លោកជំទាវ Gabriele KATZMAREK ប្រធានក្រុមសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានមានប្រសាសន៍ សម្ដែងនូវការគោរពជូនសម្ដេចតេជោ ហ៊ុន សែន ចំពោះជំហររបស់កម្ពុជាកន្លងមក លើការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុក្រែន។ នេះបើតាមការឱ្យដឹងរបស់ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ហ្កាប្រីអែល កាតស្មារ៉ែក (Mrs. Gabriele KATZMAREK) ប្រធានក្រុមសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ លោកជំទាវGabriele សូមសម្ដែងនូវការគោរពជូនសម្ដេចតេជោ ចំពោះជំហររបស់កម្ពុជាកន្លងមកលើការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុក្រែន និងបានជម្រាបជូនសម្ដេចតេជោថា លោកជំទាវបានមកកាន់ព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ២០០៩ ហើយនៅពេលនេះ លោកជំទាវបានសង្កេតឃើញថា មានការផ្លាស់ប្ដូរច្រើន កម្ពុជាមានសេដ្ឋកិច្ចល្អ និងមានការអភវឌ្ឍគ្រប់ទីកន្លែង ។ជាពិសេសទៀតនោះ ប្រជាជនកម្ពុជាបានទទួលផ្លែផ្កានៃកំណើនសេដ្ឋកិច្ចគ្រប់ៗគ្នា។ លោកជំទាវ Gabriele ក៏បានសម្ដែងនូវការរីករាយ និងការគោរពជូនចំពោះសម្ដេចតេជោ ហើយបានមានប្រសាសន៍បញ្ជាក់ថា គោលដៅរបស់លោកជំទាវមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីស្វែងរកដៃគូកិច្ចសហប្រតិបត្តិការ ដែលអាចទុកចិត្តគ្នាបាន និងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអឺរ៉ុប និងអាស៊ាន ជាពិសេសនៅពេលដែលពិភពលោកកំពុងជួបនិងវិបត្តិ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានជម្រាបជូន លោកជំទាវ Gabriele ថា ចំពោះករណីរុស្ស៊ីឈ្លានពានអ៊ុយក្រែន កម្ពុជាមានគោលជំហរច្បាស់លាស់ នោះគឺរក្សាសណ្ដាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់។ សម្ដេចតេជោបានស្វាគមន៍ ជាមួយគោលដៅរបស់លោកជំទាវ Gabriele ហើយបានជម្រាបជូនលោកជំទាវថា សហគមន៍អាស៊ាន ជាសហគមន៍មួយ ដែលអនុវត្តន៍សេចក្ដីសម្រេចតាមរយៈកុងសង់ស៊ីស ក្នុងន័យនេះ ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ាន និងអឺរ៉ុប ឱ្យទទួលបានជោគជ័យនោះ ត្រូវមើលសហគមន៍អាស៊ានទាំងមូល មិនត្រូវមើលប្រទេសនីមួយៗនៅក្នុងសហគមន៍អាស៊ានដោយឡែកពីគ្នាទេ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.