ក្រសួងទេសចរណ៍រំពឹងថា នឹងទទួលបានជើងហោះហើរត្រង់ចូលមកកាន់ខេត្ត សៀមរាបចាប់ពីខែមីនា បន្ទាប់ពីកម្ពុជាបន្តទទួលបានជើងហោះហើរត្រង់ជាបន្តបន្ទាប់ចូល មកកាន់រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្រោយការប្រកាសបើកប្រទេសចិនឡើងវិញ។

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សុខសង្វារ អនុរដ្ឋលេខា ធិការក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពី ការត្រៀមទទួលភ្ញៀវទេសចរចិន (China Ready) ដោយមានការចូលរួមដោយ លោក យុន លីនណេ អភិបាលរងនៃ គណៈអភិបាលខេត្តសៀមរាប តំណាងអាជ្ញាធរជាតិអប្សរា តំណាងគ្រឹះស្ថានអង្គរ មន្ទីរទេសចរណ៍ខេត្តសៀមរាប និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាបផងដែរ។

ឯកឧត្ដម សុខ សង្វារ បានលើកឡើងថា ក្រោយប្រទេសចិនប្រកាស បើកប្រទេសឡើងវិញ កម្ពុជាបន្តទទួលបានជើងហោះហើរត្រង់ជាបន្តបន្ទាប់ពីគោលដៅ ប្រទេសចិនចូលមកកាន់កម្ពុជា ជាពិសេសរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ដោយឡែកខេត្តសៀមរាបពុំទាន់មានជើងហោះហើរត្រង់ពីប្រទេសចិននៅឡើយនោះទេ។

ឯកឧត្តមបានបន្តថា ចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ តទៅ អាចរំពឹងថា នឹងមានជើងហោះហើរត្រង់ចូលមកខេត្តសៀមរាបជាបន្តបន្ទាប់។ ប៉ុន្តែទោះបីជាយ៉ាងណា កិច្ចការទាំងនេះ ទាមទារឱ្យមានការត្រៀមខ្លួនក្នុងការពង្រឹងគុណភាពសេវាកម្មឱ្យស្រប តាមតម្រូវការរបស់ទេសចរចិន និងការកំណត់នានាដែលមានចែងក្នុងសៀវភៅស្តីពី China Ready សម្រាប់ទេសចរកម្ពុជា ដែលបានដាក់ឱ្យអនុវត្តន៍ ដោយក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។

ឯកឧត្តមបានបន្ថែមទៀតថា ក្រសួងទេសចរណ៍ ទទួលបានការអនុញ្ញាតជាផ្លូវការ ពីរាជរដ្ឋាភិបាលក្នុងការបញ្ចុះតម្លៃតេស្ដ PCR សម្រាប់ទេសចរចិនពី១៣០ដុល្លារ មកត្រឹម ៥០ដុល្លារវិញ។ ដូច្នេះក្រសួងទេសចរណ៍នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ មូលដ្ឋាន និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបង្កើន ភាពទាក់ទាញទេសចរចិនមកកម្សាន្តគោលដៅទេសចរណ៍វប្បធម៌ខេត្ត សៀមរាប ឱ្យបានច្រើន។

នៅក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ជាពី ៣-៤លាននាក់ ដែលរួមមានភ្ញៀវទេសចរចិនប្រហែលជា ៨០ម៉ឺន ទៅ ១លាននាក់។ បន្ថែមពីនេះ កម្ពុជាក៏រំពឹងថាភ្ញៀវទេសចរចិនប្រមាណជាជិត៣០ភាគរយ នៃភ្ញៀវទេសចរ ចិនសរុប នឹងមកទស្សនាខេត្តសៀមរាប ខណៈដែលឆ្នាំ២០២២ ខេត្តសៀមរាប ទទួលបាន ទេសចរចិន ១៨ ៧៦៣នាក់ កើនឡើង ២៣៧.១៦ភាគរយ ធៀបនឹងឆ្នាំ២០២១ ដែលឈរនៅ លំដាប់ទីផ្សារអាទិភាពទី៤ ក្នុងខេត្តសៀមរាប៕

ក្រសួង៖ ក្រសួងព័ត៌មាន

Share.

Comments are closed.