ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក ជែក ស៊ុលលីវែន (Jake Sullivan) បាននិយាយថា សហរដ្ឋអាមេរិកជឿជាក់ថា វាមានសារៈសំខាន់ណាស់ក្នុងការរក្សាបណ្តាញទំនាក់ទំនងយោធាជាមួយប្រទេសចិន ដើម្បីធានាដល់ស្ថេរភាព។

លោក ស៊ុលលីវែន បាននិយាយក្នុងអំឡុងពេលនៃកិច្ចសម្ភាសន៍មួយនៅក្នុងកម្មវិធីព័ត៌មានមួយរបស់ទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យថា «យើងបាននិយាយម្តងហើយម្តងទៀតថា យើងចាំបាច់ត្រូវមានបណ្តាញទំនាក់ទំនងយោធាដើម្បីចៀសវាងការកើនឡើងនៃភាពតានតឹង ចៀសវាងការភ្ញាក់ផ្អើល ជៀសវាងការធ្វើខុស ហើយវាជារឿងអកុសលដែលក្រសួងការពារជាតិចិនបានបដិសេធមិនទទួលយកការហៅទូរស័ព្ទពីរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin)»។

លោកបានបញ្ជាក់ថា ទំនាក់ទំនងកម្រិតខ្ពស់ត្រូវបានរក្សាជាមួយប្រទេសចិន ហើយលោកបានរំលឹកថា លោក អេនតូនី ប្ល៊ីនខេន (Antony Blinken) រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានជជែកពិភាក្សាជាមួយលោក វ៉ាង យី (Wang Yi) ប្រធានការិយាល័យកិច្ចការបរទេសមជ្ឈឹមរបស់ប្រទេសចិន នៅឯសន្និសីទសន្តិសុខទីក្រុងមុយនិចកាលពីចុងសប្តាហ៍មុន។

កាលពីដើមសប្តាហ៍នេះ លោក អូស្ទីន បាននិយាយនៅក្នុងទូរទស្សន៍ស៊ីអិនអិនថា លោកមិនបាននិយាយទៅកាន់សមភាគីចិនរបស់លោកទេសម្រាប់រយៈពេលពីរបីខែនេះ ហើយលោកសង្ឃឹមថា លោក វៃ ហ្វេងហេ (Wei Fenghe) គ្រោងនឹងជជែកពិភាក្សាគ្នាតាមទូរស័ព្ទ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.