គណៈកម្មាធិការអាស៊ាននៅសាធារណរដ្ឋឆេក (ACP) បានបរិច្ចាគអាហារដល់សហព័ន្ធឆេកនៃធនាគារចំណីអាហារ (Czech Federation of Food Banks) ដើម្បីជួយដល់ប្រជាជនក្នុងតំបន់ដែលមានការខ្វះខាត។

ក្រុមការងារនៃគណៈកម្មាធិការ ACP រួមមាន​ស្ថានទូត​នៃ​រដ្ឋ​ជា​សមាជិក​អាស៊ានចំនួន​ប្រាំមួយ ​គឺឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និង​វៀតណាម។

នៅក្នុងពិធីនោះ ប្រធានប្តូរវេនគណៈកម្មាធិការ ឯកអគ្គរាជទូតថៃ លោក ផាស់ផន សង្កាស៊ូបាណា (Phasporn Sangasubana) បានសម្តែងនូវគោលបំណងចង់រួមដៃជាមួយសហព័ន្ធ ដើម្បីជួយដល់អ្នកខ្វះខាត ដោយលោកបានសម្តែងនូវក្តីសង្ឃឹមថា សកម្មភាពបរិច្ចាគរបស់ទីភ្នាក់ងារនេះនឹងត្រូវបានរក្សាអនុវត្តនៅឆ្នាំខាងមុខៗទៀត។

ដោយកោតសរសើរចំពោះការរួមចំណែករបស់គណៈកម្មាធិការ APC នាយកប្រតិបត្តិនៃសហព័ន្ធ លោកស្រី វេរ៉ូនីកា ឡាចូវ៉ា (Veronika Lachova) បាននិយាយថា ការបរិច្ចាគដោយបណ្តាស្ថានទូតនៃប្រទេសជាសមាជិកអាស៊ានបានក្លាយជាសកម្មភាពដ៏មានអត្ថន័យជាប្រពៃណីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

លោក​ស្រី​បាននិយាយ​ថា អំណោយ​របស់​ពួក​គេ​នឹង​ត្រូវ​ប្រគល់​ទៅ​ឱ្យ​ប្រជាជន​ដែល​មាន​ការ​លំបាកដែល​រួម​មាន​ស្ត្រី កុមារ គ្រួសារ​ជួប​ការ​លំបាក និង​ជនភៀសខ្លួន​ក្នុង​សាធារណរដ្ឋឆេក។ ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ សហព័ន្ធនេះគឺជាការឧបត្ថម្ភរបស់ធនាគារអាហារចំនួន១៥ នៅទូទាំងប្រទេស។

ធនាគារអាហារ គឺជាអង្គការមិនរកប្រាក់ចំណេញដែលប្រមូលអាហារ និងចែកចាយវាទៅអង្គការសប្បុរសធម៌ដែលជាដៃគូរបស់ពួកគេ និងអង្គការសប្បុរសធម៌ដទៃទៀត ដើម្បីផ្តល់អាហារទាំងនោះទៅដល់កុមារ មនុស្សចាស់ ឪពុកម្តាយនៅលីវ ជនពិការ អ្នកគ្មានផ្ទះសម្បែង និងអ្នកផ្សេងទៀតដែលត្រូវការជំនួយ៕

Share.

Comments are closed.