ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ កម្ពុជានិងអូស្ត្រាលីបានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ ព្រមទាំងជំរុញឱ្យមានការហោះហើរត្រង់ជាមួយគ្នា ខណៈស្ថានភាពភ្ញៀវទេសចរអូស្ត្រាលីមកកាន់កម្ពុជាក៏បង្ហាញនូវសញ្ញាល្អប្រសើរឡើងវិញផងដែរ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩។ ការឯកភាព និងប្ដេជ្ញានេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីក្រសួងទេសចរណ៍ ។

ឯកឧត្ដម ថោង ខុន បានលើកឡើងថា កាលពីឆ្នាំ២០០៧-២០១១ អង្គការទេសចរណ៍ពិភពលោកធ្លាប់បានជួយដល់គម្រោងអភិរក្ស និងអភិវឌ្ឍន៍សត្វផ្សោតទន្លេមេគង្គ តាមរយៈការបង្កើតសហគមន៍ទេសចរណ៍នៅតំបន់នោះ ក្នុងគោលដៅផ្លាស់ប្តូរមុខរបរអ្នកនេសាទឱ្យងាកមករកការផ្តល់សេវាទេសចរណ៍ ជំនួសមុខរបរនេសាទនៅតំបន់សត្វផ្សោត។ ឯកឧត្ដមរដ្ឋមន្ត្រីបានស្នើឱ្យភាគីអូស្ត្រាលីជួយពិចារណាផ្តល់គម្រោងដូចនេះនៅតំបន់សត្វផ្សោតទន្លេមេគង្គផងដែរ ព្រោះសត្វផ្សោតគឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយយ៉ាងសំខាន់នៅតំបន់នោះ ដោយលើកឡើងថា «គ្មានសត្វផ្សោត គឺគ្មានទេសចរ»។

ជាមួយគ្នានេះដែរ ឯកឧត្ដម ថោង ខុន ក៏បានរម្លឹកដល់ភាគីអូស្ត្រាលីពីគម្រោងកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍសហគមន៍ ក្នុងនោះសាកលវិទ្យាល័យ Sunshine Coast បានជួយឱ្យកម្ពុជាជាប្រទេសមួយនាំមុខក្នុងការអភិវឌ្ឍគម្រោងរៀបចំស្ដង់ដាសហគមន៍ទេសចរណ៍អាស៊ាន ដោយបានផ្ដល់ជាជំនួយបច្ចេកទេស។ ឯកឧត្ដរដ្ឋមន្រ្ដីបានជំរុញឱ្យភាគីអូស្ត្រាលីជួយសិក្សាក្នុងការផ្ដល់នូវជំនួយនានាសម្រាប់អភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងតំបន់អេកូទេសចរណ៍ដែលមានសក្តានុពលនៅកម្ពុជា ព្រោះរាជរដ្ឋភិបាលកម្ពុជាក៏បានបង្កើតឱ្យមានគណៈកម្មាធិការជាតិមួយដើម្បីអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ផងដែរ។

ពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តស្នើអូស្ត្រាលីជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ និងស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ដែលនឹងធ្វើឡើងនៅកម្ពុជានាពេលខាងមុខក្នុងឆ្នាំ២០២៣នេះ ដែលជាឆ្នាំទស្សនាកម្ពុជា ពិសេសគឺនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ ក៏នឹងមានការរៀបចំប្រកួតកីឡាប្រពៃណី ដើម្បីរួមចំណែកដល់ការផ្សព្វផ្សាយស៊ីហ្គេមផងដែរ។ លើសពីនេះទៀត កម្ពុជាក៏បានស្នើភាគីអូស្ត្រាលីបន្តពង្រឹងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងការគ្រប់គ្រង ដឹកនាំ និងអនុវត្តន៍គម្រោងដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍។

ឯកឧត្ដម ថោង ខុន បានបញ្ជាក់ផងដែរថា ដោយសារតែកន្លងមក អូស្ត្រាលីបានទទួលឧត្តមមន្ត្រីកម្ពុជាទៅចូលរួមការបណ្ដុះបណ្ដាលរយៈពេល៣ខែ និងរយៈពេលវែង ឬខ្លីផ្សេងទៀត ក្នុងនោះក៏មានអភិបាលរងខេត្តនៅតាមតំបន់ឆ្នេរសមុទ្រផងដែរ។ ក្រៅពីនេះ តាមរយៈឯកឧត្ដម ឯកអគ្គរដ្ឋទូត Justin Kevin Whyatt ក៏បន្ដជួយពង្រឹងបច្ចេកទេសនៃការបណ្ដុះបណ្ដាលសម្រាប់វិទ្យាស្ថានជាតិទេសចរណ៍ និងគ្រឹះស្ថានអប់រំទេសចរណ៍នានាដែលកំពុង និងត្រៀមបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍។

ឯកឧត្ដម Justin Kevin Whyatt បានបង្ហាញការប្ដេជ្ញាថានឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើគ្រប់វិស័យជាមួយភាគីកម្ពុជា ពិសេសវិស័យទេសចរណ៍។ ក្នុងឱកាសនោះដែរ ឯកឧត្ដម ថោង ខុន ក៏បានស្នើឱ្យឯកឧត្ដមឯកអគ្គរដ្ឋទូតជួយជំរុញឱ្យមានជើងហោះហើរត្រង់កម្ពុជា-អូស្ត្រាលី ដើម្បីសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ វិនិយោគិន ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅអូស្ត្រាលី និងនិស្សិតកម្ពុជាដែលកំពុងស្នាក់នៅ និងសិក្សាយ៉ាងច្រើននៅអូស្ត្រលី។

ទាក់ទងនឹងការស្នើសុំនេះ ឯកឧត្ដម ឯកអគ្គរដ្ឋទូ Justin Kevin Whyatt បានទទួលឯកភាពយល់ព្រម និងខិតខំជំរុញឱ្យបានក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្ដមនៅក្នុងប្រទេសកម្ពុជានេះ ហើយនឹងជំរុញឱ្យមានហោះហើរត្រង់រវាងកម្ពុជា-អូស្ត្រាលី។

សូមជម្រាបជូនផងដែរថា ពេលបច្ចុប្បន្ន អ្នកដំណើរដែលចង់ធ្វើដំណើរទៅមកកម្ពុជា-អូស្ត្រាលី គឺត្រូវប្ដូរជើងហោះហើរជាមួយសិង្ហបុរី ឬឥណ្ឌូណេស៊ី ឬក៏ទៅដល់ទីក្រុងហុងកុងក៏មាន។ តាមរយៈសំណើរបស់កម្ពុជាឱ្យមានការហោះហើរត្រង់ និងកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជានិងអូស្ត្រាលីរំពឹងទុកថានឹងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍បានមួយកម្រិតទៀត ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរអូស្ត្រាលីឱ្យមកទស្សនាកម្ពុជាបន្ថែមទៀតដែរ ខណៈកាលពីមុនពេលការរាតត្បាតជំងឺកូវីដ១៩ កម្ពុជាធ្លាប់ទទួលបានភ្ញៀវទេសចរអូស្ត្រាលីប្រមាណជាង១០ម៉ឺននាក់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.