នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ប្រមុខការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាក្នុងការពង្រីកសមយុទ្ធយោធារួមគ្នា ចំពេលដែលកំពុងមានការបង្កហេតុកាន់តេខ្លាំងឡើងពីកូរ៉េខាងជើង។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក លី ជុងស៊ុប និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយដ៍ អូស្ទីន ក៏បានព្រមព្រៀងគ្នាផងដែរក្នុងការបន្តចាត់វិធានការឱ្យបានកាន់តែខ្លាំងក្លាប្រឆាំងនឹងការបង្កហេតុរបស់កូរ៉េខាងជើង។

សេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយក្រសួងការពារជាតិសហរដ្ឋអាមេរិកនោះបាននិយាយថា «មេដឹកនាំទាំងពីរក៏បានសន្យាថានឹងពង្រីក និងជំរុញបន្ថែមទៀតទាំងកម្រិត និងទំហំនៃសមយុទ្ធ ព្រមទាំងការហ្វឹកហ្វឺនរួមគ្នានៅក្នុងឆ្នាំនេះ»។

សេចក្តីថ្លែងការណ៍នោះបាននិយាយបន្ថែមថា «ចំពោះបញ្ហានេះ មេដឹកនាំទាំងពីរបានឯកភាពគ្នាទៅលើតម្រូវការក្នុងការគិតគូរអំពីការផ្លាស់ប្តូរបរិយាកាសសន្តិសុខ រួមទាំងជំហានថ្មីៗរបស់កូរ៉េខាងជើងទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីល ដើម្បីពង្រឹងសមយុទ្ធ និងការហ្វឹកហ្វឺនរួមគ្នា រួមទាំងសមយុទ្ធទ្វេភាគីរួមគ្នានាពេលខាងមុខនេះផងដែរ»។

លោក លី និងលោក អូស្ទីន បានបើកកិច្ចប្រជុំទ្វេភាគីនៅទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារ (ម៉ោងនៅទីក្រុងសេអ៊ូល)។ ប្រមុខការពារជាតិសហរដ្ឋអាមេរិកកំពុងធ្វើទស្សនកិច្ចនៅក្នុងតំបន់ដោយលោកនឹងបន្តដំណើរទៅប្រទេសហ្វីលីពីនទៀត។

កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលផ្លោងចំនួន ៦៩គ្រាប់ រួមទាំងគ្រាប់មីស៊ីលផ្លោងអន្តរទ្វីបចំនួន ៨គ្រាប់កាលពីក្នុងឆ្នាំ២០២២ ដែលជាកំណត់ត្រាប្រចាំឆ្នាំថ្មីដែលលើសពីកំណត់ត្រាមុនៗនៃការបាញ់គ្រាប់មីស៊ីលចំនួនត្រឹមតែ ២៥គ្រាប់ប៉ុណ្ណោះក្នុងមួយឆ្នាំ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.