ព្រឹត្តិការណ៍កីឡាហែលទឹកលំដាប់ពិភពលោក ឆ្នាំ២០២៥ (2025 World Aquatics Championships) នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី, នេះបើតាមការប្រកាស ពីសហព័ន្ធកីឡាហែលទឹកពិភពលោក ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

ទីក្រុង Kazan របស់រុស្ស៊ី បានឈ្នះការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ក្នុងឆ្នាំ២០២៥, ប៉ុន្តែដោយសារតែទណ្ឌកម្មអន្តរជាតិ បានដាក់លើរុស្ស៊ីនោះ, សិង្ហបុរី ត្រូវបានសម្រេចដាក់ឲ្យជំនួសក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។

ជាមួយនឹងកាលបរិច្ឆេទច្បាស់លាស់ នឹងត្រូវកំណត់នៅពេលខាងមុខនោះ, អត្តពលិកជាង ២,៥០០នាក់ត្រូវបានគេរំពឹងថា នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ក្នុងឆ្នាំ២០២៥ តំណាងសហព័ន្ធជាសមាជិកចំនួន២០៩ របស់សហព័ន្ធកីឡាហែលទឹកពិភពលោក។

ទីក្រុង Fukuoka របស់ជប៉ុន នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Aquatics Championships លើកទី២០ ក្នុងខែកក្កដា ឆ្នាំនេះ។ ព្រឹត្តិការណ៍នេះ ដំបូងឡើយក៏គ្រោងធ្វើឡើង ក្នុងឆ្នាំ២០២១ ប៉ុន្តែត្រូវបានពន្យារពេលចំនួន ២លើកដោយសារតែការរាតត្បាត ពីជំងឺកូវីដ-១៩ និងការរឹតបន្តឹងលើការធ្វើដំណើរ។

ដោយឡែក ព្រឹត្តិការណ៍ World Championships លើកទី២១ ដែលដំបូងឡើយគ្រោងនឹងធ្វើឡើង នារដូវក្តៅឆ្នាំ២០២៣នេះនោះ ត្រូវបានរៀបចំកាលបរិច្ឆេទឡើងវិញ ដោយត្រូវធ្វើឡើងនៅទីក្រុងដូហា ប្រទេសកាតា នៅខែកុម្ភៈ ឆ្នាំ២០២៤ជំនួសវិញ៕

ប្រភព៖ Fresh News

Share.

Comments are closed.