នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណប្រតិភូជាន់ខ្ពស់ធ្វើដំណើរតាមយន្តហោះពិសេស រយៈពេលប្រមាណជា ៤ម៉ោង និង១៥នាទី ដើម្បីធ្វើដំណើរទៅបំពេញទស្សនកិច្ចជាថ្មីនៅសាធារណរដ្ឋប្រជាមានិតចិន ដែលជាការបើកទំព័រទំនាក់ទំនងមិត្តភាព និងសហភាតរភាពថ្មី ឈានទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍នានារបស់ប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចផ្លូវការជាថ្មី របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី០៩ ដល់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ គឺជាការបើកទំព័រថ្មីនៃទំនាក់ទំនងការទូត និងមិត្តភាព ក៏ដូចជាបង្ហាញយ៉ាងពេញលេញនូវកម្រិតខ្ពស់នៃទំនាក់ទំនង កម្ពុជា-ចិន ដែលគេជឿជាក់ថា ប្រទេសទាំងពីរនឹងដើរតួជាគំរូមួយនៅក្នុងតំបន់ ហើយនឹងជួយជំរុញនូវផែនការអភិវឌ្ឍន៍របស់អាស៊ានបន្ថែមទៀត។

កាលពីដើមសប្តាហ៍ នៅមុនដំណើរទស្សនកិច្ចនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន គឺជាមិត្តដ៏ល្អរបស់ប្រជាជនចិន ក៏ដូចជាមេដឹកនាំបរទេសដំបូងគេដែលប្រទេសចិនបានបើកទ្វារទទួល បន្ទាប់ពីបុណ្យចូលឆ្នាំចិន។

លោកស្រី ក៏បានមានប្រសាសន៍ដែរថា មេដឹកនាំចិននឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចនេះ ដើម្បីផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួម។

លោកស្រីបានបញ្ជាក់យ៉ាងច្បាស់ថា “ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំប្រទេសទាំងពីរ ការកសាងសហគមន៍ចិន-កម្ពុជាជាមួយនឹងអនាគតរួមគ្នា បានផ្តល់លទ្ធផលជាផ្លែផ្កាជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងពីរ និងរួមចំណែកដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ និងលើសពីនេះទៅទៀត”។

ទំនាក់ទំនង និងភាពជិតស្និតដែលមិនអាចកាត់ផ្តាច់បានរវាងកម្ពុជា និងចិន គឺស្តែងតាំងពី ដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលរបស់សម្តេច កាលពីឆ្នាំ២០២០ អំឡុងពេលផ្ទុះមេរោគកូវីដ-១៩ខ្លាំងបំផុតនៅចិន ហើយបីឆ្នាំមកនេះ មិត្តភាពរវាងកម្ពុជា និងចិន កាន់តែមានភាពរឹងមាំខ្លាំង ហើយកិច្ចសហប្រតិបត្តិការជារួមបានឈានចូលដំណាក់កាលកាន់តែចាស់ទុំ។

ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា មានឯកសារប្រមាណជា ១២ នឹងត្រូវចុះហត្ថលេខា ដែលឯកសារទាំងនោះពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការទាំងខាងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងវិស័យមួយចំនួនទៀតផងដែរ។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ មុនគណៈប្រតិភូចេញដំណើរទៅកាន់ប្រទេសចិន ឯកឧត្ដម បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច គឺមានការផ្ដល់ហិរញ្ញប្បទាន ក្នុងនោះក៏មានជាជំនួយឥតសំណង និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើនទៀត ប៉ុន្តែឯកឧត្តមមិនបានបញ្ជាក់លំអិតនៅឡើយទេ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ នឹងជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម លី ចានស៊ូ (Li Zhanshu) ប្រធានសភាតំណាងប្រជាជនចិន ហើយក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួម ក្នុងតំបន់ និងអន្តរជាតិ។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ មួយចំនួនផងដែរ។

ប្រភពដដែលបញ្ជាក់យ៉ាងច្បាស់ថាដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ នាពេលនេះ នឹងផ្ដល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។

តាមការចុះផ្សាយរបស់កាសែតគ្លូបលថែម ដែលជាសារព័ត៌មានជាភាសាអង់គ្លេសចិន មួយ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះនឹងផ្តោតលើការកសាងបណ្តាញផ្លូវដែកឆ្លងកាត់អាស៊ីមួយ ដើម្បីជំរុញការតភ្ជាប់រួមនៅតំបន់អាស៊ីអាគ្នេយ៍ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ ប្រភពដដែលបានបន្តថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនក៏ជាកិច្ចការដែលកម្ពុជា និង ចិនកំពុងតែយកចិត្តទុកដាក់ ខណៈដែលក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ របស់ប្រទេសចិន បានព្រមព្រៀងបន្តកិច្ចសហប្រតិបត្តិការលើចំណុចនេះ ដោយរួមទាំងល្បែងស៊ីសងតាមអ៊ីនធឺណិតខុសច្បាប់ និងការជួញដូរគ្រឿងញៀន ជាដើម។

ក្រៅពីនេះ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក៏ជាឱកាសមួយពូនជ្រុំ និងស្រោចទឹក ដើម្បីជំរុញឱ្យមានវឌ្ឍនភាពកាន់តែច្រើនក្នុងការកសាងសហគមន៍កម្ពុជា-ចិន ជាមួយនឹងអនាគតរួមគ្នា និងដើម្បីបន្តទំនាក់ទំនងមិត្តភាពរបស់ប្រទេសទាំងពីរ ពីមួយជំនាន់ទៅមួយជំនាន់។

សរុបមកវិញ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ គឺជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ដែលនឹងនាំមកនូវគុណប្រយោជន៍ និងគុណតម្លៃ ដល់ការ អភិវឌ្ឍតំបន់អាស៊ានទាំងមូល ទាក់ទងនឹងការកសាងស្ថាប័ន ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ដូចជាការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងការកំណត់ទិសដៅសម្រាប់ទំនាក់ទំនងកម្ពុជា និងចិន នាពេលអនាគត៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.