សម្តេចប្រមុខរដ្ឋស្តីទី បានបង្ហាញក្ដីសង្ឃឹមថា ឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ក្នុងឱកាស អនុញ្ញាតឱ្យ ឯកឧត្ដម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ចូលជួបជូនសារតាំង នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ខែមីនាឆ្នាំ២០២៣នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ ដោយសេចក្តីរីករាយចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាបន្តបន្ទាប់។

នៅក្នុងឱកាសនោះ ឯកឧត្ដម Mohammed Ismaeil A. Dahlwy បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ។ ឯកឧត្តមមានជំនឿជឿជាក់ថា «តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យឱ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេស ឯកឧត្ដមនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យមានស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៣នេះ»។

សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា «ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃកម្ពុជា ត្រៀមខ្លួនជានិច្ចធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរាជទូត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ»។ ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះឯកឧត្ដម Mohammed Ismaeil A. Dahlwy ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា។

តាមរយៈឯកឧត្តមឯកអគ្គរាជទូត សម្តេចប្រមុខរដ្ឋស្តីទីបានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខសេចក្តីនឹករលឹកអំពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជាថ្វាយព្រះមហាក្សត្រ និងជូនចំពោះថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។ សម្តេចប្រមុខរដ្ឋស្តីទីបានប្រសិទ្ធពរជូនឯកឧត្តមឯកអគ្គរាជទូត សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនៅព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.