ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចពិតជាមានមោទនភាពខ្ពស់ ចំពោះការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ដែលតាមរយៈនេះ យើងអាចកសាងមូលដ្ឋានគ្រឹះតាមដំណាក់កាលនីមួយៗ និងអាចឈានដល់ដំណាក់កាលចុងក្រោយនេះបានជោគជ័យយ៉ាងត្រចះត្រចង់។ ទន្ទឹមនេះ សម្ដេចតេជោក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បណ្ដាដៃគូអភិវឌ្ឍន៍ទាំងឡាយដែលតែងតែបានគាំទ្រ ជាជំនួយបច្ចេកទេស និងជាជំនួយហិញ្ញវត្ថុ បន្តបន្ទាប់តាំងពីដំណាក់កាលទីមួយ រហូតដល់ដំណាក់កាលទីបួន ដែលជាដំនាក់កាលចុងក្រោយនេះ។ ការលើកឡើងរបស់សម្ដេចេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ចក្ខយវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំនាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧» នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ផ្ដល់នូវអនុសាសន៍គន្លឹះមួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃគ្រប់ក្រសួងស្ថាប័ន ដែលជាតួអង្គនម្មាបនករ និងប្រតិបត្តិករ នៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈថា ១ . ត្រូវបង្កើភាពជាម្ចាស់ ក្នុការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធាណៈនៅតាមក្រសួងស្ថាប័ន ដោយរដ្ឋមន្ត្រីនិងប្រធានស្ថាប័ន ត្រូវជំរុញអនុវត្តន៍ប្រកបដោយភាពជាម្ចាស់ នូវកិច្ចការកែទម្រង់ការគ្រប់គ្រងហិញ្ញវត្ថុសាធារណៈ ស្របតាមគោលការរួមរបស់រាជរដ្ឋាភិបាល។ ការគ្រប់គ្រងហិញ្ញវត្ថុ ត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការសម្រេចបាននូវគោលនយោបាយ និងបេសកកម្មរបស់ក្រសួងស្ថាប័ន ដែលរាជដ្ឋាភិបាលបានប្រគល់ជូន។ អាស្រ័យហេតុនេះ គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវចាត់ទុកការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាការងារដែលត្រូវតាមដានការអនុវត្តជាប្រចាំ។ ការកែទម្រង់ត្រូវផ្ដើមចេញជាសំខាន់ ពីការពង្រឹងភាពជាអ្នកដឹកនាំ និងការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ដែលផ្ដោតទៅលើការសម្រេចនូវលទ្ធផលស្របគ្នា និងការពង្រឹងសមត្ថភាពធនធានមន្ត្រីរាជការនៅក្រោមឱវាទ។ ២. សូមផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ដល់ការត្រៀមរៀបចំគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យបានដល់ការអនុវត្តជាមូលដ្ឋាននូវថវិកាមានសមិទ្ធកម្ម យ៉ាងយូរនៅឆ្នាំ២០២៦ខាងមុខ ស្របតាមគោលការណ៍កំណត់នៃយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកាជាតិរបស់រាជរដ្ឋាភិបាល។ ច្បាស់ណាស់ថា ការកែទម្រង់ប្រព័ន្ធថវិការជាតិ ជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយសារថវិកា គឺជាឧករណ៍គន្លឹះសម្រាប់រដ្ឋាភិបាលនៃប្រទេសនីមួយៗប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការប្រមែប្រមូលធនធានរបស់ជាតិ ប្រកបដោយចីរភាព និងការវិភាជន៍ធនធានទាំងនោះបម្រើឱ្យការអភិវឌ្ឍ ប្រកបដោយប្រសិទ្ធភាព។

