ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ពីស្រុកសំឡូត ខេត្តបាត់ដំបង កាត់តាមស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង សម្រេចការសាងសង់បាន ៥៦ភាគរយហើយៗនឹងសាងសង់ឱ្យបានរួចរាល់តាមផែនការដែលបានគ្រោងទុក។.ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គិតមកទល់បច្ចុប្បន្ន គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលមានប្រវែង ១៩៧គីឡូម៉ែត្រ លាតសន្ធឹងពីស្រុកសំឡូត នៃខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ បន្តរហូតដល់ខេត្តកោះកុង សម្រេចការសាងសង់បានជាង ៥៦%ហើយ ខណៈដែលយឺតជាងផែនការដែលបានគ្រោងទុកបន្តិចបន្តួចប៉ុណ្ណោះ។ ឯកឧត្តម បានបន្តថា ក្នុងដំណើរបំពេញបេសកកម្មនាឱកាសនេះ ក្រសួងក៏បានធ្វើតេស្តគុណភាពកម្រាស់ស្រទាប់គ្រឹះផ្លូវ នៅតាមកន្លែងមួយចំនួនហើយឃើញថា ក្រុមហ៊ុនធ្វើបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស តែទោះជាយ៉ាងណាក្រសួងក៏នឹងនៅតែបន្តតាមដានជាប់ជានិច្ច ដើម្បីធានាបានថាមិនមានភាពចន្លោះប្រហោង និងមានគុណភាពអាចប្រើប្រាស់បានយូរអង្វែង ដើម្បីធានាថាគុណភាពស្របទៅតាមលក្ខណៈបច្ចេកទេស និងបញ្ចប់ការស្ថាបនាតាមផែនការដែលបានគ្រោងទុក។  « មកដល់ម៉ោងនេះ គឺធ្វើបានជាង៥៦ភាគរយ ឬ ៥៧ភាគរយហើយ យឺតយ៉ាវបន្តិចប្រហែលជា១ភាគរយទេ អ៊ីចឹងមិនមានបញ្ហាអីថាយូរ ហួសពេលឬយឺតខ្លាំងនោះទេ ១ភាគរយ ក្រុមហ៊ុនអាចរៀបចំធ្វើឱ្យទាន់វិញផងដែរ »។ ឯកឧត្តម បានរំពឹងថា ក្រោយពីការសាងសង់ផ្លូវជាតិលេខ១០ ដែលបានតភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុងនេះរួចរាល់ នឹងជួយសម្រួលបានច្រើន ក្នុងការជួយដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញផ្សេងៗ តាមរយៈការកាត់បន្ថយលើការចំណាយពេលវេលា ចំណេញថវិកាបានច្រើន ដោយយើងអាចដឹកទំនិញបានពីខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ទៅកាន់ខេត្តកោះកុង ចុះទៅកំពង់ផែទឹកជ្រៅត្រង់តែម្តង ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់រាជធានីភ្នំពេញទៀតនោះទេ។ គួររម្លឹកដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៧គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរ ស្រទាប់ (DBST) សាងសង់ស្ពានចំនួន២៨កន្លែងប្រវែង ១.៧២១,៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.