កាលពីថ្ងៃអង្គារលោក Joe Biden ប្រធានាធិបតីអាមេរិកបាននិយាយថា លោកនឹងពិភាក្សាលើសំណើចុងក្រោយបង្អស់របស់អ៊ុយក្រែន សម្រាប់អាវុធទំនើប ដើម្បីការពារប្រឆាំងនឹងរុស្ស៊ីជាមួយលោក Volodymyr Zelenskyy ប្រធានាធិបតី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែកុម្ភ:។

លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅពេលព្រឹកបន្ទាប់ពីលោកបានឆ្លើយដោយសង្កត់ធ្ងន់ថា “ទេ” នៅពេលសួរនៅសេតវិមានថាតើលោកពេញចិត្តក្នុងការបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែនដែរឬទេ។

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតដល់អ៊ុយក្រែន ដែលការឈ្លានពានរបស់រុស្ស៊ីឥឡូវនេះកំពុងខិតជិតដល់រយៈពេលមួយឆ្នាំហើយ។

សម្ព័ន្ធនៃបណ្តាប្រទេសលោកខាងលិចផ្សេងទៀតក៏កំពុងបញ្ជូនអាវុធផងដែរ ចាប់ពីកាំភ្លើងរហូតដល់រថពាសដែក និងកាំភ្លើងធំ។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសាររុស្ស៊ីមិនបង្ហាញសញ្ញានៃការបណ្តោយខ្លួនក្នុងការបំផ្លាញប្រទេសជិតខាងអ៊ុយក្រែន លោក Zelenskyy បាននិងកំពុងចេញការអំពាវនាវឱ្យមានអាវុធដ៏មានឥទ្ធិពល និងទំនើបជាងមុន។

 ថ្មីៗនេះ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានព្រមព្រៀងគ្នាក្នុងការបញ្ជូនរថក្រោះទំនើបៗ ទៅតាមការដឹកនាំមុនរបស់អង់គ្លេស។ ពេលនេះអ៊ុយក្រែនកំពុងដាក់សម្ពាធលើយន្តហោះចម្បាំង និងមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ដល់គោលដៅរបស់រុស្ស៊ី។

កាលពីថ្ងៃអង្គារ លោក Wojciech Skurkiewicz អនុរដ្ឋមន្ត្រីការពារជាតិប៉ូឡូញបានប្រាប់ AFP ថា ប្រទេសប៉ូឡូញ ដែលជាតួអង្គសំខាន់នៅក្នុងសម្ព័ន្ធលោកខាង លិច បច្ចុប្បន្នមិនមាន “ការពិភាក្សាផ្លូវការ” លើការផ្ទេរយន្តហោះចម្បាំង F-16 របស់ខ្លួនទៅអ៊ុយក្រែននោះទេ៕

ប្រភព៖ ក្រសួងព័ត៌មាន


Share.

Comments are closed.