ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ស្នើឱ្យជប៉ុនជួយគាំទ្រដំណើរការស៊ីហ្គេមរបស់កម្ពុជា តាមរយៈលើកទឹកចិត្តឱ្យមានអ្នកមកទស្សនា និងរៀបចំឱ្យមានហោះហើរត្រង់មកកាន់កម្ពុជា។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាពថ្មី របស់ប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ ឯកឧត្ដម Atsushi បានសម្ដែងនូវការគោរពចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការបាត់បង់ប្អូនស្រីរបស់សម្ដេចតេជោ និងសូមឱ្យវិញ្ញាណក្ខន្ធរបស់គាត់បានទៅកាន់សុខគតិភព។ ឯកឧត្ដម Atsushi បានជម្រាបជូនសម្ដេចតេជោថា ឯកឧត្ដមបានមកកាន់កម្ពុជាកាលពីឆ្នាំ១៩៩២ ហើយនៅពេលនេះកម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំង មានស្ថេរភាព និងមានសន្តិភាព។ ក្នុងន័យនេះ ឯកឧត្ដមសូមសម្ដែងនូវការគោរពជូនសម្ដេចតេជោ ចំពោះភាពជាអ្នកដឹកនាំជាទីគោរព។ ឯកឧត្ដម ក៏បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោផងដែរ ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងភាពជាប្រធានអាស៊ានទទួលបានជោគជ័យ។

ឯកឧត្ដមឯកអគ្គរាជទូតបានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ គឺល្អជាទីបំផុតនៅពេលនេះ។ ឯកឧត្ដមពិតជាមានកិត្កិយសណាស់ដែលបានមកបម្រើការងារជាអ្នកការទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្ដមបានប្ដេជ្ញានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីពង្រីកពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-ជប៉ុនឱ្យកាន់តែរឹងមាំថែមទៀត តាមរយៈជំរុញអ្នកវិនិយោគមកកាន់កម្ពុជា ជំរុញទេសចរណ៍មកកម្ពុជា និងជួយគាំទ្រកម្ពុជាលើរៀបចំដំណើរការកីឡាស៊ីហ្គេម ការបោះឆ្នោតនាខែកក្កដាខាមុខ ការងារដោះមីន កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការងារដទៃទៀត។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ UENO Atsushi ដែលត្រូវបានតែតាំងជាឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាពថ្មី របស់ប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណចំពោះជូនចំពោះឯកឧត្ដម Atsushi ចំពោះការចូលរួមរំលែកមរណៈទុក្ខ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណ និងយល់ស្របជាមួយជាមួយការលើកឡើងរបស់ ឯកឧត្ដម Atsushi អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាមួយនិងការប្ដេជ្ញាចិត្តរបស់ឯកឧត្ដមជួយដល់កម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា ជប៉ុនអាចជួយគាំទ្រដំណើរការស៊ីហ្គេមរបស់កម្ពុជា តាមរយៈលើកទឹកចិត្តឱ្យមានអ្នកមកទស្សនា និងរៀបចំឱ្យមានហោះហើរត្រង់មកកាន់កម្ពុជា។

ដោឡែកលើវិស័យសេដ្ឋកិច្ចនិងវិនិយោគ សម្ដេចតេជោបានស្នើឱ្យឯកឧត្ដមឯកអគ្គរាជទូត ជួយជំរុញកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជួយជំរុញឱ្យអ្នកវិនិយោគមកកាន់កម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.