បន្ទាប់ពីមានការចេញផ្សាយរបស់សារព័ត៌មានថៃថា ម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជាបានកំណត់ការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានបំភ្លឺចំពោះសារព័ត៌មានថៃដែលបានផ្សាយថាកម្ពុជាមិនមែនជាអ្នកកំណត់តម្លៃលក់សិទ្ធិទូរទស្សន៍នោះទេ ប៉ុន្តែវាជាការចរចា និងឯកភាពគ្នាក្នុងស្មារតីអាស៊ីអាគ្នេយ៍។

នេះជាការបញ្ជាក់របស់ឯកឧត្តមជូនបណ្តាញសារព័ត៌មានជាតិ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីឱ្យបានយល់ច្បាស់ពីបញ្ហានេះ។

ឯកឧត្តមគូសបញ្ជាក់ថា៖ «ថ្មីៗនេះមានសារព័ត៌ចេញពីប្រទេសថៃបានផ្សាយអំពីការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ សារព័ត៌មានថៃបានផ្សព្វផ្សាយថា កម្ពុជាបានកំណត់តម្លៃលើការទិញសិទ្ធិផ្សព្វផ្សាយទូរទស្សន៍ពីព្រឹត្តិការណ៍កីឡាដ៏ធំឆ្នាំ២០២៣នេះ»។

ឯកឧត្តមបានអគ្គលេខាធិការបំភ្លឺថា CAMSOC មិនដែលបានកំណត់តម្លៃលើការលក់សិទ្ធិទូរទស្សន៍នោះទេ ដោយកម្ពុជាបានចរចារគ្នាជាមួយគណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសអាស៊ីអាគ្នេយ៍ជាសមាជិកស៊ីហ្គេមទាំងអស់ ហើយគណៈកម្មាធិការជាតិទាំងនោះនឹងធ្វើកិច្ចការផ្សព្វផ្សាយនេះជាមួយស្ថានីយទូរទស្សន៍របស់គេរៀងៗខ្លួន។ នៅពេលមានតម្លៃហើយនោះ គេយកមកចរចាជាមួយម្ចាស់ផ្ទះស៊ីហ្គេមកម្ពុជា។ «ដូច្នេះកម្ពុជាមិនមែនជាអ្នកកំណត់តម្លៃនោះទេ។ ដូច្នេះសូមមតិសាធារណជនកុំយល់ច្រឡំលើបញ្ហានេះថាកម្ពុជាជាអ្នកកំណត់តម្លៃលើការទិញ-លក់សិទ្ធិទូរទស្សន៍»។ នេះជាការអះអាងបន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។

ឯកឧត្តមអគ្គលេខាធិការបានអះអាងទៀតថា វាមិនមានអ្វីចម្លែកទេ ដែលសារព័ត៌មានថៃថាវាជារឿងចម្លែក ដែលស៊ីហ្គេម កន្លងមកមិនដែលធ្លាប់លក់សិទ្ធិទូរទស្សន៍បែបនេះ។ កម្ពុជាតែងតែធ្វើការងារស្របទៅតាមស្តង់ដារនៃការប្រកួតកីឡាស៊ីហ្គេម ក្នុងឆន្ទៈឱ្យមានគុណភាពខ្ពស់ ជាពិសេសលើការផ្សព្វផ្សាយចំពោះការប្រកួតកីឡា ហើយកម្ពុជាអនុវត្តន៍ទៅតាមផ្លូវច្បាប់ច្បាស់លាស់ ក្នុងការលក់សិទ្ធិទូរទស្សន៍ ដោយក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍បានផ្តល់សិទ្ធិនេះជូនដល់ម្ចាស់ផ្ទះកម្ពុជា។

បន្ថែមពីលើនេះ ឯកឧត្តម វ៉ាត់ ចំរើន បានអះអាងទៀតថា យោងតាមស្មារតីឯកភាពគ្នាជាឯកច្ឆ័នក្នុងអាស៊ីអាគ្នេយ៍មិនមានប្រទេសជាសមាជិកណាមួយបានជំទាស់លើការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍របស់ម្ចាស់ផ្ទះកម្ពុជា នោះទេ ជាក់ស្តែងគឺនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលកម្ពុជាបានធ្វើម្ចាស់ផ្ទះ កាលពីឆ្នាំ២០២២កន្លងមក នៅសណ្ឋាគារសុខាភ្នំពេញ។ «ដូច្នេះនេះជាសិទ្ធិរបស់កម្ពុជា ហើយក៏របៀបរបបធ្វើការមួយ ក្នុងនាមជាប្រទេសគំរូល្អដល់ដំណើរការស៊ីហ្គេមក្រោយៗទៀត ខណៈកម្ពុជាទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបណ្តាប្រទេសទាំងអស់ក្នុងអាស៊ីអាគ្នេយ៍»។

បើតាមឯកឧត្តម វ៉ាត់ ចំរើន ជារួម គឺកម្ពុជាមិនបានកំណត់តម្លៃលក់សិទ្ធិទូរទស្សន៍ ដើម្បីឱ្យគេទិញនោះទេ ពោលគឺវាស្ថិតនៅលើការចរចារគ្នាទៅតាមទីផ្សារ។ ឯកឧត្តម បន្ថែមថា៖ «យើងឃើញថា ប្រទេសណាមួយដែលមានទីផ្សារធំ គឺចរចារក្នុងតម្លៃខ្ពស់ រីឯកប្រទេសណាដែលមានទីផ្សារតូច គឺនឹងចរចារពីតម្លៃតូច។ បើយើងកំណត់តម្លៃ គឺខុស ដោយវាស្ថិតនៅលើការចរចារគ្នា ដោយមិនមែនជាការកំណត់តម្លៃនោះទេ។ ដូច្នេះសូមបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិគួរយល់លើបញ្ហានេះឲ្យបានច្បាស់លាស់»៕ ដោយ៖ ហេង ណាលីន សម្រួលផ្សាយដោយ៖ ធូ កុសល

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.