អភិបាលរាជធានីភ្នំពេញ ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះអ្នកវិនិយោគរបស់ប្រទេសជប៉ុន ដោយបានរួមសហការ និងផ្តល់កិច្ចពិភាក្សាយ៉ាងជិតស្និទ្ធ ដើម្បីផ្តល់ភាពកក់ក្តៅដល់វិនិយោគិនជប៉ុនទាំងអស់ ។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ រវាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញជាមួយឯកឧត្តម ហ៊ូមីអាគិ តាកាហាស្ស៊ី ( Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ូមីអាគិ តាកាហាស្ស៊ី ( Fumiaki TAKAHASHI) បានសុំការសហការជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ក្នុងការរៀបចំខួប៧០ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ហើយសម្រាប់ខួប៧០នេះ សមាគមជប៉ុន-កម្ពុជា ក៏ដូចជាស្ថានទូតជប៉ុន គ្រោងនឹងរៀបចំជាព្រឹត្តិការណ៍ដ៏ធំមួយ ដោយមានទាំងការបាញ់កាំជ្រួច ការសម្ដែងសិល្បៈ ដែលបង្ហាញពីវប្បធម៌ អរិយធម៌របស់ប្រទេសជប៉ុន និងកម្មវិធីផ្សេងៗទៀត ដោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ វិច្ឆិកាឆ្នាំ២០២៣ខាងមុខ ។

ក្នុងនោះ លោក Kazunori Kato អនុប្រធានសមាគមជប៉ុន-កម្ពុជា និងជាប្រធានក្រុមហ៊ុន IL BRILLE ( អ៊ីលប្រ៊ីល ) បានធ្វើបទបង្ហាញពីការវិនិយោគរបស់សហគ្រិនជប៉ុននៅក្នុងប្រទេសកម្ពុជា ទៅលើគម្រោងវិនិយោគខ្សែច្រវាក់តម្លៃសូត្រ ដែលមានឈ្មោះថា គម្រោង «សរសៃសូត្រមាសខ្មែរ» ដែលគម្រោងនេះ  នឹងជួយទៅដល់កសិករឱ្យមានភាពរីកចម្រើននិងក្ដីសង្ឃឹមទៅលើការដាំដុះស្លឹកមននិងចិញ្ចឹមដង្កូវនាង ដើម្បីមានទីផ្សារកាន់តែល្អប្រសើរក្នុងការនាំចេញទៅក្រៅប្រទេស ។

ជាការឆ្លើយតប ចំពោះការស្នើសុំ សហការជុំវិញការបាញ់កាំជ្រួចក្នុងព្រឹត្តិការណ៍ខួបទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំនេះ ឯកឧត្តម ឃួង ស្រេង សូមឱ្យប្រធានសមាគម ធ្វើការទំនាក់ទំនងទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដើម្បីសូមការអនុញ្ញាតសិន។ ក្រោយពីមានការឯកភាពពីរាជរដ្ឋាភិបាល  រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការយ៉ាងពេញទំហឹង ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សម្រាប់ពិធីដ៏ធំនេះ។

ជាងនេះទៅទៀត ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បន្តថា រដ្ឋបាលរាជធានីភ្នំពេញក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្នកវិនិយោគរបស់ជប៉ុន ក៏ដូចជាអ្នកទេសចរនិងប្រជាពលរដ្ឋជប៉ុន ដែលមកស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យគាត់មានភាពកក់ក្តៅក្នុងចិត្ត ៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.