៣. ត្រូវបន្តពង្រឹងយន្តការសម្របសម្រួលសង្គតភាព និងភាពប្រទាក់ក្រឡាគ្នារវាងកម្មវិធីកែទម្រង់សំខាន់ៗ ទាំងឡាយរបស់រាជរដ្ឋាភិបាល ពិសេសកម្មវិធីកែទម្រង់ ៣បូក១ ស្របតាមឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រស្ដីពី សុខដុមបនីយកម្មការកែទម្រង់ ៣បូក១ នៃរាជរដ្ឋាភិបាល ដែលសម្ដេចបានសម្រេចដាក់ឱ្យអនុវត្តន៍នាពេលថ្មីៗកន្លងទៅ។ អភិបាលកិច្ចល្អត្រូវការ សមាភាពសំខាន់ទាំង៤ ដែលជាកម្មវត្ថុនៃការកែទម្រង់ ៣បូក១នេះ ពោលគឺ ការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធភាព។ ធនធានមនុស្សនិងស្ថាប័នសាធារណៈ ប្រកបដោយគុណភាព ភាពស្អាតស្អំ និងសមត្ថភាព ហើយការកំណត់បែងចែកមុខងារច្បាស់លាស់ ការធ្វើប្រតិភូកម្មអំណាចត្រឹមត្រូវ និងការសម្របសម្រួលអនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព និង ប្រព័ន្ធច្បាប់ និងយុត្តិធម៌ ប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះ យើងពិតជាមានតម្រូវការចាំបាច់ ក្នុងការធានានូវសុខដុមភាព សង្គត៌ភាព ភាពប្រទាក់ក្រឡា និងការបំពេញគ្នាទៅវិញទៅមក នៃក្របខណ្ឌកែទម្រង់ ៣បូក១។ ៤. ត្រូវបន្តជំរុញឱ្យបានរីកចម្រើននូវវិស័យ ឌីជីថល ស្របតាមក្រខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ដោយបន្ស៊ី និងប្រទាក់ក្រឡាគ្នា ជាមួយនិងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជា ជាមួយកម្មវិធីកែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល។

៥. ត្រូវបន្តប្រកាន់ខ្ជាប់អភិក្រមការងារ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដែលជាអភិក្រមកែទម្រង់របស់មន្ត្រីរាជាការ និងថ្នាក់ដឹកនាំនៅតាមក្រសួងស្ថាប័នក្នុងគ្រប់កម្រិត ទាំងកម្រិតបច្ចេកទេស កម្រិតគ្រប់គ្រង និងកម្រិតដឹកនាំ ក្នុងស្មារតីភ្ញាក់រលឹក កែលម្អ និងបង្កើនប្រសិទ្ធភាពការងារ ទាំងក្នុងក្របខណ្ឌនៃការបំពេញការងារជាបុគ្គល ក៏ដូចជា ការបំពេញការងារជាក្រុម។ ៦. ត្រូវផ្ដល់សារៈសំខាន់ លើការពង្រឹងភាពជាអ្នកដឹកនាំនៅគ្រប់កម្រិត និងជាពិសេសក្នុងកម្រិតថ្នាក់ដឹកនាំ និងក្នុងស្ថាប័ន និងអង្គភាព ពីព្រោះនេះជាកត្តាចម្បង ដែលកំណត់នូវភាពជោគជ័យ នៃការងារនៅក្នុងគ្រប់អង្គភាព និងក្រសួងស្ថាប័ន ទាំងសាធារណៈ និងឯកជន។ ៧. ត្រូវប្រកាន់ខ្ជាប់យកគោលការណ៍គុណភាព សមត្ថភាព និងគុណអធិបតេយ្យ ជាវប្បធម៌ការងារពិសេស នៅក្នុងការគ្រប់គ្រងធនធានមនុស្ស។ ប្រការនេះ សំដៅដល់ភាពចាំបាច់ក្នុងការផ្ដល់នូវឱកាស និងការលើកទឹកចិត្ត ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ប្រកបដោយសមធម៌ និងយុត្តិធម៌ ជូនដល់មន្ត្រី បុគ្គលិក គ្រប់ថ្នាក់ ដោយផ្អែកលើគុណភាព ស្របតាមគុណវឌ្ឍន៍ បទពិសោធន៍ សមត្ថភាព ឆន្ទៈ និងវិន័យ ក្នុងការបំពេញការងារ។ គោលាករណ៍នេះ ត្រូវអនុវត្តន៍មិនត្រឹមតែក្នុងក្របខណ្ឌនៃកម្មវិធី កែទម្រង់ការគ្រប់គ្រងហិញ្ញវត្តុសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវតែក្លាយជាគោលការណ៍ជាអាទិភាពមួយ របស់រាជរដ្ឋាភិបាល សម្រាប់ពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន នៅគ្រប់កម្រិត។

៨. ត្រូវពង្រឹងយន្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃនៅគ្រប់កម្រិត ឱ្យបានទូលំទូលាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ជាឧបករណ៍ ដើម្បីកំណត់ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងកាលានុវត្តភាព នៃរាល់ការអនុវត្តកម្មវិធីអនុវត្តផែនការសកម្មភាពការងារ។ ម្យ៉ាងទៀត យន្តការនេះក៏ជាមធ្យោបាយដ៏សំខាន់មួយ សម្រាប់ចូលរួមពង្រឹងគណនេយ្យភាពសមិទ្ធកម្មផងដែរ៕ដោយ៖ ជឹម ណារី, ផ្សាយដោយ៖ កន ចំណាន

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.