ដើម្បីរួមចំណែកធ្វើទំនើបកម្មស្ថាប័នរដ្ឋប្រកបដោយបរិយាបន្ន សមធម៌ និងយុត្តិធម៌ ក្នុងសង្គម ក្រសួងយុត្តិធម៌ បានដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រ ថ្កោលទោសតាមប្រព័ន្ធឌីជីថល ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះតទៅ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងយុត្តិធម៌កាលពីពេលថ្មីៗកន្លងមកនេះ បានបញ្ជាក់ថា ដើម្បីរួមចំណែកធ្វើទំនើបកម្មស្ថាប័នរដ្ឋ ប្រកបដោយបរិយាបន្ន សមធម៌ និងយុត្តិធម៌ ដែលជាយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងយុត្តធម៌ បាន និងកំពុងធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់ នូវសេវាឆាប់រហ័ស និងភាពងាយស្រួល ជូនដល់សាធារណជន ដែលមានតម្រូវការស្នើ សុំព្រឹត្តិបត្រថ្កោលទោស ដោយក្រសួងយុត្តិធម៌នឹងដាក់ឱ្យដំណើរការ សាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះតទៅ»។

ក្រសួងបន្ដថា ការដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោល ទោសតាមប្រព័ន្ធឌីជីថលនេះ នឹងផ្តល់ភាពងាយស្រួលដល់សាធារណជន ដែលមានតម្រូវ ការស្នើសុំព្រឹត្តិបត្រថ្កោលទោស ឱ្យទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ និងព័ត៌មានអំពី តម្រូវការឯកសារនានា ជាពិសេសសាធារណជនអាចបំពេញពាក្យស្នើសុំព្រឹត្តិបត្រថ្កោល ទោសពីចម្ងាយ តាមរយៈ កុំព្យូទ័រ ឬទូរស័ព្ទដៃ រួចផ្ញើមកកាន់នាយកដ្ឋានកិច្ចការ ថ្កោលទោសជាមុន បន្ទាប់មកអតិថិជនគ្រាន់តែអញ្ជើញមកកាន់នាយកដ្ឋាន កិច្ចការ ថ្កោលទោស ដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួន ដើម្បីផ្តិតមេដៃ និងបង់ប្រាក់ជាការស្រេច។

ក្រសួងបន្ថែមថា ដើម្បីប្រើប្រាស់សេវាព្រឹត្តិបត្រថ្កោលទោសឌីជីថលនេះ គឺតម្រូវឱ្យ សាធារណជន ចូលទៅកាន់គេហទំព័ររបស់ក្រសួងយុត្តិធម៌ (https://cr.moj.gov.kh/) ឬ ទាញយកកម្មវិធីដែលមានឈ្មោះថា (CR-MOJ) ពី APP Store សម្រាប់ប្រព័ន្ធ IOS ឬពី PLAY_Store សម្រាប់ប្រព័ន្ធ Android ដោយអនុវត្តន៍តាមការណែនាំ និងរបៀបប្រើប្រាស់ ដូចបានភ្ជាប់ជូននៅក្នុងកម្មវិធីនេះ។

ក្រសួងយុត្តិធម៌បានឱ្យដឹងទៀតថា ទន្ទឹមនឹងការដាក់ឱ្យដំណើរការសាកល្បងនេះ សាធារណជន នៅតែអាចអញ្ជើញមកបំពេញបែបបទស្នើសុំព្រឹត្តិបត្រថ្កោលទោសដោយផ្ទាល់ នៅនាយកដ្ឋានកិច្ចការថ្កោលទោសនៃក្រសួងយុត្តិធម៌ ដូចបានអនុវត្តន៍កន្លងមក ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.