ប្រទេសចិន និងហុងគ្រីបានព្រមព្រៀងគ្នាដើម្បីបន្តពង្រឹងទំនាក់ទំនងមិត្តភាពរបស់ពួកគេ និងជំរុញឱ្យមានការរីកចម្រើនបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ។​ការឯកភាពគ្នានេះត្រូវបានសម្រេចនៅក្នុងជំនួបរវាងលោក វ៉ាង យី (Wang Yi) ប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក ភីធ័រ ហ្ស៊ីជចាតូ (Peter Szijjarto) នៅទីក្រុងបូដាប៉េស ។​

លោក វ៉ាង បាននិយាយថា ឆ្នាំនេះ គឺជាខួបលើកទី២០ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន ជាមួយសហភាពអឺរ៉ុប (EU) ដោយលោកបានកត់សម្គាល់ថា ប្រទេសចិន និងអឺរ៉ុបមិនដែលជាគូប្រជែងឡើយ ហើយផលប្រយោជន៍រួមរបស់ពួកគេមានលើសពីភាពខុសគ្នារបស់ពួកគេ។​

លោកបាននិយាយថា កិច្ចសហប្រតិបត្តិការរបស់ប្រទេសចិនជាមួយហុងគ្រី និងជាមួយបណ្តាប្រទេសផ្សេងទៀតនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត និងជាមួយអឺរ៉ុបទាំងមូល អាចសម្រេចបាននូវអន្តរកម្មប្រកបដោយភាពទន់ភ្លន់ និងបើកចំហរបន្ថែមទៀតសម្រាប់ការអភិវឌ្ឍ។

ដោយថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានរួមបញ្ចូលប្រទេសហុងគ្រីទៅក្នុងចំណោមគោលដៅដំបូងសម្រាប់ការធ្វើដំណើរជាក្រុមរបស់អ្នកទេសចរទៅក្រៅប្រទេស លោក ហ្ស៊ីជចាតូ បាននិយាយថា លោកទន្ទឹងរង់ចាំការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេសចិនក្នុងវិស័យមួយចំនួន ដូចជាវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការវិនិយោគទៅវិញទៅមក និងកសិកម្មជាដើម។

លោក ហ្ស៊ីជចាតូ បានវាយតម្លៃខ្ពស់ចំពោះគោលបំណង និងគោលជំហរត្រឹមត្រូវរបស់ប្រទេសចិនទៅលើបញ្ហានេះ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ខ្លួនក្នុងការលើកកម្ពស់កិច្ចចរចាសន្តិភាព៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.