បន្ទាប់ពីប្រតិបត្តិការអស់រយៈពេលជាងមួយឆ្នាំជាមួយនឹងទំនិញរាប់លានតោន និងអ្នកដំណើររាប់លាននាក់ត្រូវបានដឹកជញ្ជូន ផ្លូវដែកឡាវ-ចិនបានជួយកាត់បន្ថយថ្លៃដឹកជញ្ជូន និងពង្រីកសកម្មភាពនាំចេញឆ្លងកាត់ព្រំដែននៅក្នុងតំបន់។

លោក វីឡៃសាក់ ប៊ូនតូមេ (Vilaysack Bountome) នាយកក្រុមហ៊ុន LTC&TPAS ដែលជាក្រុមហ៊ុនដឹកជញ្ជូនដែលមានមូលដ្ឋាននៅទីក្រុងវៀងចន្ទន៍បាននិយាយថា កាលពីពេលមុន ការដឹកជញ្ជូនទំនិញពីទីក្រុងវៀងច័ន្ទន៍ទៅកាន់ទីក្រុងបូទែនក្នុងខេត្តហ្លួងណាំថាដែលជាប់ព្រំដែនប្រទេសចិន ក្រុមហ៊ុនអាចដឹកជញ្ជូនទំនិញបានតែតាមផ្លូវគោកប៉ុណ្ណោះ ហើយវាត្រូវចំណាយពេលយ៉ាងហោចណាស់ពីពីរ ឬបីថ្ងៃនៅរដូវប្រាំង និងកាន់តែយូរជាងនេះទៀតនៅរដូវវស្សា។

ដោយសារផ្លូវដែកនេះ ក្រុមហ៊ុនអាចដឹកជញ្ជូនទំនិញបានច្រើន ហើយចំណេញពេលវេលា និងការចំណាយ។ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៣ ក្រុមហ៊ុន LTC&TPAS បានដឹកជញ្ជូនទំនិញជាង ៣០.០០០តោនទៅកាន់ប្រទេសចិន។

ចាប់តាំងពីប្រតិបត្តិការរបស់ខ្លួននៅក្នុងខែធ្នូ ឆ្នាំ២០២១ មក ផ្លូវដែកនេះបានដឹកជញ្ជូនអ្នកដំណើរក្នុងស្រុកប្រមាណជិត ១,៩លាននាក់នៅក្នុងប្រទេសឡាវ និងដឹកទំនិញបានប្រមាណជិត ២,៩លានតោនឆ្លងកាត់ផ្លូវព្រំដែនរវាងឡាវ-ចិន ដែលមានតម្លៃជាង ២ប៊ីលានដុល្លារអាម៉េរិកគិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈឆ្នាំនេះ។

ចំនួនទំនិញដែលដឹកតាមផ្លូវនេះបានកើនឡើងពី ១០ប្រភេទេដល់ជាង ១.២០០ប្រភេទ។

ប្រទេសថៃ និងម៉ាឡេស៊ីក៏បានអនុវត្តគម្រោងតភ្ជាប់ជាមួយប្រព័ន្ធផ្លូវដែកឡាវ-ចិននេះដែរ ដើម្បីជំរុញការនាំចេញទំនិញ ជាពិសេសផលិតផលកសិកម្មទៅកាន់ប្រទេសចិន។

ប្រទេសថៃកំពុងជំរុញការតភ្ជាប់ផ្លូវដែករបស់ខ្លួនជាមួយផ្លូវដែកឡាវ-ចិន រួមទាំងការកសាងស្ពានផ្លូវដែកថ្មីមួយស្របទៅនឹងស្ពានមិត្តភាពឡាវ-ថៃលេខ១ នៅទីក្រុងវៀងច័ន្ទន៍ ដើម្បីគាំទ្រដល់ការដឹកជញ្ជូនទំនិញតាមកុងតឺន័រសម្រាប់នាំចេញទៅកាន់ប្រទេសចិនតាមរយៈផ្លូវដែកឡាវ-ចិន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.