សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការ ស្វែងរកសន្តិភាព និងអភិវឌ្ឍន៍នៅកម្ពុជា។

ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាបែបនេះ ខណៈអនុញ្ញាតឱ្យ ឯកឧត្តម បណ្ឌិត ផាក ជុងវ៉ូក (Park Jung Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

នៅក្នុងជំនួប ឯកឧត្តម ផាក ជុងវ៉ូក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែល សម្តេចប្រធាន បានអនុញ្ញាតឱ្យចូលជួបសម្តែងគួរសមនាឱកាសនេះ និងបានអបអរសាទរ និងថ្លែងការកោតសរសើរ ចំពោះការរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជានៅលើគ្រប់វិស័យ។

ជាមួយការសម្តែងក្តីសោមនស្សរីករាយសូមស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន បានមានប្រសាសន៍ថា កម្ពុជា-សាធារណរដ្ឋកូរ៉េ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ក្នុងខែតុលា ឆ្នំា១៩៩៧ ដែលរហូត ដល់ពេលនេះ មានរយៈពេលជាង២ទសវត្សរ៍មកហើយ។ ថ្នាក់ដឹកនាំប្រទេសទំាងពីរ មានទស្សនៈដូចគ្នា គឺជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស យើងទំាងពីរឱ្យដល់កម្រិតជាដៃគូយុទ្ធសាស្រ្ត។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា សាធារណរដ្ឋកូរ៉េ បានចូលរួម ចំណែកយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាសព្វថ្ងៃ តាមរយៈការឧបត្ថម្ភគាំទ្រ ការផ្តល់ជំនួយឥតសំណង និងកម្ចីឥណទានសម្បទាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យនានារួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ វប្បធម៌ សុខាភិបាល និងវិស័យផ្សេងៗទៀត។ រដ្ឋសភាកម្ពុជាពេញចិត្តនឹងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរដ៏ល្អ រវាងរដ្ឋាភិបាល ប្រទេសទំាងពីរ ដែលបានផ្តល់ផលប្រយោជន៍ វឌ្ឍនភាព និងវិបុលភាពសម្រាប់ ប្រជាជាតិយើងទំាងសងខាង។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការទូតសភាវិញ សម្តេចបានលើកឡើងថា រដ្ឋសភាប្រទេសទំាងពីរ បានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលទំាងពីរ តាមរយៈការចែករំលែកបទពិសោធន៍ ពីការងារនីតិកម្ម ការផ្លាស់ ប្តូរទស្សនកិច្ចថ្នាក់ដឹកនំា និងគណៈកម្មការជំនាញនានា នៃសភាទំាងពីរ។ សភាទាំងពីរតែង គាំទ្រគ្នា ទៅវិញទៅមក លើវេទិកាអន្តរសភានានា ទាំងក្នុងតំបន់ និងសកលលោក។

សម្តេច ហេង សំរិន បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមំាថា ក្នុងអាណត្តិបេសកកម្មការ ទូតថ្មីរបស់ឯកឧត្តមនៅកម្ពុជា កិច្ចសហប្រតិបត្តិការនានា នឹងបន្តពង្រឹងពង្រីកឥតឈប់ឈរ លើគ្រប់វិស័យ ឱ្យកាន់តែស្អិតល្មួតបន្ថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.