រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើដំណើរនៅលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅកាន់ការសម្រេចបាននូវចក្ខុវិស័យដែលបានកំណត់ តាម រយៈការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈចាប់តាំងពីដំណាក់កាលទី១ រហូត មកដល់បច្ចុប្បន្ននេះដែលរយៈពេលជិត២០ឆ្នាំហើយ ។  ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ បានមានប្រសាសន៍ក្នុងកម្មវិធីបើកនៃពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដំណាក់កាលទី ៤ ៖ «គណនេយ្យភាពសមិទ្ធកម្ម» នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ថា ជោគជ័យនៃការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ បានផ្តល់ផលជាបណ្តើរៗលើការពង្រឹងគុណភាព «អភិបាលកិច្ចល្អ» និងការកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរឹងមាំមួយ ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិ បាលអាចលើកកម្ពស់ជីវភាព និងបម្រើសេវាសាធារណៈជូនប្រជាជនបានកាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានគុណភាព ការកសាងហេដ្ឋា រចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ដូចជា ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធអគ្គិសនី ការកសាងសាលារៀន និង មន្ទីរពេទ្យ បានកាន់តែច្រើន និងមានគុណភាពកាន់តែប្រសើរឡើងឥតឈប់ឈរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា សមិទ្ធផលជាប្រវត្តិសាស្ត្រនៃការកែទម្រង់ និង ការអភិវឌ្ឍ ដែលទាំងអស់គ្នាកំពុងតែក្រេបជញ្ជក់ជាមនុញ្ញផលនេះ អាចសម្រេចបានមក ដោយសារកិច្ចប្រឹងប្រែងរួម ជាធ្លុងមួយ ជាមួយនឹងឆន្ទៈមុតស្រួចឥតរាថយនៃថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៃគ្រប់ក្រសួង-ស្ថាប័នជាតិ នៅក្រោម ម្លប់ដ៏ត្រជាក់នៃ «សន្តិភាព» ដែលអគ្គមហារដ្ឋបុរសដ៏ឆ្នើមគ្មានពីរ នៃប្រជាជន គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈការតស៊ូលះបង់ដ៏ធំធេងបំផុត ពោលគឺ ដោយប្រថុយជីវិតផ្ទាល់ខ្លួន ដើម្បីបុព្វហេតុដ៏ឧត្តុងឧត្តមមិនអាចកាត់ថ្លៃបាននេះ ។ « សមិទ្ធផល និង បទពិសោធន៍ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ បានផ្តល់មេរៀនដ៏មានតម្លៃ ជាច្រើនអនេក និងបានធ្វើឱ្យ យើងរឹតតែជឿជាក់លើភាពត្រឹមត្រូវនៃទស្សនៈវិស័យរបស់យើង នោះគឺ យើងត្រូវកែទម្រង់ តាមសេចក្តីត្រូវការរបស់កម្ពុជា, ក្នុងបរិបទសង្គម-សេដ្ឋកិច្ច ស្ថាប័ន និង រដ្ឋបាល របស់កម្ពុជា, ក្នុងភាពជាម្ចាស់របស់កម្ពុជា, និង ជាពិសេស ក្នុងការទទួលខុសត្រូវរបស់កម្ពុជា ចំពោះ ជោគវាសនាអនាគតជាតិ ដោយខ្លួនឯង ស្របតាមបាវចនា ២ ៖ «កែទម្រង់ខាងក្នុង, បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ”; និង អភិក្រមទាំង ៥ ៖ “ឆ្លុះកញ្ចក់, ងូត ទឹក, ដុសក្អែល, ព្យាបាល និង វះកាត់”; របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី »។ សូមបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី១ បានចាប់ផ្ដើមឡើងនៅចុងឆ្នាំ ២០០៤ ដោយផ្តោតលើ «ការពង្រឹងភាពជឿទុកចិត្តបានថវិកា» ហើយដែលត្រូវបានអនុវត្តរហូតដល់ឆ្នាំ ២០០៨ ។ ដំណាក់កាលទី២ ដោយផ្តោតលើ «ការពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ”, ដែលត្រូវបានអនុវត្ត ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៥ ។ បន្ទាប់ពីបានវាយតម្លៃយ៉ាងម៉ត់ចត់លើវឌ្ឍនភាពរយៈពេល៧ឆ្នាំ នៃដំណាក់កាលទី២រួចមក, រាជរដ្ឋាភិបាលបានសម្រេចចាប់ផ្តើមអនុវត្តដំណាក់កាលទី៣ ដែលជាដំណាក់កាលយុទ្ធសាស្ត្រដ៏សំខាន់មួយទៀត ដោយផ្តោតលើ «ការផ្សារភ្ជាប់ថវិកា ទៅនឹងគោល នយោបាយ» ត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០១៦មក ។ យ៉ាងណាមិញ ដោយសារកត្តាសត្យានុម័តជាច្រើន ជាពិសេសបញ្ហាវិបត្តិជំងឺកូវីដ-១៩ គោលដៅគន្លឹះមួយចំនួននៃដំណាក់កាលទី៣ មិនអាចសម្រេចបានតាមកាលកំណត់ឡើយ ដែលជាហេតុតម្រូវឱ្យមានការពន្យារពេល តាមរយៈការដាក់ចេញនូវក្របខណ្ឌផែនការសកម្មភាពដំណាក់កាលទី៣នេះចំនួន២ឆ្នាំបន្ថែមទៀត គឺពីឆ្នាំ ២០២១ដល់ឆ្នាំ២០២២ មុននឹងអាចចាប់ផ្តើមអនុវត្តដំណាក់កាលទី៤ ដែលផ្ដោតលើ «គណនេយ្យភាពសមិទ្ធកម្ម» នៅក្នុងឆ្នាំ២០២៣នេះ ៕

ប្រធាន៖ ក្រសួងព័ត៌មាន

Share.

Comments are closed.