្កើតឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ ឯកឧត្តមបានបន្តថា គណៈចលនាសាសនិកឥស្លាមបានអនុវត្តន៍បានយ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោប្រធានគណបក្ស ហើយជាលទ្ធផលនៅគ្រប់អាណត្តិនៃការបោះឆ្នោត ទាំងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កត់សម្គាល់ឃើញថា បងប្អូនខ្មែរឥស្លាមបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានភាគរយខ្ពស់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.