ធនាគារពិភពលោក បាននិយាយនៅក្នុងការវាយតម្លៃថ្មីមួយកាលពីថ្ងៃច័ន្ទថា ការរញ្ជួយដីដ៏ធំចំនួនពីរកាលពីពេលថ្មីៗនេះនៅប្រទេសតួកគី បណ្តាលឱ្យមានការខូចខាតដោយផ្ទាល់ប្រហែល ៣៤,២ប៊ីលានដុល្លារអាម៉េរិក ហើយការចំណាយទៅលើការកសាងឡើងវិញអាចមានចំនួនទ្វេដង។

ធនាគារពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងការប្រកាសចេញផ្សាយរបាយការណ៍ស្តីពីការវាយតម្លៃការខូចខាតពីការរញ្ជួយដីនៅតួកគីថា «ការរញ្ជួយដីដ៏ធំចំនួនពីរកាលពីថ្ងៃទី៦ ខែកុម្ភៈ បានធ្វើឱ្យមានការខូចខាតដោយផ្ទាល់ចំនួន ៣៤,២ប៊ីលានដុល្លារអាម៉េរិកនៅក្នុងប្រទេសតួកគី ដែលស្មើនឹង ៤% នៃ GDP កាលពីឆ្នាំ២០២១ របស់ប្រទេសនេះ»។

ធនាគារពិភពលោកបាននិយាយបន្ថែមថា ការរញ្ជួយដែលកំពុងកើតមានឡើងនោះនឹងបណ្តាលឱ្យមានការខូចខាតកាន់តែច្រើនបន្ថែមទៀត និងបង្កើនការចំណាយសរុបនៃការស្តារ និងការកសាងឡើងវិញ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា «របាយការណ៍នេះក៏ទទួលស្គាល់ផងដែរថា​ ការចំណាយនៃការស្តារ និងការកសាងឡើងវិញកាន់តែមានសក្តានុពលធំជាងទ្វេដង ហើយការខាតបង់ផលិតផលក្នុងស្រុកសរុបដែលទាក់ទងនឹងការរំខានដល់វិស័យសេដ្ឋកិច្ចក៏នឹងបន្ថែមដល់ការខាតបង់ដោយសារការរញ្ជួយដីនោះដែរ»។

របាយការណ៍នោះបានប៉ាន់ប្រមាណថា ប្រជាជនប្រមាណ ១,២៥លាននាក់គ្មានផ្ទះសម្បែងដោយសារតែការដួលរលំ ឬការខូចខាតអាគារ។ ការខូចខាតភាគភាគច្រើន ឬប្រហែល ៨១% នៃការខូចខាតសរុបដែលបានកើតឡើងនៅខេត្តហាតាយ (Hatay) ខេត្តកាហ៍រ៉ាម៉ាន់ម៉ារ៉ាស់ (Kahramanmaras) ខេត្តហ្កាហ្សៀនទេប (Gaziantep) ខេត្តម៉ាឡាតយ៉ា (Malatya) និងខេត្តអាឌីយ៉ាម៉ាន់ (Adiyaman) ដែលមានប្រជាជនសរុបរួមគ្នាចំនួន ៦,៤៥លាននាក់ ដែលស្មើនឹង ៧,៤%​នៃប្រជាជនសរុបរបស់ប្រទេសតួកគី។

កាលពីថ្ងៃទី៦ ខែកុម្ភៈ មានការរញ្ជួយដីដ៏ខ្លាំងចំនួនពីរដែលមានកម្រិត ៧,៧រ៉ិចទ័រ និង ៧,៦រ៉ិចទ័រ បានវាយប្រហារខេត្តកាហ៍រ៉ាម៉ាន់ម៉ារ៉ាស់នៅភាគអាគ្នេយ៍នៃប្រទេសតួកគី ដែលបានសម្លាប់មនុស្សជាង ៤៤.០០០នាក់ និងបំផ្លាញអគាររាប់ពាន់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.