ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា វិស័យទេសចរណ៍នូវតែជាចន្ទល់នៃកំណើនសេដ្ឋកិចក្ចជាតិដ៏សំខាន់មួយ ក្នុងខណៈដែលតាមការប៉ាន់ស្មានឆ្នាំ២០២៣ កម្ពុជាអាចនឹងទទួលបានទេសចរណ៍អន្តរជាតិ ប្រមាណ៤លាននាក់ និងទេសចរណ៍ជាតិប្រមាណ១៥លាននាក់នោះ។ ក្នុងពីធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធាន បទ«ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្ដល់ភាពកក់ក្ដៅ» អមជាមួយពីធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី៣ ដែលមានអ្នកចូលរួមមកពីស្ថាប័នពាក់ព័ន្ធ ប្រមាណជាង៧០០នាក់ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ភ្នំពេញ សម្ដេចតេជោបានថ្លែងថា ដើម្បីជំរុញដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាតឱ្យកាន់តែមានប្រសិទ្ធភាព ចូលរូមដល់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សម្ដេចតេជោបានលើកទឹកចិត្ត និងផ្ដល់នូវទស្សនៈមួយចំនួន ដែលក្នុងនោះរួមមាន ឈរលើស្មារតីនៃប្រធានបទទិវាជាតិទីក្រុងស្អាតឆ្នាំនេះ សម្ដេចបានប្រកាសដាក់ចេញនូវយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដើម្បីលើកម្ពស់កិត្តិនាមកម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក និងបង្កើនឧត្ដមភាព ប្រកួតប្រជែងទេសចរណ៍កម្ពុជា។
ជាពិសេសត្រូវជំរុញការចូលរួមយុទ្ធនាការ យើងជាម្ចាស់ផ្ទះ ដើម្បីអបអរសាទររៀបចំព្រឹត្តការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដោយរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈការបង្ហាញពីវប្បធម៌ ប្រពៃណី ម្ហូបអាហារ អត្តសញ្ញាណជាតិ ការស្វាគមន៍រួសរាយរាក់ទាក់ ការៀបចំតុបតែងភូមិដ្ឋាន ជាដើម នៅតាមមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនឱ្យបានល្អ។
សម្ដេចតេជោគូសបញ្ជាក់ថា ត្រូវបន្តជំរុញការអភិវឌ្ឍបៃតងនៅតាមបណ្ដាក្រុង ខណ្ឌ រាជធានី ទូទាំងប្រទេស ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ដោយត្រូវជំរុញការរៀបចំផែនការមេអភិវឌ្ឍទីក្រុង ដោយរួមបញ្ចូលទាំងទិដ្ឋភាពនគរូបនីយកម្ម ប្រជាសាស្ត្រ ទេសចរណ៍ បរិស្ថាន សេដ្ឋកិច្ច និងសង្គម។ បន្តអភិវឌ្ឍទីក្រុងស្អាត ផ្សារភ្ជាប់ និងទីក្រុងឆ្លាត ដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ភាពទាក់ទាញផ្នែកទេសចរណ៍ បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម ដើម្បីលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន ប្រកបដោយសុខុមាលភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ភាពធន់ និងផ្ដល់បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅ ចំពោះភ្ញៀវទេសចរណ៍អន្តរជាតិ ។ បន្តអភិវឌ្ឍន៍ទេសចរណ៍ជាក្រុងជាផ្នែកដ៏សំខាន់មួយនៃការចូលរួមដល់ការ ជំរុញពិពិធកម្មនៃវិស័យទេសចរណ៍កម្ពុជាដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ តាមរយៈការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ទីក្រុង ដែលមានលក្ខណៈសមាហរណកម្មជាមួយអន្តរវិស័យ និងការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយឆ្ពោះទៅការអភិវឌ្ឍទេសចរណ៍ឆ្លាតដូចជាកម្មវិធីទូរស័ព្ទទស្សនាទីក្រុង ជាដើម ។ ទន្ទឹមនេះដែរ ត្រូបន្តលើកកម្ពស់ការអភិវឌ្ឍទីក្រុងប្រកបដោយភាពធន់ បរិយាប័ណ្ណចីរភាពនិងបរិយាប័ន្ន និងលើកស្ទួយវិស័យទេសចរណ៍ជាការនាំចេញនៅនឹងកន្លែង តាមរយៈការបង្កើតអន្តរកម្មខ្សែច្រវ៉ាក់តម្លៃនៃវិស័យទេសចរណ៍ជាមួយវិស័យគាំទ្រពាក់ព័ន្ធជាពិសេសវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្មកែច្នៃច្នៃប្រឌិតនិងផលិតកម្មក្នុងស្រុក ដើម្បីលើកបង្កើនលទ្ធភាពនៃការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវគ្រប់ក្រសួង ស្ថាប័ន រដ្ឋាបាលថ្នាក់ក្រោមជាតិ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងប្រជាពលរដ្ឋគ្រប់រូប សូមគាំទ្រ និងចូលរួមអនុវត្តឱ្យបានសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវចលនាប្រឡងប្រណាំទីក្រុងស្អាត រមនីយដ្ឋានស្អាត សេវាល្អ បដិសសណ្ឋារកិច្ចល្អ ដើម្បីឱ្យក្លាយជាគោដៅទេសចរណ៍ប្រកបគុណភាព ចីរភាព ភាពស្អាត និងបៃតង ដែលមានការទាក់ទាញខ្ពស់ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សក្ដិសមជាកម្ពុជា »ព្រះរាជាណាចក្រកម្ពុជាអច្ឆិរយៈ» ផ្ដល់ភាពកក់ក្ដៅ៕