គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ក្រសួងការពារជាតិអ៊ុយក្រែនកំពុងស្ថិតភាពច្របូកច្របល់នៅឡើយ ជុំវិញការដកតំណែងរដ្ឋមន្ត្រីការពារជាតិ ស្របពេលកំពុងត្រៀមលក្ខណៈទប់ទល់នឹងការវាយលុករបស់រុស្ស៊ី ដែលអាចកើតមាន។

ការប្រកាសដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក អូឡេស៉ីក រ៉េសនីកូវ (Oleksii Reznikov) គឺជាសញ្ញានៃភាពមិនចុះសម្រុងគ្នាយ៉ាងធ្ងន់ធ្ងរលើការដឹកនាំ កំលុងពេលមានសង្គ្រាមនៅអ៊ុយក្រែន។ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រកាសដកតំណែង លោក រ៉េសនីកូវ បានត្រឡប់ចូលជួរវិញ ដោយនិយាយថាគ្មានការផ្លាស់ប្តូរណាមួយត្រូវបានធ្វើឡើង ក្នុងសប្តាហ៍នេះទេ។

ភាពច្របូកច្របល់នេះបានកើតឡើងរយៈពេលពីរសប្តាហ៍មកហើយ។ ទន្ទឹមនឹងនេះដែរ កងកម្លាំងរុស្ស៊ីបានឈានទៅមុខជាលើកដំបូង ក្នុងរយៈពេល៦ខែនៃការប្រយុទ្ធគ្នាឥតឈប់ឈរ នៅឯតំបន់ភាគខាងកើត។ បើតាមមន្ត្រីក្នុងតំបន់មួយរូប ទីក្រុងមូស្គូកំពុងដាក់កម្លាំងបន្ថែមសម្រាប់ការវាយលុកថ្មី ដែលអាចនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា លោក ដេវីដ អារ៉ាខាមៀ (David Arakhamia) សមាជិកសភាមកពីគណបក្សរបស់លោក ហ្សេលេនស្គី បាននិយាយថា ប្រមុខចារកម្មអ៊ុយក្រែន អាយុ ៣៧ឆ្នាំ លោក គីរីឡូ ប៊ូដានូវ (Kyrylo Budanov) អាចនឹងជំនួស លោក រ៉េសនីកូវ ដែលត្រូវក្លាយទៅជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិញ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ផ្លូវការណាមួយពីលោក ហ្សេលេនស្គី នោះទេ៕

ប្រភព៖ Fresh News

Share.

Comments are closed.